ឃុំខ្លួន ថោង សារ៉ាត់ នៅពន្ធនាគារព្រៃសរ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៧ មេសា ២០១៥
- កែប្រែចុងក្រោយ: April 18, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ថោង សារ៉ាត់ ជនសង្ស័យទីមួយ ក្នុងសំនុំរឿងឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ យ៉ាងកក្រើកភ្នំពេញ កាលពីចុងឆ្នាំ២០១៤ ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួន ទៅពន្ធនាគារព្រៃសរ ក្រោមបទចោទប្រកាន់ ថាបានផ្តួចផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុក ជាមុន និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត។
ការសម្រេចរបស់តុលាការ ត្រូវបានធ្វើភ្លាមៗ នៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា មួយថ្ងៃក្រោយ បន្ទាប់ពីអាជ្ញាធរនៃប្រទេសវៀតណាម បានចាប់ខ្លួនជនសង្ស័យរូបនេះ កាលពីថ្ងៃព្រហស្បត្តិ៍ និងបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅយប់ថ្ងៃដដែល។
ការចាប់ឃាត់ខ្លួន លោក ថោង សារ៉ាត់ ដែលមានថានៈ ជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិរូបនេះ ដោយយោងទៅលើដីការឃាត់ខ្លួន របស់នគរបាលអន្តរជាតិ (Interpol) ដែលបានធ្វើ ទៅតាមការស្នើសុំ របស់អាជ្ញាធរកម្ពុជា ក្នុងសំនុំរឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ទាក់ទងនឹងការបាញ់សម្លាប់ ប្រធានក្រុមហ៊ុនមួយរូប នៅកណ្ដាលរាជធានីភ្នំពេញ។ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជនរងគ្រោះ បានស្លាប់ភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារ ជាច្រើនគ្រាប់ ពីសំណាក់ខ្មាន់កាំភ្លើង នៅខាងមុខហាង លក់ផ្លែឈើមួយកន្លែង ជិតរបងស្ដាតអូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក។
ក្រុមអ្នកស៊ើបអង្កេត របស់កម្ពុជា បានដាក់ការសង្ស័យ ជុំវិញឃាតកម្មនេះថា គឺជារឿងគំនុំ ក្នុងមុខជំនួញ ហើយបានចាប់ឃាត់ខ្លួន ក្រុមអង្គរក្ស របស់លោក ថោង សារ៉ាត់ ចំនួន ៤នាក់ ដែលក្រុមអ្នកស៊ើបអង្កេត បានគិតថា ជាអ្នកអនុវត្តន៍ជាក់ស្ដែង នៅក្នុងអំពើឃាតកម្មនេះ។ ក្រុមអង្គរក្សទាំង៤រូប ក៏ត្រូវបានតុលាការសម្រេច ចោទប្រកាន់ និងឲ្យឃុំខ្លួន នៅពន្ធនាគារព្រៃសរ ពីបទឃាតកម្មគិតទុកជាមុន។ ប៉ុន្តែតុលាការ នៅមិនទាន់ប្រកាសសាលដីកា ផ្តន្ទាទោសយ៉ាងណានៅឡើយ។
ប៉ុន្តែសម្រាប់ក្រុមអង្គរក្សទាំងបួនវិញ ពួកគេបានឆ្លើយបដិសេធ នៅចំពោះចៅក្រមស៊ើបអង្កេត នូវរាល់ចម្លើយសារភាព ដែលពួកគេបានធ្វើជាមួយនគរបាល ដោយបញ្ជាក់ថា ចម្លើយសារភាពទាំងនោះ ត្រូវបានធ្វើឡើង ដើម្បីឲ្យពួកគេបានរួចផុត ពីការធ្វើទារុណកម្ម របស់ក្រុមនគរបាល អ្នកសួរចម្លើយ។ ស្រង់សម្ដីដោយវិទ្យុអាស៊ីសេរី ផ្សាយជាភាសាវៀតណាម អង្គរក្សមួយរូប ដែលនិយាយភាសាវៀតណាម បានបញ្ជាក់ថា ខ្លួនគេគ្មានការជាប់ពាក់ព័ន្ធ ក្នុងឃាតកម្មនេះទេ ហើយបានអះអាងទៀតថា ថ្ងៃកើតហេតុ ខ្លួនគេមិនមានវត្តមាន នៅរាជធានីភ្នំពេញឡើយ។
ក្រៅពីអង្គរក្សទាំងបួននាក់ របស់លោក ថោង សារ៉ាត់ តុលាការសាលាដំបូងដដែល ក៏បានធ្វើការឃុំខ្លួនលោក ថោង ចំរើន និង អ្នកស្រី កែវ សារី ដែលឪពុកម្តាយរបស់លោក ថោង សារ៉ាត់ នៅពន្ធនាគារព្រៃសរ ដូចគ្នាដែរ ដោយជាប់ចោទ ពីការប្រើប្រាស់ និងលាក់ទុក អាវុធខុសច្បាប់។ ប៉ុន្តែ ឪពុកម្តាលលោក ថោង សារ៉ាត់ ត្រូវបានដោះលែងកាល ពីថ្ងៃសៅរិ៍ទី៧ ខែកុម្ភៈកន្លងមក ដោយអំណាចដីការមួយ របស់ចៅក្រមស៊ើបអង្កេត មុននឹងចាប់ខ្លួនមកវិញ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ក្រោមបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អ្នកទាំងពីរបានរងការចោទប្រកាន់ថា បានព្យាយាមរត់ចេញ ទៅប្រទេសវៀតណាម តាមខេត្តស្វាយរៀង៕