សកម្មជនបក្សប្រឆាំង អាចនឹងរួច«ទោស»ក្នុងថ្ងៃទី១៩ ខែឧសភាខាងមុខ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 13, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែលត្រូវបានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គសេចក្តីនាថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយសំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ ដូចការចោទប្រកាន់ឡើយ។
តាមការគ្រោងទុក តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំងមួយចំនួនទៀត នាព្រឹកថ្ងៃទី១៩ ខែឧសភាខាងមុខនេះ បន្ទាប់ពីបានដោះលែង ឲ្យនៅក្រៅឃុំមួយរយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមានអំពើហិង្សា ក្រោយបាតុកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជាធិបតេយ្យ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកមេធាវី ចាន់ ចេង បានពន្យល់នូវហេតុផល ដែលនាំឲ្យលោក មានភាពជឿជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយ ពីដើមទីថា តុលាការនឹងធ្វើការដោះលែងកូនក្តីខ្ញុំ ទីបំផុតតុលាការ ក៏បានធ្វើការដោះលែង ឲ្យមានសេរីភាពរួចមកហើយ។ (…) តុលាការនឹងទម្លាក់បទចោទ លើលោក មាជ សុវណ្ណរ៉ា ព្រោះការស្រាវជ្រាវ ក្នុងរឿងហេតុ កូនក្តីមិនបានប្រព្រឹត្តិខុសឆ្គងទេ។ (…) យើងសង្ឃឹមថា កូនក្តីនឹងរួចផុតពីបទចោទប្រកាន់។»
សម្រាប់លោក មាជ សុណ្ណរ៉ា នៅតែអះអាងថា លោកមិនមានកំហុស ឬមានទោសតាមការចោទប្រកាន់ ដោយតុលាការនោះឡើយ។ ការអះអាងដូច្នេះ ដោយលោកសំអាងថា ស្ថាប័នតុលាការ ដែលកំពុងចោទប្រកាន់រូបលោក នាពេលនោះ ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន មើលឃើញថា ជាតុលាការដែលស្ថិតក្រោម សម្ពាធនយោបាយ។ ជាមួយគ្នានេះដែរ លោកបានលើកឡើងថា ដំណាលគ្នា នៃការចាប់ខ្លួនលោក ក៏ដូចជាសកម្មជនបក្សប្រឆាំង មួយចំនួនទៀត ត្រូវបានធ្វើឡើង ក្នុងស្ថានការណ៍នយោបាយ កំពុងជួបវិបត្តិ និងមានភាពតានតឹង។ លោកបន្ថែមថា តែក្រោមពីស្ថានការណ៍នយោបាយត្រូវបានផ្សះផ្សារ និងត្រូវរ៉ូវគ្នា ឬមានភាពធូស្រាល លោកនិងសកម្មជនដទៃទៀត ក៏ត្រូវបានដោះលែងទៅវិញ តាមនោះដែរ។
សកម្មជនបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា៖ «រឿងខ្ញុំ ជារឿងកើតឡើង ដោយនយោបាយជាប់គាំង កំដៅនយោបាយកើនឡើង បន្តបន្ទាប់ក្រោយការបោះឆ្នោត។ (…) គេចាប់ខ្ញុំដាក់គុក វាពាក់ព័ន្ធបញ្ហានយោបាយ ជាប់គាំងនេះ។»
លោក សុវណ្ណារ៉ា និយាយដោយហួសចិត្ត យ៉ាងដូច្នេះទៀតថា៖ «ដោយសម្ភាធនយោបាយ ដើម្បីបញ្ចេញ គ.ជ.ប បាន ខ្ញុំក៏ត្រូវបានគេ ចាប់ដាក់គុកយ៉ាងដូច្នេះទៅ។ (…) នៅពេលលោក សម រង្ស៊ី លោកហ៊ុន សែន បានសន្ទនា គេក៏លែងមកវិញអញ្ចឹងទៅ។ (…) តុលាការក៏ចេះតែពន្យា តាមស្ថានការណ៍នយោបាយ… រហូតដល់ប្រាំខែពីរថ្ងៃ។»
មិនអាចសុំការបញ្ជាក់ពីលោក ចៅក្រម លឹម មករន្ទ និងលោក កែវ សុជាតិ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ជុំវិញសវនាការលើសកម្មជនបក្សប្រឆាំង នាពេលខាងមុខបានឡើយ។ តែលោក មាជ សុវណ្ណរ៉ា បាននាំសំដីរបស់ចៅក្រម មកបញ្ជាក់ថា៖ «កន្លងមក តុលាការតែងតែលើកឡើងថា យើងមិនអាចនៅក្រៅឃុំបានទេ ខ្លាចវឹកវរ និងមានអស្ថិរភាព។ ដល់ពេលត្រូវគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ពីរឿងដោះលែងរូបខ្ញុំ (ចៅក្រម)ក៏យកមាត្រាដដែលមកបញ្ជាក់ទៀតថា ខ្ញុំមាជ សុវណ្ណរ៉ា អាចនៅក្រៅឃុំបាន អត់មានបញ្ហាអីទេ។ »
ក្នុងករណី «ហិង្សា» នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នោះ ត្រូវបានសង្គមស៊ីវិលមួយចំនួនចាត់ទុកថា ជារឿងនយោបាយសុទ្ធសាធ។ ក្រុមសង្គមស៊ីវិលទាំងនោះ ធ្លាប់បានលើកឡើងថា ករណីនេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានទៅកាន់តុលាការ និងក្រោយ កិច្ចស្វែងរកការចរចារគ្នា នៃគណបក្សនយោបាយទាំងពីរ មិនបានសម្រេច។ មន្រ្តីសម្របសម្រួល ផ្នែកបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី កាលពីពេលកន្លងមកថា សកម្មជន និងតំណាងរាស្រ្តបក្សប្រឆាំងទាំងអស់ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីមាន«ហិង្សា»មួយ បានកើតឡើងជិតទីលានប្រជាធិបតេ្យ។ លោកបន្តថា «ប្រាំពីរ»ថ្ងៃក្រោយ សកម្មជន និងតំណាងរាស្រ្តទាំងនោះ ក៏ត្រូវបានដោះលែងភ្លាមៗ វិញដែរ បន្ទាប់ពីថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរបានចរចារ«បញ្ចប់ភាពជាប់គាំង ផ្នែកនយោបាយ» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