ហ៊ុន សែន បញ្ជាឲ្យតាមចាប់អ្នកបង្ហោះព័ត៌មានថាលោកធ្លាក់យន្ដហោះស្លាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 26, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកម្ពុជា នៅមាន«ហនិភ័យខ្ពស់»នៅឡើយ។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការបង្ហោះព័ត៌មានក្លែងក្លាយមួយ នៅលើបណ្ដាញសង្គម ដែលអះអាងថា លោកបានទទួលមរណភាព ក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ នៅពេលដែលលោក បានធ្វើដំណើរ ត្រឡប់មកពីប្រទេសវៀតណាមវិញ។
ព័ត៌មានក្លែងក្លាយនេះ ត្រូវបានបង្ហោះ និងចែករំលែក នៅលើបណ្ដាញសង្គម រាប់ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនានេះមក ដោយមានអមមកជាមួយ នូវវីដេអូមួយ ដែលបង្ហាញឲ្យឃើញ ពីការធ្លាក់យន្ដហោះធុនតូចមួយគ្រឿង (មិនស្គាល់កន្លែង) និងរូបភាពរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ស្ដីពីការសែងមឈូស របស់មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូប ដែលបានទទួលមរណភាព កាលពីពេលកន្លងមក។
សារនៃព័ត៌មានក្លែងក្លាយ ដែលសរសេរពោរពេញ ដោយកំហុសអក្ខរាវិរុទ្ធនោះ មានសេចក្ដីដើមទាំងស្រុងថា៖ «សម្ដេច ហ៊ុន សែន ស្លាប់ហេីយបងប្អូន កាលពីម្សិលមិញ នៅវេលាម៉ោង១១ និង៣០នាទី ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។ សម្ដេច ហ៊ុន សែន ធ្វេីដំណេីរទៅប្រទេសវៀតណាម ធ្លាក់យន្ដហោះ ពេលនេះស្លាប់ហេីយ។ ចូលរួមសោកស្ដាយផង!»។
ប្រតិកម្មទៅនឹងព័ត៌មានខាងលើ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ក្នុងព្រឹកថ្ងៃទី២៦ មិថុនា ២០១៧នេះ ព្រមានម្ចាស់គណនេយ្យ ដែលបង្ហោះព័ត៌មាន«បង្កចលាចល» ថាត្រូវ«រត់ឲ្យលឿន ក្រែងលោគេទៅទាន់»។ លោកនាយករដ្ឋមន្ត្រី បានងាកទៅខាងក្រោយខ្នងលោក ដែលមានមន្ត្រីការទូតបរទេសអង្គុយនៅទីនោះ និងសួរឡើងថា៖ «អញ្ចឹងអស់លោកថា អាហ្នឹងសិទ្ធិបញ្ចេញមតិឬ? តើនៅប្រទេសអស់លោក អាហ្នឹងជាសិទ្ធិបញ្ចេញមតិឬ? អាហ្នឹង ត្រូវតាមរកវា! រួចទាំងនាំក្ដីក្ដាំ នៅឯតុលាការ។ មកពីអី?»។
ការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្ដាញសង្គម តែងកើតមានជាហូរហែរ និងតែងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែក ដោយមិនស្វែងយល់ផងទេថា តើព័ត៌មាននោះពិតឬយ៉ាងណា។ ដូចក្នុងករណី នៃការបង្ហោះព្រះរាជក្រឹត្យក្លែងក្លាយមួយ កាលពីដើមខែមិថុនានេះ ដើម្បីចោទប្រកាន់បេក្ខនារីចៅសង្កាត់ មកពីគណបក្សប្រឆាំង ដែលទើបជាប់ឆ្នោតថា ជាជនជាតិយួន ទើបបានសញ្ជាតិខ្មែរ។ ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ុន សែន មិនដែល (ឬកម្រប្រតិកម្ម) ទៅនឹងការបង្ហោះទាំងនោះឡើយ ដែលខុសគ្នាឆ្ងាយ ពីការបង្ហោះព័ត៌មានក្លែងក្លាយ ឬការជេរប្រមាថណា ដែលទាក់ទងនឹងរូបលោក ឬមន្ត្រីគ្រាក់ៗ របស់លោក៕