កម្ពុជាអាច«ដាក់» ក៏អាច«ដក»មកវិញ នូវកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីអូស្ត្រាលី
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 29, 2014
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា លោក ឡុង វីសាលោ បានថ្លែងឲ្យដឹងថា កម្ពុជាក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការផ្លាស់ប្តូរគំនិត មិនទទួលយកជនភៀសខ្លួនទាំងនោះ ដោយគ្មានល័ក្ខខ័ណ្ឌ និងការគាបសង្កត់។ យ៉ាងណាក៏ដោយ លោកថា តែក៏ចាំបាច់ត្រូវធ្វើការជូនដំណឹង ទៅភាគីរដ្ឋាភិបាលអូស្ត្រាលី ឲ្យបានមុនប្រាំមួយខែដែរ។
លោក វីសាលោ បានបន្តថា នេះក៏មិនមែនជាបញ្ហាថ្មីសម្រាប់កម្ពុជា ឬដែលកម្ពុជាបានធ្វើនោះដែរ។ លោកបានលើកជាឧទាហរណ៍ថា កន្លងមកប្រទេសកម្ពុជា ក៏ធ្លាប់ទទួលយកជនភៀសខ្លួនមួយចំនួន ដូចជាក្រុមម៉ុងតាញញ៉ាពីវៀតណាមជាដើម។ ហើយការទទួលយកជនភៀសខ្លួនមួយចំនួន ក៏ព្រោះតែអនុវត្តទៅតាមអនុសញ្ញា ស្តីពីជនភៀសខ្លួនប៉ុណ្ណោះ តួយ៉ាងដូចជាការទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ត្រាលីនេះជាដើម។
ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេសស្ដីទី ទំនងជាចង់ឆ្លើយតប ទៅនឹងការរិះគន់ ដែលបានផ្ទុះឡើងយ៉ាងព្រោងព្រាត ប្រឆាំងកិច្ចព្រមព្រៀងនេះ ដែល ត្រូវបានចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងមក។
ប៉ុន្តែលោក ឡុង វីសាលោ បានបន្តបកស្រាយទៀតថា៖ «ការទទូលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឲ្យមកតាំងទីលំនៅកម្ពុជា គឺជាសកម្មភាពមនុស្សធម៌របស់កម្ពុជា និងស្របតាមហត្ថលេខី នៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងឆ្នាំ១៩៦៧»។
កម្ពុជាមានជនអន្តោប្រវេស៩១នាក់...
បន្ថែមនឹងការលើកឡើងខាងលើ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដែលមានវត្តមានដែរនោះ បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាមានជនអន្តោប្រវេសន៍ចំនួន៩១នាក់ហើយ។ ជនអន្តោប្រវេសទាំងនោះ មកពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម,ថៃ, ប៉ាគីស្ថាន, ស្រីលង្កា, ប៉ាលេស្ទីន, អេខ្យូពី អីរ៉ាក់ និងឥណ្ឌាជាដើម។ លោកបន្តថា ពួកគេក៏បានរស់នៅ ដោយសុខសប្បាយដូចជនជាតិកម្ពុជាដែរ។
លោក ឡុង វីសាលោ បានថ្លែងបន្តថា ក្រុមជនភៀសខ្លួនទាំងនោះ នឹងស្នាក់នៅមួយរយៈ ឬក្នុងរយៈពេលតិចបំផុត១២ខែ ក្នុងរាជធានីភ្នំពេញដើម្បីរៀនភាសា ភូមិសាស្ត្រ និងប្រពៃណីខ្មែរ ជាមួយនឹងការតាំងទី ដែលមានមន្ទីរពេទ្យ ទីផ្សារ និងការប្រកបរបរចិញ្ចឹមជីវិតជាដើម មុននឹងបញ្ជួនពួកគេ ឲ្យទៅរស់នៅតាមបណ្តាខេត្តនានា។ បន្ទាប់មក ពួកគេក៏នឹងទទួលបាន នូវអន្តសញ្ជាណប័ណ្ឌសញ្ជាតិខ្មែរតាមតម្រូវការ៕