សុខ ឥសាន៖ សម រង្ស៊ី ប្រើល្បិចព្រោះខ្លាច កឹម សុខា ដេញក្បាល
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៩ មករា ២០១៧
- កែប្រែចុងក្រោយ: January 09, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍«រលូត»មួយ ត្រូវបានផ្ញើរចេញ ពីប្រអប់ទូរសាអេឡិចត្រូវនិក (eMail) របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកកាន់បណ្ដាញផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ ការពន្យល់បន្ថែម អមនឹងសេចក្ដីថ្លែងការណ៍«រលូត»នោះ បានបង្ហាញការសង្ស័យថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍នេះ ក្នុងល្បិចកលធ្វើយ៉ាងណា ឱ្យមានការបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្ស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងបដិសេធ មិនធ្វើអត្ថាធិប្បាយ ទាក់ទងនឹងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍នេះទេ តែលោកបានពន្យល់បកមកវិញថា នោះគឺជាល្បិចរបស់លោក សម រង្ស៊ី ខ្លួនឯង ដោយហេតុថា ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅស្រុក ខ្លាចអនុប្រធានរបស់ខ្លួន ដែលកំពុងដឹកនាំគណបក្ស នៅក្នុងស្រុក ធ្វើបក្សប្រហារបណ្ដេញលោក ចេញពីគណបក្ស។
បើតាមទូរសាដដែល បានសរសេរឲ្យដឹងថា៖ «កាលពីយប់មិញ (យប់ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧) សម្ដេច ហ៊ុន សែន បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត»។ ទូរសាបានដកស្រង់សេចក្ដីព្រាង នៃសេចក្ដីថ្លែងការណ៍ ដែលគេចង់ឲ្យលោក កឹម សុខា ចុះហេត្ថលេខាចេញផ្សាយនោះ មកបញ្ជាក់ថា៖ «ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិ ដែលបានប្រមាថ មកលើភរិយា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថាជាស្រីរបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ដឹកថូ និងថែមទាំងបានចោទបុត្រា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ដឹកថូ ថែមទៀត។»
ទូរសាបានស្រង់សេចក្ដីព្រាង មកសរសេរបន្តថា៖ «ទង្វើដ៏ថោកទាបខាងលើ ពិតជាមិនអាចទទួលយកបានទេ។ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសជាសាធារណៈ ចំពោះក្រុមជនប្រមាថទាំងនេះ ប្រៀបបានទៅនឹងជនពាល មិនស្មើនឹងសត្វតិរច្ឆាន ហើយសាហាវជាងសត្វអសិរពិស ដែលមានចរិតបំបែកបំបាក់ និងមើលងាយមេដឹកនាំជាតិសាសន៍ឯង។ (...) ក្នុងករណី ដែលអ្នកមានចេតនាអាក្រក់ទាំងនេះ ត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្ដេញជនទាំងនេះចេញ»។
អ្នកលក់ខ្លួន ឲ្យលោក ហ៊ុន សែន...
អ៊ីមែល ដែលផ្ញើរចេញពីប្រអប់ «eMail» របស់លោក សម រង្ស៊ី បានសរសេរពន្យល់ថា បន្ទាប់ពីសេចក្ដីថ្លែងការណ៍ ត្រូវបានលោក កឹម សុខា ចុះហត្ថលេខាចេញផ្សាយរួច មន្ត្រីមួយចំនួន របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានទិញ ដោយលោក ហ៊ុន សែន នឹងចេញមុខ មកធ្វើការមួលបង្កាច់លោក សម រង្ស៊ី ទាក់ទងនឹងរឿងរ៉ាវ របស់លោក ហ៊ុន ម៉ាណែត ខាងលើ ហើយ«ពេលនោះលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា គោរពពាក្យសន្យារបស់ខ្លួន ដូចមានចែងក្នុងលិខិត ឬសេចក្តីថ្លែងការណ៍ខាងលើ ហើយលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា រៀបចំនីតិវិធី ដើម្បីបណ្តេញលោក សម រង្ស៊ី ចេញពីជួរគណបក្សសង្គ្រោះជាតិ។»។
សារនោះ បានសរសេទៀតថា៖ «យើងស្គាល់ឈ្មោះអ្នកដែលបានលក់ខ្លួនឲ្យគេ ក្នុងជួរគណបក្សសង្គ្រោះជាតិ ហើយត្រៀមមួលបង្កាច់លោក សម រង្ស៊ី តែយើងសុំមិនទាន់បញ្ចេញឈ្មោះអ្នកនោះ នៅពេលនេះទេ។»។
ដុតឲ្យក្ដៅឡើងវិញ...
