តំណាងក្រុមប្រឹក្សាធម្មនុញ្ញ៖ ធ្វើតាមតែ«បញ្ជា» បើកតែកញ្ចប់សុវត្ថិភាព«ក»ប៉ុណ្ណោះ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តសៀមរាបចំនួនដប់ពីរ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសេចក្ដីសម្រេច ត្រឹមតែឲ្យបើកកញ្ចប់សុវត្ថិភាព«ក» ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោត ដែលផ្ទុយនឹងការព្រមព្រៀងរបស់ខ្លួន ជាមួយគណបក្សសង្គ្រោះជាតិ ថាឲ្យរាប់សន្លឹកឆ្នោតបានការ និងមិនបានការឡើងវិញ ចំនួន៣២ការិយាល័យពីក្នុងការិយាល័យចំនួន២០០ ក្នុងពាក្យបណ្តឹងនោះ។
កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)
នេះជាលើកទីបី ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោត ក្នុងកញ្ចប់សុវត្ថិភាព «ក» បន្ទាប់ពីខេត្តក្រចេះ និងខេត្តបាត់ដំបង។ វត្តមាននៃអ្នកចូលរួម ក្នុងការផ្ទៀងផ្ទាត់ នាព្រឹកថ្ងៃទី៣០ ខែសីហានេះ រួមមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញបីរូប ដូចជាសម្តេច នរោត្តម ចក្រពង្ស, លោក ពិត តាំងសាន និងលោកស្រី ចែម វេយ្យរិទ្ធ។ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក»នេះ។
ដោយលោក ហ៊ីង រ៉ុង តំណាង គ.ជ.ប ស្នើសុំដល់តំណាងក្រុមប្រឹក្សាធម្មនុញ្ញ អនុញ្ញាតិដើម្បីកាត់យកកញ្ចប់សុវត្ថិភាព«ក» ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោតនោះ ម្ចាស់បណ្តឹងតំណាងគណបក្សសង្គ្រោះជាតិ លោកស្រីកែ សុវណ្ណរត្ន ក៏បដិសេធ ដោយចាត់ទុកថា ការផ្ទៀងផ្ទាត់នេះ«ឥតមានន័យ» ព្រោះមិនត្រូវទៅតាមអ្វី ដែលក្រុមប្រឹក្សាធម្មនុញ្ញបានព្រមព្រៀងគ្នា ក្នុងការបើកកញ្ចប់សុវត្ថិភាព«ក» ចំនួន៣២ការិយាល័យ តែបែរជាធ្លាក់មកសល់តែ១២ការិយាល័យទៅវិញនោះ។ លោកស្រីក៏បានបញ្ជាក់បន្ថែម ជូនតំណាងក្រុមប្រឹក្សាធម្មនុញ្ញថា «ខ្ញុំទាមទាឲ្យមានការរាប់សន្លឹកឆ្នោត មិនបានការឡើងវិញ»។
ឯលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ក៏បានចាត់ទុកថាការផ្ទៀងផ្ទាត់ ដែលជាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះមានភាពផ្ទុយស្រឡះពីគោលដៅរបស់គណបក្សសង្គ្រោះជាតិ ព្រោះក្នុងបណ្ដឹង គណបក្សរបស់លោកបានទាមទារឲ្យមានការបោះឆ្នោត និងផ្ទៀងផ្ទាត់សម្លេងឆ្នោតឡើងវិញ។
ជាការឆ្លើយតមលោកស្រី ចែម វេយ្យរិទ្ធ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់យ៉ាងច្បាស់ថា «ការចូលរួមក្នុងពេលនេះ គ្រាន់តែធ្វើតាមបញ្ជា និងសេចក្តីសំរេច របស់ក្រុមប្រឹក្សាធម្មនុញប៉ុណ្ណោះ»។ លោកស្រីក៏បានបង្គាប់បញ្ជាឲ្យតំណាងគ.ជ.ប បន្តរនីតិវិធីរបស់ខ្លួន ដោយធ្វើកំណត់ត្រា នូវអ្វីដែលគណបក្សសង្គ្រោះជាតិមិនពេញចិត្ត និងលើកឡើងក្នុងកំណត់ហេតុឲ្យបានត្រឹមត្រូវ។
ក្រោយការពិនិត្យ និងផ្ទៀងផ្ទាត់ ភាពមិនប្រក្រតីបានបង្ហាញជាបណ្តើរៗ ក្រោយពិការផ្ទៀងផ្ទាត់ទៅតាមការិយាល័យនីមួយៗ រហូតគ្រប់១២ការិយាល័យ។ បញ្ហាដែលត្រូវបានរកឃើញនោះរួមមាន កញ្ចប់សុវត្ថិភាព«ក» ចំនួនប្រាំពីរមិនបានបិទជិតត្រឹមត្រូវ តួលេខនៃទម្រង់១១០២,១១០៨ និងក្រដាសធំ មិនដូចគ្នាទាំងបីទម្រង់ ក៏ដូចជាការមិនចុះទិន្នន័យនៃសម្លេងឆ្នោត ពិសេសមានកញ្ចប់សុវត្ថិភាព«ក» មួយត្រូវបានរហែកជាដើម។
ខុសពីការព្រមព្រៀង ...
