គ.ជ.ប៖ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​បាន​តែងតាំង​យ៉ាង​អាថ៌កំបាំង ជាន់​លើ​មន្ត្រី​ចាស់

សេចក្តីសម្រេចមួយច្បាប់ របស់លោក អឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានឲ្យដឹងពីការតែងតាំង មន្ត្រីក្រោមឱវាទរបស់ខ្លួនចំនួនពីររូប មានថានៈស្មើប្រធាននាយកដ្ឋាន ជំនួសឲ្យមន្ត្រីពីររូប ដែល​កំពុង​ស្ថិតនៅក្នុងតំណែងនៅឡើយ សម្រាប់ស្ថាប័នជាតិមួយនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 30, 2014
  • ប្រធានបទ: ប្រព័ន្ធបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពចម្រូងចម្រាស់​ដ៏​អាថ៌កំបាំង​មួយ បាន​កើត​មាន​ឡើង​ក្នុង​កិច្ចការ​«ផ្ទៃក្នុង»នៃ​ស្ថាប័នជាតិរៀបចំការបោះ​ឆ្នោត ​ហៅ​កាត់ថា គ.ជ.ប ដោយសារតែសេចក្តីសម្រេចមួយ បាន​តែងតាំង​មន្រ្តី​«ថ្មី»​ឲ្យ​ធ្វើការ​ជំនួស​មន្រ្តី​ចាស់ ទាំង​មិន​បាន​ដឹង​ខ្លួន​ជា​មុន​។

ក្នុងថ្ងៃទី៣០ ខែកញ្ញានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ទទួល​សេចក្តី​សម្រេច​មួយ​សន្លឹក ស្ដីពីការ​តែង​តាំង​មន្រ្តី​ពីរ​រូប ហើយ​មាន​ចុះ​ហត្ថលេខា​ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប។ ​មន្រ្តីថ្មី​ទាំង​ពីររូប​នោះ មាន​ថានៈ​ស្មើ នឹង​ប្រធាន​នាយកដ្ឋាន នឹង​ធ្វើការ​ជំនួស​ប្រធាន​នាយកដ្ឋាន ដែល​បច្ចុប្បន្ន​កំពុង​មាន​តួនាទី ក្នុង​មុខ​តំណែង និង​ភារកិច្ច​ប្រចាំថ្ងៃ​នៅ​ឡើយ។

នាយកដ្ឋានទាំងពីរ រួមមាន នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកការងារស្រាវជ្រាវច្បាប់ និង​ដោះ​ស្រាយពាក្យបណ្តឹង ដែលមានលោកលោក កែវ ផល្លា កំពុងកាន់តំណែងជាប្រធាននាយកដ្ឋាននេះ និង​នាយក​ដ្ឋាន​ប្រត្តិបត្តិការ ទទួលបន្ទុកការងារប្រតិបត្តិ ដែលមានប្រធាននាយកដ្ឋានសព្វថ្ងៃឈ្មោះ លោក ហ៊ី រ៉ុង។

តាមការបញ្ជាក់ពីមន្រ្តីមួយរូប ដែលស្និតនឹងស្ថាប័នមួយនេះ ក្នុងលក្ខ័ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សេចក្តីសម្រេចដែលចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤​ពោលគឺក្នុងរយៈពេលជាងបីសប្តាហ៍មកនេះ ក្រៅពីសាមីខ្លួន (អ្នកដែលត្រូវបានតែងតាំង) មិនមាននណា​ម្នាក់​​ផ្សេងដឹងឬនិយាយបានម្យ៉ាងទៀតថា វាដូចជាក្រដាសមួយសន្លឺក ដែលមិនមាននរណាចាប់​អារម្មណ៍​​ឡើយ។ សេចក្តី​សម្រេច​ដ៏​ខ្លីនេះ ត្រូវបានកប់ចោលក្នុងថតតុ ជាមួយនឹងការបញ្ជារបស់លោក អ៊ឹម សួស្តី ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ទៅ​អ្នកសារព័ត៌មាន ឬបិទប្រកាសជាសាធារណៈនៅក្នុងស្ថាប័ន គ.ជ.ប នោះទេ។

