វិធីបញ្ចុះបញ្ចូលរបស់អូស្ត្រាលី ដើម្បីឲ្យជនភៀសខ្លួន មកកម្ពុជានៅសប្ដាហ៍ក្រោយ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៤
- កែប្រែចុងក្រោយ: April 18, 2015
- ប្រធានបទ: អន្តោរប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើ ជនភៀសខ្លួនបានធ្វើចំណាកស្រុក អ្នកទាំងនោះ សុទ្ធតែចង់ស្វែង រកលក្ខខ័ណ្ឌជីវិតដ៏ល្អ នៅប្រទេសណាមួយ ដែលរីកចម្រើន ឬប្រសើរជាប្រទេសកំណើតខ្លួន។ ប៉ុន្តែសម្រាប់ប្រទេសអូស្ត្រាលី ដែលល្បីល្បាញ ខាងការគោរពសិទ្ធិមនុស្ស និងសម្បូរទៅដោយជនភៀសខ្លួន ទៅសុំការជ្រកកោននោះ មិនបានគិតដូច្នោះទេ។ តែផ្ទុយទៅវិញ ប្រទេសដែលរីកចម្រើនមួយនេះ បានបញ្ជូនជនភៀសខ្លួនទាំងនោះ ឲ្យមកចាប់ផ្ដើមជីវភាពថ្មី (អ្វីក៏ថ្មី) នៅក្នុងប្រទេសកម្ពុជា ដែលល្បីល្បាញ ខាងការរំលោភសិទ្ធិមនុស្ស និងជាប្រទេស ដែលក្រីក្រជាងគេ នៅក្នុងតំបន់។
ហើយដើម្បីបញ្ចុះបញ្ចូល ជនភៀសខ្លួនទាំងនោះ ឲ្យមកតាំងទីលំនៅ«ថ្មី» នៅក្នុងប្រទេសកម្ពុជា ក្រសួងអន្តោរប្រវេសន៍របស់ប្រទេសអូស្ត្រាលី មានវិធីសាស្ត្រដ៏ពិសេស របស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ របស់បណ្ដាញវិទ្យុ និងទូរទស្សន៍ អេប៊ីស៊ី (ABC) របស់ប្រទេសអូស្ត្រាលី ដាកផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ នៅក្នុងចំណោមវិធីសាស្ត្រ បញ្ចុះបញ្ចូល ដ៏ពិសេសៗទាំងនោះ មានដូចជា៖ អូស្ត្រាលី នឹងជួយជាថវិការ ទៅលើការស្នាក់នៅ ក្នុងរយៈពេល៦ ទៅ៨សប្ដាហ៍ ក្នុងរាជធានីភ្នំពេញ ជួយរកការងារឲ្យធ្វើ ជួយបង្រៀនភាសា ជួយចុះឈ្មោះក្នុងសាលារៀន សម្រាប់កូនចៅ និងធានារ៉ាប់រងផ្នែកសុខភាពជាដើម។
ក្រសួងអន្តោរប្រវេស របស់កោះអូស្ត្រាលី បានអះអាងថា ជនភៀសខ្លួន ដែលយល់ព្រមមករស់នៅ កម្ពុជា នឹងទទួលបានប្រាក់សុទ្ធ ដោយផ្ទាល់ដៃបន្ថែមទៀត។ ការបញ្ចុះបញ្ចូល មិននៅត្រឹមប៉ុណ្នឹងទេ តែអាជ្ញាធរអូស្ត្រាលី បានអួតអាងជំនួសកម្ពុជាបន្តថា ការរស់នៅក្នុងប្រទេសកម្ពុជា មានតម្លៃជាងនៅលើកោះ ណូរូ (Nauru) ហើយជនភៀសខ្លួន អាចនឹងស្នើសុំសញ្ជាតិកម្ពុជាបាន បន្ទាប់ពីពួកគេរស់នៅ ក្នុងប្រទេសនេះ បាន៧ឆ្នាំ។
នៅពេលចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងអន្តោរប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងសរសើរកម្ពុជា ថា៖ «ជាប្រទេសមួយ ដែលកំពុងដើរទៅមុខ។ ជាប្រទេសមួយ ដែលកំពុងវិវត្តន៍យ៉ាងខ្លាំង។»
ជនភៀសខ្លួនមួយរូប បានថ្លែងប្រាប់សារព័ត៌មាន «The Guardian» ថា៖ «ពួកគេបានធ្វើការស្រាវជ្រាវ ពី"កម្ពុជា" នៅលើហ្គូហ្គ័ល (Google) ពួកគេបានរកឃើញថា កម្ពុជា មិនមែនជាប្រទេសរីកចម្រើនទេ ហើយមានគ្រោះថ្នាក់ទៀត។ រឿងនេះ ធ្វើឲ្យពួកគេព្រួយបារម្ភណាស់។»
ក្រុមសកម្មជនក្រៅរដ្ឋាភិបាល ដែលធ្វើការងារ ខាងផ្នែកមនុស្សធម៌ និងសិទ្ធិមនុស្ស បានធ្វើការរំលឹកថា ប្រាក់បៀវត្សន៍ក្នុងស្រុក ជាទូទៅនៅកម្ពុជា ស្ថិតនៅក្រោម១០០ដុល្លា នៅឡើយ ហើយ៤០% នៃកុមារដែលមានអាយុក្រោម៥ឆ្នាំ មានបញ្ហាកង្វះចំណីអាហារ សឹងតែជាប្រចាំ។ ក្រុមសកម្មជនទាំងនោះ បានធ្វើការបរិហារប្រទេសកម្ពុជាទៀតថា បើសូម្បីប្រជានកម្ពុជាខ្លួនឯង បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការបណ្ដេញចេញ ពីលំនៅដ្ឋាន ដីធ្លីរបស់ពួកគេ ហើយអាជ្ញាធរមិនបានធ្វើការងារ ដើម្បីការពារជនរងគ្រោះទាំងនោះផង បើអញ្ចឹងទេ តើកម្ពុជាមានសមត្ថភាពឯណា នឹងអាចទទួលជនភៀសខ្លួន ពីបរទេសយ៉ាងច្រើន ឲ្យមករស់នៅលើនៅទឹកដីរបស់ខ្លួននោះ?
សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងអូស្ត្រាលីនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយអង្គការសហប្រជាជាតិ។ ស្នងការជាន់ខ្ពស់មួយរូប ទទួលបន្ទុកខាងសិទ្ធមនុស្ស របស់អង្គការពិភពលោកមួយនេះ បានថ្លែងសង្កត់ធ្ងន់ថា៖ «ការស្នើសុំជ្រកកោន ត្រូវតែទទួលបាននូវកិច្ចការពារ ពីប្រទេសដែលជនភៀសខ្លួនទាំងនោះ បានទៅដល់»៕