យ៉ង់ គឹមអេង សរសើរប្អូនស្រី ហ៊ុន សែន ដែលលាលែងពីតំណែង ថាជា«គំរូល្អ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 05, 2014
- ប្រធានបទ: តំណែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គីមអេង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានការកោតសរសើរ ចំពោះភាពស្មោះត្រង់របស់លោកស្រី ហ៊ុន ស៊ីណាត មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលាលែងពីតំណែងក្នុងជួររដ្ឋាភិបាល ដោយលោកចាត់ទុកថា នេះជាការទទួលខុសត្រូវមួយយ៉ាងធំ របស់អ្នកនយោបាយ។
ការថ្លែងសរសើររបស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពខាងលើ បានធ្វើឡើងបន្ទាប់ពីលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន បានបញ្ចប់តំណែងរបស់ខ្លួន ពីអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤។ ការបញ្ចប់មុខតំណែងនេះ ដោយយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បន្ទាប់ពីលោកស្រីបានដាក់លិខិត ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា២០១៤ លោកស្រី បានប្រកាសលាឈប់ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់របស់លោកស្រី។ លោកស្រីបានបង្ហាញពីអារម្មណ៍ឈឹចាប់ និងចង់បង្ហាញពីការទទួលខុសត្រូវរបស់លោកស្រី ចំពោះប្រជាពលរដ្ឋក្នុងករណីដីធ្លី ជាមួយអ្នកវិនិយោគទុន ដ៏មានអំណាចម្នាក់ក្នុងប្រទេសកម្ពុជា។
ការលាឈប់ពីតំណែងនេះ ត្រូវបានលោក យ៉ង់ គីមអេង ឲ្យតម្លៃថាគួរឲ្យគោរព។ លោកបានពន្យល់ថា៖ «កាលណាគាត់ធ្វើមិនកើត គាត់លាឈប់។ តួនាទីរបស់គាត់ ដើម្បីជួយប្រជាពលរដ្ឋ បើកាលណាគាត់ដោះស្រាយហើយ គ្មានប្រយោជន៍ និងគ្មានយុត្តិធម៌ដល់សង្គម និងប្រជាពលរដ្ឋបាន គាត់ត្រូវតែលាឈប់។ ការលាឈប់នេះ ជាការបញ្ជាក់ពីការទទួលខុសត្រូវរបស់គាត់មួយ យ៉ាងសំខាន់។»
លោកបន្តថា លោកពុំដែលឃើញមានមន្រ្តីរដ្ឋាភិបាលកម្ពុជាណាម្នាក់ ធ្វើបែបនេះទេ នាពេលកន្លងមក។ លោកបន្តថា នេះចាលើកទីមួយហើយ ដែលមានមន្រ្តីក្នុងក្របខណ្ឌរដ្ឋ ធ្វើការលាលែងពីតំណែង ព្រោះតែមិនអាចអនុវត្ត និងបំពេញតួនាទីរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋនោះ។
ប្រធានមជ្ឈមណ្ឌលនិងជាតំណាងមន្ត្រីអង្គការសង្គមស៊ីវិល បានបញ្ជាក់ទៀតថា៖ «នេះជាគំរូមួយល្អ ក្នុងការដាក់សម្ពាធឲ្យមានការពិចារណា ឲ្យមានការគិតគូរ ទៅដល់ប្រមុខរដ្ឋាភិបាល ក៏ដូចជាគណរដ្ឋមន្រ្តី ថា អាចនឹងមានអ្នកដែលគេមិនសប្បាយចិត្ត ចំពោះបញ្ហាចាក់ស្រេះ ហើយដោះមិនចេញ ដែលជាមូលហេតុត្រូវដើរចេញ។ »
លោក គឹមអេង ចាត់ទុកថា ការដើរចេញនេះមិនមែនបង្ហាញ ពីភាពខ្លាំងរបស់រដ្ឋាភិបាលទេ តែជាការបង្ហាញពីភាពខ្សោយរបស់រដ្ឋាភិបាល ដែលគ្មានលទ្ធភាពក្នុងការគាំទ្រ ដោះស្រាយបញ្ហាសម្រាប់ជាតិ និងប្រជា ជាមួយក្រុមអ្នកមានអំណាចដទៃមួយចំនួនទៀត។ លោកថា៖ «អ្នកខ្លះដោះស្រាយមិនចេញហើយ ខំតោងកៅអី ក្រាញននៀលនោះ ជាគំរូអាក្រក់ណាស់។ ខ្ញុំសរសើរ។ នេះជាការបង្ហាញនូវគំរូថ្មីមួយទៀត សម្រាប់មន្រ្តីផ្សេងៗនៅកម្ពុជា។»៕