ចង់ដឹងថា តើសេចក្ដីព្រាង នៃសេចក្ដីថ្លែងការណ៍ខាងលើ មានពិតមែន ឬយ៉ាងណានោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គ្រាប់តែឆ្លើយតបមកវិញថា លោកមិនបានដឹងរឿងនេះទេ ហើយបានរំពឹងថា ទូរសាមួយនេះ នឹងធ្វើឲ្យស្ថានការណ៍នយោបាយ ដែលកំពុងស្ងប់ស្ងាត់ ប្រែជាមានកម្ដៅឡើងវិញ។ លោក សុខ ឥសាន បានគិតថា មានប្រធានគណបក្សសង្គ្រោះជាតិរូបនេះទេ ដែលចេះតែបង្កើតបញ្ហាដោយខ្លួនឯង។ អ្នកនាំពាក្យបានរៀបរាប់ថា រឿងរ៉ាវលោក ហ៊ុន ម៉ាណែត ធ្លាប់មានជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ី អញ្ចឹងហើយទើបលោក សម រង្ស៊ី ខ្លាចមានការបណ្ដេញរូបលោក ចេញពីគណបក្សសង្គ្រោះជាតិ។ លោក ឥសាន ថា៖ «ខ្ញុំថារឿងហ្នឹងជាល្បិចរបស់ សម រង្ស៊ី ទេព្រោះខ្លាច កឹម សុខា ដេញក្បាលចោល។ អញ្ចឹងទេ បានជាបង្កើតរឿងនេះមក។ ខ្ញុំមើលទៅ គឺអញ្ចឹង ព្រោះ សម រង្ស៊ី ពូកែប្រើល្បិចណាស់ រឿងអត់មានធ្វើឱ្យមាន ហើយអត់មានការទទួលខុសត្រូវអ្វីទាំងអស់។»។
នៅក្នុងពិធីរំឭកខួបលើកទី ៣៨ ឆ្នាំ ថ្ងៃរំដោះ ៧ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់គណបក្ស ដែលជាដៃគូសន្ទនា ឲ្យរក្សាភាពស្មោះត្រង់ ចៀសវាងការប្រើប្រាស់ពាក្យអសុរោះ វាយប្រហារគ្នា និងញុះញង់ បើសិនជាចង់រក្សាវប្បធម៌មួយនេះឲ្យនៅរស់រានបន្តទៀត។ នាយករដ្ឋមន្ត្រី ដែលស្ថិតនៅក្នុងតំណែង តាំងពីជាង៣០ឆ្នាំមកនោះ បានថ្លែងឡើងថា៖ «គណបក្សប្រជាជនកម្ពុជាបន្តអនុវត្ត យ៉ាងស្មោះសនូវវប្បធម៌សន្ទនា ជាមួយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា និងព្រឹទ្ធសភា តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ (...) ការញុះញង់ បង្កបញ្ឆេះឲ្យមានការគុំកួន ចងកំហឹងនឹងគ្នា គឺមិនអាចរក្សាអាយុជីវិត នៃវប្បធម៌សន្ទនាបានឡើយ។ មិនតែប៉ុណ្ណោះ វានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង។»៕