FIDH៖ «ការបោះឆ្នោត​២៩កក្កដា ​ជា​ឆាកល្ខោនដើម្បីបន្តអំណាចផ្ដាច់ការ​របស់ ហ៊ុន សែន»

សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ «FIDH» ដែលមានបំណ្ដាញរបស់ខ្លួន នៅជុំវិញពិភពលោក បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ចាត់ទុកលទ្ធផល នៃការបោះឆ្នោតជាតិ នៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ថាជាលទ្ធផលដែលកើតចេញ ពីសវនាការក្លែងក្លាយមួយ ដើម្បីបើកផ្លូវ សម្រាប់ឲ្យលោក ហ៊ុន សែន នៅបន្តកាន់អំណាច «ផ្ដាច់ការ» សម្រាប់រយៈពេល៥ឆ្នាំទៅមុខ។
FIDH៖ «ការបោះឆ្នោត​២៩កក្កដា ​ជា​ឆាកល្ខោនដើម្បីបន្តអំណាចផ្ដាច់ការ​របស់ ហ៊ុន សែន»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 27, 2018
  • ប្រធានបទ: បោះ​ឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាមានគណបក្សចំនួន២០ ចូលរួមក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដាខាងមុខ នេះក៏ដោយ តែព្រឹត្តិការណ៍នយោបាយ ជាច្រើនបានកើតឡើង នៅមុនការបោះឆ្នោត ដែលមិនអាចឲ្យគេ ចាត់ទុកការបោះឆ្នោតមួយនេះ ថាជាការបោះឆ្នោតពិតប្រាកដនោះឡើយ។ នេះ ជាការប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា «FIDH» ដែលមានស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិដ៏ធំមួយនេះ ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ បានរំលឹកឡើងវិញ ពីព្រឹត្តិការណ៍នយោបាយទាំងឡាយ ដែលបានកើតឡើង រាប់ចាប់តាំងពីពីរឆ្នាំកន្លងមក ក្នុងនោះ មានយុទ្ធនាការបំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ ប្រើប្រាស់ប្រព័ន្ធតុលាការ និងការវាយប្រហារមិនឈប់ឈរ ប្រឆាំងនឹងក្រុមសមាជិកគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងស្ថាប័នផ្សព្វផ្សាយឯករាជ្យ។

អត្ថបទរបស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជា បានប្រើវិធានការកណ្ដាប់ដៃដែក ដើម្បីធ្វើយ៉ាងណា កុំឲ្យគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយ៉ាងចាស់វស្សា ជួបនឹងគ្រោះហនិភ័យ នៅក្នុងការបោះឆ្នោតជាតិខាងមុខ។ វិធានការទាំងនោះ រួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មន្ត្រីគណបក្សនេះ ១១៨នាក់ មិនឲ្យធ្វើនយោបាយ; ការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខណៈការឃុំខ្លួននេះ ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកក្នុងខែមេសា ឆ្នាំ២០១៨ ថាជាការឃុំខ្លួន តាមទំនើងចិត្ត; ការឃុំខ្លួន មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ យ៉ាងតិច ១៨នាក់ផ្សេងទៀត; និងធ្វើវិសោធនកម្មច្បាប់ ដែលមានលក្ខណៈរឹតត្បិត ទៅលើច្បាប់បោះឆ្នោត។»។

អ្នកស្រី «Debbie Stothard» អគ្គលេខាធិការ​របស់សហព័ន្ធ «FIDH» ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖ «ការគម្រាមកំហែង ធ្វើឡើងដោយលោក ហ៊ុន សែន ប្រឆាំងនឹងការរិះគន់ទាំងឡាយ ការលប់បំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរំលាយគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ បានធ្វើឲ្យការបោះឆ្នោតនេះ គ្មានតម្លៃ និងមិនអាចទទួលយកបាន។ ការបោះឆ្នោត នៅកម្ពុជា ក្នុងប៉ុន្មានថ្ងៃខាងមុខ គ្រាន់តែជាឈុតឆាកមួយ ដែលមានគោលបំណង ដើម្បីបន្តរបបផ្ដាច់ការ របស់លោក ហ៊ុន សែន ហើយនឹងជ្រមុជប្រទេសកម្ពុជា ចួលទៅក្នុងទុក្ខវេទនា និងការបង្ក្រាបបន្ថែមទៀត។»។

សហព័ន្ធសិទ្ធិមនុស្ស បានអំពាវនាវទៅសហគមន៍អន្តរជាតិ ចាំបាច់ត្រូវច្រានចោលលទ្ធផល នៃការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដានេះ ហើយត្រូវទាមទារជាបន្ទាន់ ឱ្យមានការលប់ចោល នូវការសម្រេច​រំលាយ​គណបក្សសង្គ្រោះជាតិ និងឱ្យមានការដោះលែង មេដឹកនាំរបស់គណបក្សនេះ គឺលោក កឹម សុខា និងសមាជិក ក៏ដូចជាអ្នកគាំទ្រដទៃទៀតទាំងអស់ ព្រមទាំងអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យបង្កើតលក្ខខណ្ឌ ដែលអនុញ្ញាត ឱ្យមានការរៀបចំជាថ្មី នូវការបោះឆ្នោតមួយ ដែលអនុលោមតាមបទដ្ឋានអន្តរជាតិ។

សូមបញ្ជាក់ដែរថា សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) មានទីស្នាក់កណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេស​បារាំង និង​មានទីស្នាក់ការជាសាខា សឹងតែនៅគ្រប់ជ្រុង នៃពិភពលោក។ គិតមកដល់ថ្ងៃនេះ សហព័ន្ធខាងលើ មានសមាជិក ជាអង្គការសមាគម ដែលធ្វើការផ្នែកសិទ្ធិមនុស្ស ចំនួន១៨៤ ពីប្រទេសចំនួន ១១២ ក្នុងនោះ មានអង្គការសិទ្ធិមនុស្សក្នុងស្រុក ចំនួនពីរ គឺសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស នៅកម្ពុជា (LICADHO) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...