ពាក់ព័ន្ធនឹង«បញ្ហា»ខាងលើ ក្នុងសន្និសិទកាសែត បន្ទាប់ពីបញ្ចប់ការបើកកញ្ចប់សុវត្ថិភាព«ក» លោក គួយ ប៊ុនរឿន ក៏បានសម្តែងនូវការ«ខក»ចិត្តថា គោលបំណងនៃបណ្តឹងមានបីបញ្ហា ដែលបានស្នើរឡើងដូចជា «ស្នើឱ្យមានការបោះឆ្នោតឡើងវិញ ចំនួន១៦ការិយាល័យ, ស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតមិនបានការ និងការផ្តល់សុពលភាពឡើងវិញចំនួន២០០ការិយាល័យ និងចំនួន៧៥ការិយាល័យទៀត ត្រូវធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោត»។ តំណាងរូបនេះបន្តថា ផ្ទុយមកវិញមានតែ១២ការិយាល័យប៉ុណ្ណោះ ដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យបើក «ដែល(វា)មិនបានឆ្លុះបញ្ចាំង ពីកំណត់ហេតុដែលក្រុមប្រឹក្សាធម្មនុញ្ញ បានព្រមព្រៀងជាមួយតំណាងគណបក្សសង្គ្រោះជាតិនោះ»។
លោក គួយ ប៊ុនរឿន បានថ្លែងបញ្ចាក់ថា «យើងនៅតែទ្រាំមើល ចំពោះការធ្វើខុសគោលដៅនេះ។ លទ្ធផល១២ ការិយាល័យ នៅតែមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរដដែល។ ១២ការិយាល័យមានកញ្ចប់«ខ» ៣ មិនបានកឹបសោរ។ ៧ការិយាល័យមិនបានបិទកញ្ចប់សុវត្ថិភាព "ក" និងតួលេខខុសគ្នាពីទម្រង់របស់បក្ស ហើយសូម្បីទម្រង់១១០២ និង១១០៨ របស់ គ.ជ.ប ខ្លួនឯងក៏ខុសគ្នាដែរ។»
រីឯតំណាង គ.ជ.ប ដែលទទួលបន្ទុកដឹកនាំការពិនិត្យ និងផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព«ក»នេះលោក ហ៊ឺ រ៉ុង បានបង្ហាញថា រាល់ការផ្ទៀងផ្ទាត់ឡើងវិញនេះ អនុវត្តទៅតាមច្បាប់ និងធ្វើទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព«ក» ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតលើទម្រង់១១០២, ១១០៨ និងការកត់ត្រាសំឡេងឆ្នោត។ លោកបញ្ជាក់ថាបើគិតពីទិន្នន័យ របស់គណបក្សនយោបាយ មិនមានអ្វីខុសគ្នាទេ (វា) ដូចគ្នាទៅនឹងលទ្ធផលបោះឆ្នោត បណ្តោះអាសន្នដែល គ.ជ.ប បានផ្សាយដែរ។
«តំណាងគណបក្សនីមួយៗចុះហត្ថលេខា យ៉ាងហោចណាស់ពីរនាក់ ...»
