សម រង្ស៊ី ទម្លាយ«ការស្ទង់មតិសម្ងាត់មួយរបស់ CPP»ដែលថា CNRP ឈ្នះឆ្នោតឆ្នាំ២០១៨
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 18, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេដឹកនាំប្រឆាំងធំជាងគេ លោក សម រង្ស៊ី បានទម្លាយជាសាធារណៈ ក្នុងថ្ងៃនេះ នូវឯកសារស្ទង់មតិមួយ ដែលទំព័រហ្វេសប៊ុករបស់លោកអះអាងថា ត្រូវបានគណបក្សប្រជាជនកម្ពុជា ធ្វើឡើងយ៉ាងសម្ងាត់ ដោយបញ្ជាទៅក្រុមហ៊ុនអន្តរជាតិមួយ ជាអ្នកទទួលបន្ទុក។ ទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្សប្រឆាំង បានសរសេរថា ការស្ទង់មតិនេះត្រូវបានធ្វើឡើង រវាងពីខែឧសភា មកទល់នឹងខែកញ្ញា ឆ្នាំទៅម៉ិញ ហើយបានបង្ហាញថា៖ «គណបក្សប្រជាជនកម្ពុជា នឹងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលត្រូវរៀបចំឡើង ក្នុងខែកក្កដា ឆ្នាំ ២០១៨»។
ឯកសារស្ទង់មតិ ដែលមានកម្រាស់៥០ទំព័រ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានបង្ហាញឲ្យដឹង ពីលទ្ធផលនៃការស្ទាបស្ទង់ជាច្រើន ស្ដីពីការស្រឡាញ់ ស្អប់ ខឹង ការជឿជាក់របស់ពលរដ្ឋខ្មែរ ធ្វើឡើងទៅលើច្រើនវិស័យ មានដូចជាក្នុងនោះមាន វិស័យសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាដើម។
ការស្ទាបស្ទង់ទាំងនោះ បានប្រៀបធៀបរវាងលោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ហើយក៏បានប្រៀបធៀបដែរ រវាងគណបក្សប្រជាជនកម្ពុជា ទៅនឹងគណបក្សសង្គ្រោះជាតិ ឬគណបក្សហ្វុនស៊ីនប៉ិច។ ការស្ទង់មតិបានបង្ហាញថា លោក ហ៊ុន សែន បានធ្លាក់ប្រជាប្រិយភាព ពីតួលេខ២៦ ក្នុងខែឧសភា មកនៅត្រឹម២៣ ក្នុងខែកញ្ញា ខណៈលោក សម រង្ស៊ី កើនពី១៦ ទៅដល់៣៨។ រីឯលោក កឹម សុខា ទទួលបានតួលេខតែមួយ នៅក្នុងខែកញ្ញា គឺពិន្ទុ ២៤។
ដូចជាសំនួរ ដែលលើកឡើងថា តើអ្នកជឿជាក់ទៅលើអ្នកនយោបាយណា និងគណបក្សនយោបាយណា ដែលអាចគ្រប់គ្រង លើចំណងមេត្រីភាពរវាងកម្ពុជា និងវៀតណាម? ចម្លើយរកឃើញថា លោក ហ៊ុន សែន ទទួលបានពិន្ទុ៤២ និងលោក សម រង្ស៊ី ទទួលបាន៥០ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានពិន្ទុ៤០ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ៥៣។
សំនួរដូចគ្នាទាក់ទងនឹងសេដ្ឋកិច្ច៖ លោក ហ៊ុន សែន ទទួលបានពិន្ទុ៤២ និងលោក សម រង្ស៊ី ទទួលបាន៥១ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានពិន្ទុ៤២ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ៥២។ សម្រាប់សំនួរដែលទាក់ទង នឹងការប្រឆាំងអំពើពុករលួយវិញ៖ លោក ហ៊ុន សែន ទទួលបានពិន្ទុ៣១ និងលោក សម រង្ស៊ី ទទួលបាន៦៩ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានពិន្ទុ៣២ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ៦០។
ចំពោះសំនួរ តើឃាតកម្មបាញ់សម្លាប់លោក កែម ឡី បានធ្វើឲ្យអ្នកខ្វល់ខ្វាយ ពីនីតិរដ្ឋនៅកម្ពុជាដូចម្ដេចខ្លះ? ចម្លើយ៖ អ្នកជឿជាក់លើប្រព័ន្ធយុត្តិធម៌សព្វថ្ងៃ ទទួលបានពិន្ទុ១៨ ខណៈអ្នកមិនជឿជាក់ ទទួលបានពិន្ទុ ដល់ទៅ ៦៦។
ប៉ុន្តែវិស័យផ្សេងទៀតជាច្រើន បានបង្ហាញថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទទួលពិន្ទុបានល្អជាងលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ។ វិស័យទាំងនោះ មានដូចជាការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ និងវិស័យអប់រំជាដើម។
គេមិនដឹងថា ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងរបៀបណាទេ។ តែរូបសញ្ញា (Logo) មួយ ដែលស្ថិតនៅផ្នែកខាងក្រោមរាល់សន្លឹកលទ្ធផល នៃការស្ទង់មតិនេះ បានធ្វើឲ្យគេគិតថា កិច្ចការខាងលើ ជាសមិទ្ធផលរបស់ក្រុមហ៊ុន «Shaviv Strategy and Campaigns» ដែលមានជំនាញខាងយុទ្ធសាស្ត្រ និងការឃោសនា ដើម្បីស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត។ នៅលើគេហទំព័រ «strategyandcampaigns.com» របស់ក្រុមហ៊ុននេះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ គេឃើញមានគម្រោងស្រាវជ្រាវ ជាយុទ្ធសាស្ត្រ សម្រាប់ការបោះឆ្នោត នៅក្នុងប្រទេសជាច្រើន នៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។
ដូច្នេះ ការធ្វើកិច្ចការស្ទង់មតិ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនខាងលើ ពិតជាមានរូបរាងប្រាកដ តែត្រង់ថានរណាជាអ្នកបញ្ជាឲ្យធ្វើ វាស្ថិតនៅជាអាថ៌កំបាំងនៅឡើយ ខណៈកម្ពុជា ជាប្រទេសដ៏«ចម្លែក»មួយ ដែលបានហាមឃាត់ មិនឲ្យធ្វើការស្ទង់មតិអ្វីទាំងអស់ កាលពីពេលកន្លងមក៕