ព្រះ​មហា​ក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី ស្ដេច​ចង់​យាង​ទៅ​ណា​?

សភាពការណ៍នយោបាយរបស់ប្រទេសកម្ពុជា ទំនងជាកាន់តែផុងខ្លួនជ្រៅទៅៗ ខណៈដែលសន្លឹកបៀចុងក្រោយ ក្នុងម៉ោងនេះបានធ្លាក់ទៅលើព្រះហស្ថរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រដ៏តូចមួយនេះ ហើយប្រសិនបើព្រះរាជតម្រិះរបស់ព្រះអង្គ មិនត្រូវបានក្រុមគណបក្សប្រឆាំងយល់ស្របជាមួយទ្រង់ទេនោះ។ ព្រះរាជតម្រិះ ដែលបានបង្កជាមន្ទិលដ៏ធំ ដល់មតិមួយចំនួន ដែលតាមដានយ៉ាងជិតស្និត ទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សភាពការណ៍នយោបាយរបស់ប្រទេសកម្ពុជា ទំនងជាកាន់តែផុងខ្លួនជ្រៅទៅៗ ខណៈដែលសន្លឹកបៀចុងក្រោយ​ក្នុង​ម៉ោង​នេះបានធ្លាក់ទៅលើព្រះហស្ថរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រដ៏តូចមួយនេះ ហើយប្រសិនបើព្រះរាជ​តម្រិះ​របស់​ព្រះអង្គ មិនត្រូវបានក្រុមគណបក្សប្រឆាំងយល់ស្របជាមួយទ្រង់ទេនោះ។ ព្រះរាជតម្រិះ ដែលបានបង្កជាមន្ទិលដ៏ធំ ដល់​មតិមួយចំនួន ដែលតាមដានយ៉ាងជិតស្និត ទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះ។


រូបព្រះឆាយាល័ក្ខ ដាក់តាំងនៅមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ទីក្រុងប៉ារីស - រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាភាគីមួយនៅក្នុងជម្លោះនៅក្រោយ​ការ​បោះឆ្នោតនេះ បានចេញសេចក្ដីថ្លែងការណ៍ នៅល្ងាចថ្ងៃទី១៨ខែកញ្ញា ដើម្បីការពារព្រះមហាក្សត្រ ដោយបានលើក​យក​មាត្រា៧និង៨ នៃរដ្ឋធម្មនុញ្ញមកបង្ហាញផង ប្រឆាំងនឹងការបញ្ចេញមតិណាមួយ ដែលអាចប៉ះពាល់ដល់ព្រះកិត្ដិយស និង​ព្រះកិត្ដិនាម របស់ព្រះអង្គ។ មាត្រា៧ និង មាត្រា ៨ នៃរដ្ឋធម្មនុញ្ញ ដែលក្រុមអ្នកស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងលើកមកវិភាគបកស្រាយជារឿយៗ និងត្រូវបានក្រុមអ្នកវិភាគ​ឯករាជ្យ​យល់ថា វាជា​សន្លឹកប៊ៀរចុងក្រោយរបស់គណបក្សនេះ ដើម្បីជម្រុញឲ្យ​ក្រុម​បេក្ខជនតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែលជា​គណបក្សប្រឆាំង ចូលរួមប្រជុំសភាបង្កើតនិតិកាលថ្មី នៅថ្ងៃទី២៣​ខែកញ្ញាខាងមុខ តាមការកោះអញ្ជើញរបស់​ព្រះមហាក្សត្រ។

ព្រះរាជសារចុងក្រោយរបស់ព្រះមហាក្សត្រ យ៉ាងហោចមានចំនួន៤ ក្រៅពីព្រះរាជសារកោះអញ្ជើញបេក្ខជនតំណាងរាស្ត្រ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីប្រាប់បណ្ដាប្រជានុរាស្ត្រទាំងអស់របស់ទ្រង់ ទាំងស្របទាំងប្រឆាំង ទាំងកងកម្លាំង​ប្រដាប់អាវុធ និងទាំងអ្នកមានដៃទទេ ឲ្យងាកមកទទួលយកភាពស្ងប់ស្ងៀម ដែលជាកិត្តិយសរបស់ជាតិ ហើយទ្រង់បាន​អំពាវនាវឲ្យមានការគោរពដល់រដ្ឋធម្មនុញ្ញ ដែលជាច្បា​ប់កំពូលរបស់ប្រទេស។ ព្រះរាជសារចុះថ្ងៃទី១៨ខែកញ្ញាកន្លងមក​នេះ ព្រះមហាក្សត្រទ្រង់បានសំណេរថា ទ្រង់នឹងយាងជាព្រះរាជាធិបតីភាពដ៏«ខ្ពង់ខ្ពស់» ក្នុងសម័យប្រជុំដំបូង ថ្ងៃទី២៣ខែ​កញ្ញានេះ នៅក្នុងចម្លើយតបទៅនឹងសំណើរសុំពន្យាពេល ថ្ងៃបើកនិតិកាលទី៥ថ្មីនៃរដ្ឋសភា របស់ក្រុមគណបក្សសង្គ្រោះ​ជាតិ។