ចំពោះតំណាងគណបក្សប្រជាជនកម្ពុជា លោក ស៊ិក ប៊ុនហុក និងជាបេក្ខភាពតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំនីតិកាលទីប្រាំ ដែលបានចូលរួមក្នុងការផ្ទៀងផ្ទាត់នោះ ក៏បានបញ្ជាក់ថា ក្រោយពីមានការផ្ទៀងផ្ទាត់ចំនួនពីរលើករួចមកឃើញថា គណបក្សសង្គ្រោះជាតិនាំមុខស្ទើរគ្រប់ការិយាល័យ នេះបង្ហាញថាគ្មានការលួចបន្លំអ្វីនោះទេ។ លោកបន្តរថា ថ្ងៃនេះទោះបីជាគណបក្សប្រជាជន នាំមុខចំនួន១១ការិយាល័យ តែនៅគ្រប់ការិយាល័យទាំងអស់ មានតំណាងគណបក្សនីមួយៗចុះហត្ថលេខា យ៉ាងហោចណាស់(តិចបំផុត)ក៏មានពីរនាក់ដែរ។ លោកបង្ហាញថា «ឆ្លងតាមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងបីខេត្តនេះ ចំពោះការថែម ឬថយដែលបង្ករឲ្យមានការចោទថា មានភាពមិនប្រក្រតីនោះ គ្មានអ្នកណាម្នាក់ ដែលអាចធ្វើការលួចបន្លំបាននោះទេ ព្រោះគ្រប់កញ្ចប់ទាំងអស់ ត្រូវច្រកបន្តរគ្នាដូចជា កញ្ចប់«ក» ក្នុងកញ្ចប់«ខ» ក្នុងកញ្ចប់«គ» ក្នុងកញ្ចប់«ឃ» ដូច្នេះយ៉ាងហោចណាស់ក៏កញ្ចប់«ឃ» ឬ«គ» ត្រូវបានបិទជិត ដែលមិនអាចឲ្យនណាម្នាក់ដកហូត ឬថែមថយទៅក្នុងកញ្ចប់«ក» ដែលនៅខាងក្នុងបង្អស់នោះ បានដោយមិនកាត់ខ្សែនៃកញ្ចប់ខាងក្រៅជាបន្តបន្ទាប់នោះបានដែរ។»
តែតំណាងគណបក្សប្រជាជនកម្ពុជា ក៏បានទទួលស្គាល់ដែរ ពីកំហុសត្រង់ថា «លើទម្រង់១១០២ នៃការិយាល័យលេខ០៧១៨ នោះគ្មានកត់ត្រានូវទិន្នន័យសម្លេងឆ្នោត មិនចម្លងដាក់ទាំងអស់តែម្តង។ ប៉ុន្តែទម្រង់១១០៨ និងក្រដាសផ្ទាំងធំ មានតួលេខត្រឹមត្រូវដូចគ្នា។ បេក្ខជនតំណាងរាស្រ្តរូបនេះ ក៏បានកត់សម្គាល់លើករណីមួយចំណុចទៀត ថាចំពោះការិយាល័យ០៦៧៣ សម្លេងឆ្នោតរបស់គណបក្សប្រជាជន លើទម្រង់១១០២មាន២៧២សម្លេង ឯទម្រង់១១០៨មាន២៩៧សម្លេង ហើយក្រដាសផ្ទាំងធំក៏មាន២៩៧ដែរ។ លោកថាបញ្ហានេះ ត្រូវតែធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនៅក្រុមប្រឹក្សាធម្មនុញ្ញ។
«មិនបានយកអ្នកនាំពាក្យមកជាមួយ»
រីឯសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងបីដូចជាសម្តេច នរោត្តម ចក្រពង្ស, លោក ពិត តាំងសាន និងលោកស្រី ចែម វេយ្យរិទ្ធ ដែលបានចូលរួមជាអធិបតីឃ្លាំមើល ការបើកញ្ចប់សុវត្ថិភាព«ក»នេះ មិនបានធ្វើអត្ថាធិប្បាយអ្វី ពាក់ពន្ធ័នឹងបញ្ហាដែលកើតមានឡើងនោះទេ ដោយលោកបានប្រាប់ក្រុមអ្នកកាសែតថា «ខ្លួនមិនមែនជាអ្នកនាំពាក្យ ហើយគ្មានអ្វីត្រូវអធិប្បាយទេ។ (…) មិនបានយកអ្នកនាំពាក្យមកជាមួយទេ។»
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ទាំង១២ការិយាល័យនេះ មិនប៉ះពាល់ដល់លទ្ធផលសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិនោះទេ។ ប៉ុន្តែបានសង្កេតឃើញថា ទាំង១២ការិយាល័យនោះ មានប្រាំពីររិយាល័យ ត្រូវបានចំហរ(មិនឃ្លំ)។
សូមរម្លឹកថាក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព«ក» ជាបន្តបន្ទាប់ដូចជាឃុំជ្រះ មណ្ឌលក្រចេះ១៣ការិយាល័យ, មណ្ឌលបាត់ដំបង៨ការិយាល័យ។ បើតាមលទ្ធផលបណ្តោះអាសន្ន របស់គ.ជ.ប នៅខេត្តសៀមរាប បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ទទួលបានបួនអាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានពីរអាសនៈ។ កាលពីថ្ងៃទី២៩ ខែសីហា ម្សិលម៉ិញនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបដិសេធរួចហើយដែរ នូវបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបើកកញ្ចប់សុវត្ថិភាព«ក» ខេត្តកំពង់ធំ។
ចំពោះការិយាល័យចំនួន១២ ក្នុងខេត្តសៀមរាប ដែលត្រូវធ្វើការបើកកញ្ចប់សុវត្ថិភាព«ក» មានការិយាល័យលេខ០២៨៣, ០២៨៥, ០៤២៥, ០៤៤២, ០៨១៧,០៣២៣, ០៣២៤, ០៣២៦, ០២៩៤, ០៦៧៣, ០៧១៨ និង ០៣៤៦។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