CPP សរសើរ គ.ជ.ប ថាបានធ្វើការ«ប្រកបដោយវិជ្ជាជីវៈ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 29, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ សម្តែង «សេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២.១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦»។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សប្រជាជនកម្ពុជា បានកោតសរសើរ គ.ជ.ប ក្នុងការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរៀបចំការបោះឆ្នោតជាសកលមួយនេះ ប្រកបដោយ «ភាពសេរី យុត្តិធម៌ និងតម្លាភាព»។
គណបក្សកាន់អំណាចចាស់វស្សានៅកម្ពុជា ក៏បានសំដែងការសរសើរផងដែរ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោត ដើម្បីអ្វីមួយ ដែលគណបក្សអះអាងថា ជាការ«ទ្រទ្រង់ប្រព័ន្ធនយោបាយ សេរី ពហុបក្ស» ហើយបានថ្លែងអំណរគុណ ចំពោះបណ្ដាអ្នកសង្កេតការណ៍ទាំងឡាយ ដែលគណបក្សហៅថា ជា «សាក្សី នៃប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជា»។
បើតាមលទ្ធផលបណ្ដោះអាសន្ន ដែលត្រូវបានផ្សាយផ្ទាល់ នៅកញ្ចប់ទូរទស្សន៍ជាតិ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះអសនៈនៅក្នុងរដ្ឋសភាជាតិ សឹងតែទាំងអស់។ តែការចេញផ្សាយមួយ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន ១១៤អាសនៈ គណបក្ស ហ៊្វុនស៊ិនប៊ិច ទទួលបាន ៦អាសនៈ និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតី (LDP) ទទួលបាន ៥អាសនៈ៕