ភាព​«ជូរ»​នៃ​មហា​សាគរ ជា​ការ​គម្រាម​ដ៏​ធំ​សម្រាប់​មនុស្ស​ជាតិ?

ការសិក្សាថ្មីមួយ បានបង្ហាញថា ការកើនឡើង នៃជាតិជូរ ក្នុងទឹកសមុទ្រ នឹងអាចជាការគម្រាមមួយ ទៅដល់ការរស់រានមានជីវិត របស់មនុស្ស នៅលើផែនដី។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: ផែនដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ? ការរលាយ នៃផ្ទាំងទឹកកក? បើទោះជាមនុស្សជាតិ ត្រូវប្រឈមនឹង បញ្ហាទាំងពីរនេះ កាន់​តែច្រើនឡើងៗក៏ដោយ តែវា (បញ្ហាទាំងពីរ) លែងជាជាការគម្រាម ដ៏ធំនិងចំពោះមុខ សម្រាប់​មនុស្សជាតិនោះ​ទៀត​ហើយ។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយ របស់សកលវិទ្យាល័យ Edimbourg របស់ចក្រភពអង់គ្លេស ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី បារាំង «l'Express»។

ផ្ទុយទៅវិញ អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យនោះ បានបង្ហាញថា គឺដំណើរការទៅមុខ នៃ«ភាពជូរ»របស់មហាសាគរ ទៅវិញទេ ដែលអាចបិទបញ្ចប់ យុគសម័យនៃមនុស្សជាតិ នៅលើផែនដីយើងនេះ។ ជាភស្ដុតាង កាលពី២៥២លាន​ឆ្នាំ​មុន អភូតហេតុធម្មជាតិ ប្រហាក់ប្រហែលគ្នា បានកើតឡើងរួចមកហើយ ដែលបណ្ដាលមកពីការផ្ទុះភ្នំភ្លើង បន្តបន្ទាប់គ្នា ហើយសឹងតែ១០០% នៃជីវិតសត្វលើគោក និង៩០% នៃជីវិតសត្វក្នុងទឹក ត្រូវបានស្លាប់បាត់ផុតពូជ។

ជាតិជូរ នៃទឹកសមុទ្រ នឹងកើនឡើង ៣០% ក្នុងរយៈពេល២៥០ឆ្នាំ

បើតាមការសិក្សាជាលើកដំបូង តាមបែបវិទ្យាសាស្ត្រនេះ បានឲ្យដឹងថា នៅលើកក្រោយ អភូតហេតុធម្មជាតិ នឹងមិន​មែន​កើតឡើង ពីការផ្ទុះភ្នំភ្លើងដូចមុនទៀតទេ តែបណ្ដាលមកីទង្វើ របស់មនុស្សខ្លួនឯង ដែលជាអ្នកទទួលខុសត្រូវ ទាក់​ទង​នឹងបណ្ដុំ ជាតិកាបោនឌីអុកស៊ីត (carbone dioxyde) ចាក់ចូលទៅក្នុងទឹកសមុទ្រ។

លោក ម៉ាតជូ ក្លាកសុន (Matthew Clarkson) ភូមិសាស្ត្រវិទូ នៃសកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា លទ្ធផល​បាន​បង្ហាញចេញ គួរឲ្យព្រួយបារម្ភ។ តាំងពីយុគសម័យឧស្សាហកម្ម បានកើតឡើង ភាពជូរនៃមហាសមុទ្រ ក៏បានកើន​ឡើង​ដែរ ក្នុងកម្រិតរហូតដល់ ៣០%។ អំណះអំណាងនេះ ត្រូវបានបញ្ជាក់តាំងពីឆ្នាំ២០០៨ នៅក្នុងការស្រាវជ្រាវមួយ ដែល​មាន​ឈ្មោះថា EPOCA។

ការកើនឡើង នៃភាពជូរនេះ នឹងផ្ដល់ផលប៉ះពាល់ដល់ ការរលាយចូលគ្នា នៃសម្បកខ្ចៅខ្យង នៅក្នុងសមុទ្រ ដែលនឹង​បង្ក ឲ្យប្រភពកកើតជាចំណី របស់ត្រី ឬសត្វសមុទ្រ បានធ្លាក់ចុះ។ ហើយនៅពេលដែលគេដឹងថា ផលិតផលនេសាទ បាន​ចិញ្ចឹមមនុស្សប្រមាណជា ៨២០លាននាក់ ក្នុងមួយឆ្នាំៗនោះ គេនឹងកាន់តែពិបាកយល់ថា តើគ្មានចំណី តើត្រី និង​សត្វ​សមុទ្រ នឹងអាចរស់បាន យ៉ាងដូចម្ដេច? ហើយបើគ្មានត្រី និងសត្វសមុទ្រទេ តើមនុស្សនឹងរស់បាន យ៉ាងដូចម្ដេច? នេះ​គេ​នៅ​មិន​ទាន់​រាប់បញ្ចូល ពីជាតិជូរនៃមហាសាគរទាំងនេះ នឹងធ្វើឲ្យបាត់បង់យ៉ាងច្រើន នូវខ្យល់អុកស៊ីសែន រួច​បន្ថែម​​កាន់​​តែ​ច្រើន​ឡើង នូវ​កម្ដៅ​សីតុណ្ហភាព លើ​ផែនដី​នោះ​ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...