អ្នកនាំពាក្យអគ្គលេខាធិការ អ.ស.ប ថាត្រូវមានបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ សីហា ២០១៨
- កែប្រែចុងក្រោយ: August 02, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្រោយការបោះឆ្នោតជាតិ នៅកម្ពុជា លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នៅតែរក្សាជំហររបស់លោក ដូចមានចែង នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានអំពាវនាវ ទៅរដ្ឋាភិបាលកម្ពុជា ត្រូវគោរពតាមបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍សិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ បានដោយសេរី។
នេះ ជាការថ្លែងឡើង របស់លោក «Farhan Haq» អ្នកនាំពាក្យរង របស់លោកអគ្គលេខាធិការ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃទី៣០ ខែកក្កដា (ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ម៉ោងនៅកម្ពុជា) នាទីក្រុងញ៉ូយក (សហរដ្ឋអាមេរិក)។
នៅក្នុងការថ្លែងនោះ អ្នកនាំពាក្យរង បានថ្លែងយ៉ាងប្រុងប្រយ័ត្ន ដោយមិនធ្វើការវាយតម្លៃ ពីភាពទទួលយកបាន នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ នៅកម្ពុជា ថាតើការបោះឆ្នោតនេះ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណាឡើយ។ លោក «Farhan Haq» បានបញ្ជាក់ពីមូលហេតុថា នោះដោយសារ តែអង្គការសហប្រជាជាតិ មិនត្រូវបានអញ្ជើញជាផ្លូវការ ដោយរដ្ឋាភិបាលកម្ពុជា ឬមិនត្រូវបានផ្ដល់អាណត្តិ ដោយមហាសន្និបាត ឬដោយក្រុមប្រឹក្សាសន្តិសុខ។
ប៉ុន្តែនៅពេលអ្នកសារព័ត៌មាន សួរថា អ្នកពិតជាមិនត្រូវការអ្នកសង្កេតការណ៍ នៅផ្ទាល់កន្លែង ដើម្បីចង់ដឹងថា តើគណបក្សប្រឆាំងមិនត្រូវបានអនុញ្ញាត ឱ្យចូលរួមមែនឬទេ? អ្នកនាំពាក្យរងបានឆ្លើយថា៖ «ពិតហើយ»។
លោក «Farhan Haq» បានបញ្ជាក់បន្តថា៖ «កង្វល់មួយ នៅក្នុងចំណោមកង្វល់ចម្បងជាច្រើន ដែលយើងមាននោះ គឺអំពីចរិតលក្ខណៈ នៃការដាក់រួមបញ្ចូល សម្រាប់ដំណើរការ នៃការបោះឆ្នោតមួយនេះ។ យើងជឿថា ការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាការបោះឆ្នោតទាំងអស់ដែរ គឺការបោះឆ្នោតទាំងនោះ ត្រូវការឲ្យមានការរួមបញ្ចូល [គ្រប់គណបក្សទាំងអស់] ហើយត្រូវផ្ដល់លទ្ធភាព ឲ្យមនុស្សទាំងអស់បានចូលរួម ដោយសេរី។»។
កាលពីថ្ងៃសុក្រ លោកអគ្គលេខាធិការ អ.ស.ប ត្រូវបានស្រង់សំដីមកបញ្ជាក់ ពីការព្រួយបារម្ភរបស់លោក និងបាន «អំពាវនាវ ទៅគ្រប់ភាគីនយោបាយខ្មែរទាំងអស់ ត្រូវកាត់បន្ថយភាពតានតឹង និងការបែកបាក់ ផ្នែកនយោបាយ»។ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើង «ជាថ្មី នូវការប្តេជ្ញាចិត្តជាបន្ត របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រ ដល់ប្រទេសកម្ពុជា ដែលមានសន្តិភាព និងមានប្រជាធិបតេយ្យ ជាពិសេសគាំទ្រ ដល់ប្រទេសកម្ពុជាមួយ ដែលគោរពយ៉ាងពេញលេញ នូវសិទ្ធិមនុស្សជាមូលដ្ឋាន របស់ពលរដ្ឋកម្ពុជាទាំងអស់»៕