ប៉ះគ្នាបីភាគី អ្នកបង្ករត់គេច ទុកឲ្យជនរងគ្រោះចេញសំណង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 04, 2014
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង នៅផ្លូវ៩០៧កែងនឹងវត្តទួលសង្កែរ ត្រង់ចំណុចទល់មុខឃ្លាំងដាក់សំភារៈមួយ។ ហេតុការណ៍បានកើតឡើង ដោយសារអ្នកបើករថយន្ដមួយរូប បានបើកយានរបស់ខ្លួនបញ្ចា្រសទិស ហើយបានបុកជាមួយម៉ូតូមួយគ្រឿង ធ្វើឲ្យម៉ូតូនោះខ្ទាតទៅប៉ះឡានមួយទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង។ ម្ចាស់ឡាន ដែលបង្កគ្រោះថ្នាក់ បានចុះមកប្រកែកដោះសារ រួចក៏បើកឡានគេចខ្លួនបាត់ស្រមោល ទុកឲ្យម្ចាស់ម៉ូតូរងគ្រោះ ជាអ្នកចេញថ្លៃខូចខាតឲ្យរថយន្ដទីពីរទាំងស្រុង។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដដែលបង្កគ្រោះថ្នាក់ម៉ាក កាមារីឆ្លាមពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AB-1985 ដែលបើកបរក្នុងទិដៅពីត្បូងទៅជើង (បញ្ច្រសទិស) ពេលនោះ បានបុកម៉ូតូនារីរងគ្រោះ ដែលពាក់ផ្លាក ភ្នំពេញ 1AB-3697 រំពេចនោះម៉ូតូបានជ្រុលដួល ទៅប៉ះរថយន្ដមួយទៀត ដែលមានពណ៍លឿងពាក់ផ្លាកលេខ ភ្នំពេញ 2U-9148។ រថយន្ដទីពីរនេះ បើកបរស្របទិសដៅជាមួយម៉ូតូរងគ្រោះដែរ។ ភ្លាមៗនោះ ម្ចាស់ឡាន ដែលបង្ករហេតុខាងលើ បានចុះមកនិយាយដោះសារថា ម៉ូតូខាងលើជាអ្នកផ្តួលដោយខ្លួនឯង។ សាក្សីបានស្រង់សម្ដីម្ចាស់រថយន្ដទីមួយមកនិយាយថា៖ «ខ្ញុំមិនខុសទេ នាងជាអ្នកខុស» រួចហើយបានឡើងរថយន្ដ បើកគេចខ្លួនបាត់ដោយសុវត្ថិភាព។
ដោយឡែកនារីម្ចាស់ម៉ូតូរងគ្រោះ ឈ្មោះ ម៉ា រ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា បន្ទាប់ពីរថយន្ដទីមួយ បានបុកនាងពីក្រោយ ទើបនាងក្រឡាស់ខ្លួនចេញពីម៉ូតូ ពេលនោះម៉ូតូនាងដួលទៅក៏ ប៉ះនឹងឡានមួយទៀត បណ្តាលឲ្យខូចខាតមួយចំនួន។ នាងបានបានបដិសេធន៍ ចំពោះការទាមទារសំណងនោះ ដោយនិយាយថា បើចង់បានថ្លៃខូចខាតនេះ ទៅទាមទារពីអ្នកបើកឡានគេចនោះទៅ។
ស្ត្រីម្ចាស់ម៉ូតូ បាននិយាយតវ៉ាថា៖ «ខ្ញុំក៏ជាជនរងគ្រោះដែរ ម៉េចបានឲ្យខ្ញុំចេញសងទៅវិញ»។
ភ្លាមនោះម្ចាស់ឡានដែលខួចខាត ជាជនជាតិចិនកាត់ខ្មែរដែលមិនប្រាប់ឈ្មោះ នៅតែតវ៉ាយកសំណង ពីនាងដដែល។ ភាគីម្ចាស់ម៉ូតូ ម៉ា រ៉ា បានសម្រចបញ្ចប់ជម្លោះ ដោយនាងចេញថ្លៃខូចខាត១០ដុល្លា ទៅឲ្យជនជាតិចិននោះ ទាំងមិនអស់ចិត្ត។
ចំពោះហេតុការណ៍នេះ អ្នកធ្វើដំណើនៅលើផ្លូវ ជិតវត្តទួលសង្កែនេះទាំងអស់គ្នា បានររិះគន់យ៉ាងចាស់ដៃ ទៅលើនរគរបាលចរាចរណ៍នៅក្បែរនោះ ដែលមិនធ្វើការឃាត់រថយន្ដទីមួយ ដែលជិះបញ្ច្រាសទិសនោះ។ បុរសម្នាក់ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់មិនយល់ទេ នរគរបាលមានតួនាទីធ្វើចររាចរណ៍ ដល់ពេលផ្លូវកកស្ទះចារាចរណ៍ រហូតដល់មានគ្រោះថ្នាក់ហើយ នៅមិនចុះធ្វើអន្តរាគមន៍ទៀត ទុកឲ្យភាគីជម្លោះប្រកែកគ្នា ឈានដល់ការបញ្ចប់ជម្លោះដោយខ្លូនឯង ទាំងមិនសុខចិត្ត។ បុរសនោះនិយាយថា៖ «ប៉ូលីសនៅទីណ្នឹងដែរ មិនព្រមឃាត់»។
ទស្សនាវដ្ដីមិនអាចសុំការបំភ្លឺពី នគរបាលប៉ុសសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានទេ នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ ដោយសារទូរស័ព្ទមិនអាចទាក់ទងបាន៕