មេធាវីនិយាយពីវិធីទប់ទប់អ្នកគម្រាមពលរដ្ឋម្ចាស់ឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 18, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនពិបាកយល់ទេ! ខាងក្រោមនេះ ជាវិធីសាស្ត្រដ៏សាមញ្ញមួយ របស់លោកមេធាវី ជូង ជូងី ដែលបានបង្ហោះ បង្ហាញនៅលើបណ្ដាញសង្គម នៅចំពោះការលើកឡើង ជាបន្តបន្ទាប់ ពីការគម្រាមកំហែង តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ទៅលើសិទ្ធិពលរដ្ឋ ក្នុងការចេញទៅបោះឆ្នោត។
លោក ជូង ជូងី បានសរសេរថា៖ «មិនទៅបោះឆ្នោត គឺមិនមានទោសទេ ហើយក៏មិនមានបទល្មើសញុះញង់ មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតដែរ»។
មន្ត្រីរដ្ឋាភិបាល ដែលមានការបន្ទរតាមក្រោយ ដោយមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផង បានថ្លែងថា អ្នកអំពាវនាវមិនឲ្យពលរដ្ឋ ទៅបោះឆ្នោត ជាទោសឧក្រិដ្ឋ។ តែមន្ត្រីគណបក្សប្រឆាំង បានប្រតិកម្មតបវិញថា ការលើកឡើងនោះ គឺជាការគំរាមកំហែង ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញ ក្នុងការសម្រេចចិត្ត ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត ដែលបានធានា នៅក្នុងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យ គ.ជ.ប ត្រូវបានស្រង់សំដី មកបញ្ជាក់ដែរថា គ.ជ.ប នឹងចាត់វិធានការ ទៅលើអ្នកដែល«ញុះញង់» មិនឲ្យពលរដ្ឋទៅបោះឆ្នោត និងបានហៅវិធានការនោះ ថាគ្រាន់តែ ជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះ។
សម្រាប់មេធាវី ជូង ជូងី ដែលឧស្សាហ៍ការពារក្ដី ឲ្យអ្នកនយោបាយប្រឆាំង និងសកម្មជនសិទ្ធិមនុស្សនោះ បានអះអាងថា៖ «វិធីសាស្ត្រទប់ទល់ នឹងអ្នកគំរាមប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត គឺកុំទៅបោះឆ្នោត ឲ្យបក្សពួកអ្នក ដែលគំរាមប្រជាពលរដ្ឋ។ បើគេគំរាមហើយ បងប្អូននៅតែទៅបោះឆ្នោត ឲ្យបក្សពួកដែលគំរាម នោះបក្សពួកដែលគំរាមបងប្អូន នឹងគំរាមបងប្អូនមួយជីវិត។»៕