អ្នកវិភាគ៖ បាតុកម្មជាសិទ្ធពលរដ្ឋ ឯការបង្ក្រាបនឹងធ្វើឲ្យអ្នកវិនិយោគភ័យ
ក្រុមអ្នកវិភាគតាមដាននយោបាយខ្មែរ បានថ្លែងថាជម្រើសធ្វើបាតុកម្មដោយសន្តិវិធី វាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប ហើយគ្មាននរណាម្នាក់អាចហាមប្រាម ឬគម្រាមកំហែង ដោយរូបភាពណាមួយនោះបានទេ។ អ្នកវិភាគខ្លះទៀត ថែមទាំងបាននិយាយថា ផ្ទុយទៅវិញ រាល់ការប៉ុនប៉ងបង្ក្រាប និងបង្ក្រាបទៅលើបាតុករទៅវិញទេ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចមានផលប៉ះពាល់ និងបង្កឲ្យមានអស្ថិរភាពនយោបាយ។
រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៣១ ខែសីហា នេះថា៖ «ការធ្វើបាតុកម្មដោយសន្តិវិធី វាគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយគេមិនអាចហាមប្រាមបានទេ»។
នៅតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន និងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក យុទ្ធនាការគាំទ្រ និងប្រឆាំងបាតុកម្មនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងគួរឲ្យចាប់អារម្មណ៍។ ក្រុមដែលមាននិន្នាការកណ្ដាល ឬ លំអៀងទៅរកគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានសម្ដែងនូវការព្រួយបារម្ភរបស់ពួកគេ ថាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាចបង្កឲ្យមានអស្ថិរភាពសង្គម ធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម ឬសេដ្ឋកិច្ច ជាដើម។
ប្រធានមជ្ឈៈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរះ បានពន្យល់ថា ការធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ អាចបង្ករផលប៉ះពាល់ខ្លះដល់សង្គម តែមិនអាចឈានដល់ការបង្ករចលាចល ក្នុងសង្គមបានទេ។
សេចក្តីថ្លែងការណ៍មួយ របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បានបង្ហាញគោលជំហរការពារមហាបាតុកម្មអហិង្សា ដោយធ្វើការបដិសេធ ថាមហាបាតុកម្មអហិង្សានេះ មិនមែនជាការញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល ឬការបង្ករចលាចលនោះទេ។ ទន្ទឹមនឹងនេះ សេចក្ដីថ្លែងការណ៍នោះ បានអះអាងថា មហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះនឹងមានលក្ខណៈអហិង្សា ដូចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដែលប្រជាពលរដ្ឋច្រើនម៉ឺននាក់បានចូលរួមទទួលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅពេលលោកវិលត្រលប់ចូលប្រទេសវិញ។
សេចក្ដីថ្លែងការណ៍ដដែល បានសរសេរថា ការធ្វើមហាបាតុកម្មអហិង្សានេះ គឺជាការជម្រុញឲ្យមានការបង្កើត គណកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោតដោយសន្តិវិធី ដោយសារតែគណបក្សប្រឆាំងមួយនេះ មិនជឿទុកចិត្ត ពីឯរាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ ហើយបានបដិសេធមិនទទួលស្គាល់ ការដោះស្រាយភាពមិនប្រក្រតីរបស់ស្ថាប័នទាំងពីរ។
ក្នុងរយៈពេលកន្លងមក ការព្រមានជាច្រើនពីសំណាក់មន្ត្រីរដ្ឋាភិបាល ក៏ត្រូវបានគេឃើញថាកើតមានជាបន្តបន្ទាប់ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង បានគម្រាមពីការរៀបចំធ្វើបាតុកម្ម។ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្លាប់បានផ្ញើរលិខិតទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ម្ដងជាពីរដង ថាត្រូវដឹកនាំមហាបាតុកម្មនេះ ឲ្យស្របតាមច្បាប់ស្តីពីបាតុកម្ម។ លោក ខៀវ សុភ័គ អ្នកនាំពាក្សក្រសួងមហាផ្ទៃថ្មីៗនេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលនឹងមានវិធានការណ៍តាមផ្លូវច្បាប់ ប្រសិនបើការធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិក្លាយទៅជាកុបកម្ម។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានលើកឡើងដែរ ថាកំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចនឹងរងការប៉ះពាល់ ប្រសិនជាមានបាតុកម្មកើតឡើង។
ទាក់ទងនឹងកំណើនសេដ្ឋកិច្ចនេះ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោកបណ្ឌិត កង ចាន់ដារារ័ត្ន បានពន្យល់ថា មហាបាតុកម្មអហិង្សា ជាទូទៅអាចនឹងបង្ករផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចផ្សេងៗគ្នា តែប្រសិនបើមហាបាតុកម្មនោះ ត្រូវបានប្រើច្បាប់ទម្លាប់សម្រាប់ដោះស្រាយ វានឹងមិនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរទេ ព្រោះថាការដោះស្រាយតាមផ្លូវច្បាប់ វាជាការជម្រុញឲ្យមានស្ថិរភាពឡើងវិញ។
តែផ្ទុយទៅវិញ លោក កង ចាន់ដារារ័ត្ន យល់ថាការប្រើអំពើហឹង្សាបង្ក្រាបបាតុកម្មទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយសង្គម ព្រោះអំពើហិង្សាអាចបង្ករូបភាព ឲ្យអ្នកវិនិយោគទុក មានការភ័យខ្លាចភៀសខ្លួន ឬមិនហ៊ានចូលមករកទទួលទាននៅក្នុងប្រទេសកម្ពុជា។ លោក បាននិយាយថា៖ «សេដ្ឋកិច្ចកម្ពុជាអាចនឹងមានផលប៉ះពាល់ ប្រសិនបើក្រុមបាតុកររងការបង្រ្កាប ពីកម្លាំងសមត្ថកិច្ចដោយហិង្សា ព្រោះការមិនដោះស្រាយបញ្ហាតាមផ្លូវច្បាប់ វាបង្ករឲ្យមានអស្ថិរភាពនយោបាយ និងការជឿទុកចិត្តពីអ្នកវិនិយោគទុន ដែលកំពុងពិចារណាដាក់ទុនវិនិយោគ»៕
-------------------------------------------------------
ដោយៈអ៊ុំ បូរី- ភ្នំពេញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