ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានចេញថេរដីកាបដិសេធ នូវការបង្ហោះសារមួយ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ ដែលបង្ហាញឲ្យឃើញថា អ្នកផ្ញើរសារម្នាក់នោះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។
ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំព្រះករុណា អាត្មាភាពសូមពិតប្រគេន និងចំរើនពរថា ព័ត៌មានខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើងដោយក្រុមណាមួយ ក្នុងបំណងអាក្រក់» នេះ ជាសង្ឃដីការបស់ស្ថាបនិក បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបដិសេធទៅនឹងការបង្ហោះសារមួយ នៅលើបណ្ដាញសង្គម តាំងពីព្រឹកម្សិលម៉ិញមក។

សារនោះ ដែលជាការថតផ្តិត ពីកញ្ចក់ទូរស័ព្ទ (ឬហៅថា «ScreenShot») បានបង្ហាញថា អ្នកផ្ញើរសារនោះ មានឈ្មោះ «Sam Rainsy» ដោយមានភ្ជាប់មកជាមួយ នូវរូបថតលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

សារនោះ មានសេចក្ដីជាអាទិ៍ថា៖ «ក្រាបបង្គំព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងសភាពផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ហើយតុលាការអាយ៉ង បានបញ្ជាឲ្យឃាត់ខ្លួន ព្រះតេជគុណ ហន សុផាន្នី នាពេលថ្មីៗនេះទៀត ដូច្នេះ ខ្ញុំករុណា សុំព្រះតេជគុណមេត្តា ដឹកនាំបណ្ដាញសង្ឃឯករាជ្យទាំងអស់ ងើបឡើងតវ៉ា ឲ្យមានការដោះលែងព្រះតេជគុណ ហន សុផាន្នី ឲ្យបានសកម្មបំផុត ដើម្បីឲ្យបានដឹងដល់សហគមន៍អន្តរជាតិ ធ្វើការថ្កោលទោសរដ្ឋាភិបាល និងដាក់គំនាប ដើម្បីអាចបង្កលក្ខណៈឲ្យខ្ញុំ បានទៅមាតុភូមិវិញ ដោយគ្មានការចាប់ខ្លួន។ »។

សារដដែលបានបន្តនៅចុងបញ្ចប់ថា៖ «ខ្ញុំព្រះករុណា បានប្រាប់លោក កឹម សុខា ដើម្បីជួយជាបច្ច័យប្រគេនព្រះអង្គ និងព្រះសង្ឃឯករាជ្យផ្សេងទៀត ចំនួន៥០០០ពាន់ (?) ដុល្លារួចហើយដែរ នៅក្នុងការតវ៉ានេះ។»។

សារដែលគ្មានប្រភពច្បាស់លាស់នេះ ត្រូវបានគណនេយ្យ និងទំព័រហ្វេសប៊ុកមួយចំនួន ដែលមាននិន្នាការ ផ្អៀងទៅគណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ  យកមកបង្ហោះផ្សាយ ដោយមានអមដោយពាក្យជេរផ្ដាសារ មកជាមួយផង។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានបន្តថេរដីកាបដិសេធ​ទៀតថា៖ «អាត្មាភាពសូមបដិសេធទាំងស្រុង ហើយមិនទទួលខុសត្រូវ រាល់បញ្ហាប៉ះពាល់ទាំងឡាយណា ដែលកើតឡើង ដោយសារការក្លែងព័ត៌មាននេះទេ»។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះ បានអះអាងបន្ថែមថា កាលពីរសៀលម្សិលម៉ិញ មានគណនេយ្យ «WhatsAap» មួយ ដែលដាក់ឈ្មោះរបស់លោក សម រង្ស៊ី ក៏បានទាក់ទង ទៅកាន់ព្រះតេជគុណផ្ទាល់ ដោយបញ្ជូនសារផ្ញើរទៅព្រះអង្គ ដូចគ្នានឹងសារបង្ហោះខាងលើនេះដែរ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកា បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនោះថា ព្រះអង្គពុំដែលមានទំនាក់ទំនង ជាមួយលោក សម រង្ស៊ី សោះឡើយ។

ជន«ថោកទាប» ដែល«យ៉ាប់»...

ការបង្ហោះសាររបៀបនេះ នៅលើបណ្ដាញសង្គម មិនមែនទើបតែកើតមាន ជាលើកទីមួយនោះទេ រាប់ទាំងសម្លេងបែកធ្លាយ សារសម្ងាត់ និងមានទាំងរូបភាពកាត់ត នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនោះផងទៀត។ ប្រតិកម្មទៅនឹងសារជាអក្សរ ឬជាសម្លេង ដែលត្រូវបាន​យកមកបង្ហោះនោះ លោក សម រង្ស៊ី ធ្លាប់បានថ្លែងក្នុងពេលកន្លងមក តាមរយៈវិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក​ថា ទាំងនោះជាសមិទ្ធផល នៃការ«កាត់ត» របស់ក្រុម​ជន​«ថោកទាប» ដែលគ្មានយុទ្ធសាស្ត្រ និង​មាន​លក្ខណៈ «យ៉ាប់ណាស់»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា៖ «ល្បិចនេះ ល្បិចថោកទាប ល្បិចប្រឌិត ក្លែងបន្លំឯកសារ។ គឺថា​ម្ខាង​ទៀត​នោះ គេ​ទាល់​ច្រក មិនដឹងប្រើ​យុទ្ធសាស្ត្រអ្វី គ្មាន​យុទ្ធសាស្ត្រ​អ្វីច្បាស់លាស់ គឺប្រើតែល្បិច​ថោក​ទាប ក្លែង​បន្លំ​ប្រឌិត​ឯកសារ យក​ឈ្មោះខ្ញុំ យក​ហត្ថលេខាខ្ញុំ យក​ទៅ​បិត យក​ទៅប៉ះ យក​ទៅ​កាត់ត។ យ៉ាប​ណាស់!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...