មន្រ្តីរូបនោះបានបញ្ជាក់ទៀតថា  តែបើពិនិត្យឲ្យកាន់តែច្បាស់ លើសេចក្តីសម្រេចនោះ នៅក្នុងប្រការ«១»​មានឃ្លាមួយបានសរសេរថា៖ «មាន​បុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន»។

ពាក្យ«បុព្វសិទ្ធិ»នេះ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត មានន័យថា ជា«ផលប្រយោជន៍ ឬ​អំណាចពិសេស ដែលវរៈជនខ្លះត្រូវបាន ឬត្រូវមានតាមមុខតំណែង»។ ប្រភពលាក់អត្តសញ្ញាណ​បាន​ពន្យល់​ទៀត​​​ថា តែសម្រាប់ការងារនៃស្ថាប័ន គ.ជ.ប មួយនេះវិញ មានន័យថាជាសិទ្ធិផ្តាច់មុខ ក្នុងការទទួល​ធ្វើ​​ការងារ​អ្វីមួយ ក្នុងក្របខណ្ឌទៅតាមលិខិតតែងតាំង ដែលគ្មានភាគីណាមួយមកជំទាស់បាន បើទោះបី​មន្រ្តី​​ចាស់​​ក្នុង​​តំណែង​ក៏ដោយ។

ទាក់ទងនិងការចេញសេចក្តីសម្រេចនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនមានការបកស្រាយ​ណា​មួយ​ច្បាស់លាស់ ពីស្ថាប័ន គ.ជ.ប ឡើយ ពិសេសពីលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដោយទូរស័ព្ទ​របស់​លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ។

តាមការបន្ថែមរបស់ប្រភពខាងលើ បាន​ឲ្យ​ដឹងទៀតថា សូម្បីតែលោក ទេព នីថា ក៏មិនបាន​ដឹង​ពីការតែង​តាំងនោះដែរ ព្រោះថា ក្នុងលិខិតនោះ​មិន​មានការចុះហត្ថលេខាខ្លី (គ្រីស) របស់លោកឡើយ។ តែផ្ទុយ​ទៅ​វិញ បែរជាមានការចុះហត្ថលេខាខ្លី ដោយ​មន្ត្រី​ខ្លួនឯង ដែលទទួលការតែងតាំងក្នុងលិខិតនោះ និងដែល​គេ​ស្គាល់ថា ជាជំនួយការផ្ទាល់ និងត្រូវ​ជា​ក្មួយ​របស់​លោក អ៊ឹម សួស្តី ទៅវិញ។ មន្ត្រីដដែលបានលើកហេតុផល នៃការ​តែងតាំងមមន្រ្តីជាន់ខ្ពស់ទាំងពីររូប មកពីគណបក្សប្រជាជនកម្ពុជា​នេះ គឺដើម្បីតាមដាន គ្រប់គ្រង និង​អនុវត្ត​ការងារសម្រាប់អាណត្តិថ្មីរបស់ គ.ជ.ប បន្ទាប់ពីមានការធ្លាក់ចុះ​យ៉ាង​គំហុក​ នៃសន្លឹកឆ្នោតរបស់​គណបក្ស​​ប្រជាជនកម្ពុជា និងក៏ជាការបង្ហាញនូវភាពមិនទុកចិត្ត ទៅលើ​មន្រ្តី​ចាស់​ពីររូប ដែលកំពុងស្ថិត​ក្នុង​តំណែង​នៅ​ឡើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នឹងស្វែងរកប្រតិកម្មបន្ថែម ជុំវិញការតែងតាំងមន្រ្តីជាន់ខ្ពស់ទាំងពីររូបខាងលើ ជំនួសមន្រ្តីចាស់ ដែលកំពុងស្ថិតក្នុងតំណែងនេះ ក្នុងអត្ថបទលើកក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...