បណ្ដាអ្នកវិភាគបានសម្លឹងឃើញថា ខ្លឹមសារនៃរាល់ព្រះរាជសារទាំងនេះ ហាក់ដូចជាបានស្របទាំងស្រុង ទៅនឹងការ​ចង់​បានរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែលើកឡើងឲ្យមានការដោះស្រាយបញ្ហានៃការបោះឆ្នោត ដោយយោង​ទៅ​តាមច្បាប់រដ្ឋធម្មនុញ្ញ ឬច្បាប់បោះឆ្នោតដែលនៅជាធរមាន ក្នុងនោះស្ថាប័នដែលទទួលបន្ទុកមាន គណកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។ រីឯខាងគណបក្សសង្គ្រោះជាតិ ក៏បានបកស្រាយត្រឡប់ទៅវិញដែរថា ស្ថាប័ន​ដែលមានមន្ត្រីទទួលខុសត្រូវភាគច្រើន ចេញពីគណបក្សកាន់អំណាចទាំងនោះ បានឃុបឃិតជាមួយ​នឹងគណបក្ស​ប្រជាជនកម្ពុជា បង្កើតការបោះឆ្នោតបន្លំមួយឡើង ដើម្បីបន្តអំណាចឲ្យគណបក្សនេះតទៅទៀត។ គណបក្សប្រឆាំង​បាន​បន្ថែមថា សេចក្ដីយោងទៅលើច្បាប់នានានោះ ត្រូវបានមន្ត្រីនៃរាល់ស្ថាប័នទាំងនោះ រួមទាំងគណបក្សប្រជាជនកម្ពុជាផង យកទៅបកស្រាយដើម្បីបម្រើឲ្យតែផលប្រយោជន៍បក្សពួកខ្លួន។

ការរុញអង្កដាំឲ្យក្លាយជាបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយបង្ខំឲ្យគេឯងត្រូវទទួលទាន ទោះបីបាយឆៅ​ក៏​ដោយ​នោះ បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ជ្រើសរើសដំណោះស្រាយមួយផ្សេងទៀត នោះគឺការប្រមែប្រមូល​ប្រជា​ពលរដ្ឋ​អ្នក​គាំទ្រខ្លួន ឲ្យធ្វើមហាបាតុកម្មចំនួនពីរលើក ដែលចំនួនអ្នកចូលរួមមានដល់ទៅរាប់ម៉ឺននាក់។ ឆ្លងចេញពីការធ្វើបាតុកម្មនេះ បាតុករអ្នកចូលរួម នរណាៗក៏មានបំណងតែមួយគត់ដែរ គឺពួកគេមិនចង់ឲ្យគណបក្សប្រឆាំង ដែលខ្លួនបានបោះឆ្នោតឲ្យ ចូលរួមប្រជុំសភា ឬបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានលោកហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រីនោះឡើយ។

អ្នកវិភាគមួយរូបក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា តើការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ និង​បណ្ដាប្រជានុរាស្ត្រអ្នកគាំទ្រគណបក្សនេះ ជិត៣លាននាក់ (តួលេខតាមលទ្ធផលឆ្នោត) ហាក់ត្រូវបានព្រះមហាក្សត្រ មិន​បានឆ្វេងយល់ពីរឿង«បើគ្មានភ្លើង តើអាចមានផ្សែងទេ»ឬយ៉ាងណា? ប្រសិនបើមានការបកស្រាយ មាត្រា៨២ នៃរដ្ឋ​ធម្មនុញ្ញ ហេតុអ្វីមិនមានការបកស្រាយមាត្រាផ្សេងៗដដៃទៀត ដែលបានការពារយុត្តិធម៌ សិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋ និងដំណើរប្រព្រឹត្តិទៅនៃរដ្ឋសភាពនោះផង? ឬក៏រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដែលត្រូវបានគេគោរពដោយ«ចោះៗ»?

លោកបណ្ឌិតម្នាក់ទៀត ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដែរ បានថ្លែងចំៗដូច្នេះថា «មហាប្រទេសចិនគាំទ្រគណបក្ស​ប្រជាជន ហើយព្រះមហាក្សត្រទ្រង់ទើបនឹងយាងពីចិនមក អញ្ចឹងចង់មិនចង់ វាច្បាស់ជាមានការរៀបរៀងដោយ​មហា​អំណាច និងគណបក្សប្រជាជន»។ បណ្ឌិតរូបនេះ បានបន្ថែមថា «បើគ្រាន់តែកោះប្រជុំអញ្ចឹងទេ ហើយមិនខំស្វែងរក​ដំណោះស្រាយអ្វីទេ តើយើងអាចនិយាយថាម៉េច? ថាតើព្រះមហាក្សត្រលោកដើរតួជាអ្វី?»

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់បានលើកឡើង ពីភាពខុសគ្នារវាងរាជបល្ល័ង្គនៃព្រះបាទ នរោត្ដម សីហមុនី និងរាជបល្ល័ង្គនៃព្រះអតីតមហារីរះក្សត្រ នរោត្ដម សីហនុ ដែលពេលព្រះអង្គនៅគ្រងរាជ្យនៅឡើយ ទ្រង់បាន​គង់នៅជាកណ្ដាល​ (ជាម្លប់) នៃរាស្ត្រគ្រប់ជាន់ថ្នាក់ ហើយថាព្រះអង្គមិនបានកោះអញ្ជើញមកប្រជុំសភា នៅខណៈដែល​ការព្រមព្រៀងផ្នែកនយោបាយមួយ នៅមិនទាន់បានសម្រេចជារូបរាងនោះ។ ចំណុចនេះ ត្រូវបានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលការពារព្រះមហាក្សត្របច្ចុប្បន្ន ថា «ប្រពៃណី និងទម្លាប់របស់ព្រះករុណាមហាវីរក្សត្រ និងព្រះករុណា សីហមុនី ខុសគ្នា។ ព្រះករុណាព្រះមហាវីរក្សត្រ លោកមានការពិសោធន៍ ក្នុងការគ្រប់គ្រងប្រទេសជាតិយើង រាប់ទស្សវត្តន៍ ឯព្រះករណា សីហមុនី លោកអត់សូវមានការពិសោធន៍»៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...