ក្រុមអាជីវករផ្សារដើមគរ ដង្ហោយឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាទឹកលិចផ្សារ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 29, 2014
- ប្រធានបទ: ភ្នំពេញលិចទឹក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយទឹកមុខម៉ូម៉ៅ កំពុងឈរត្រាំក្នុងទឹក អ្នកស្រី ហាយ ស្រីពៅ ជាអាជីវករលក់បន្លែ នៅផ្សារដើមគរ បានប្រាប់ឱ្យដឹងថា អ្នកស្រីមានអារម្មណ៍ពិបាក និងធុញថប់មែនទែន ព្រោះតែកន្លែងដែលអ្នកស្រីលក់រាល់ថ្ងៃ ត្រូវលិចទឹកឱ្យតែពេលមានភ្លៀងធ្លាក់។ ម្យ៉ាងទៀត អត់ទាំងកន្លែងដាក់របស់របរលក់ ទាំងអ្នកមកទិញ ក៏គ្មាន ដោយសារតែទីផ្សារទាំងមូល ប្រៀបដូចជាទន្លេមួយ។
ភ្លៀងមួយមេម្សិលមិញ បានប្រែទិដ្ឋភាពរាជធានីភ្នំពេញ គ្របដណ្ដប់ទៅដោយទឹក ជាពិសេសនៅផ្សារដើមគរនេះតែម្តង ព្រោះស្ថិតក្នុងទីទំនាបទាប។ អ្នកលក់គ្រឿងទេស នៅផ្សារដើមគរម្នាក់ទៀត បានរៀបរាប់ថា ពេលកន្លងមក តូបរបស់អ្នកស្រីមិនមានទឹកចូលនោះទេ ព្រោះអ្នកស្រីបានចាក់រនាំងឥដ្ឋដើម្បីកុំឱ្យទឹកចូល ប៉ុន្តែភ្លៀងមួយមេកាលពីម្សិលម៉ិញនេះ ទឹកបានលិចចូលពេញក្នុងផ្ទះរបស់អ្នកស្រី ដោយសារវាផុសពីក្នុងលូមកវិញ។
អាជីវកររូបនេះបន្តថា គ្រឿងទេសមួយចំនួនរបស់អ្នកស្រីដូចជាខ្ទឹម អំបិល ប៊ីចេង អង្ករជាដើមត្រូវបានខូចខាតអស់។ អ្នកស្រីថា អ្នកទទួលខុសត្រូវផ្សារបានទារលុយថ្លៃភាស៊ី ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលគិតគូរ ពីបញ្ហារបស់អាជីវករនោះទេ។ ចំពោះការខាតបង់របស់អ្នកស្រី ក៏ដូចជា អាជីវករដ៏ដៃទៀត អាជីវកររូបចោទសួរ និងឆ្លើយខ្លួនឯងថា៖ «តើថាអ្នកណា ជាអ្នកទទួលខុសត្រូវ អាជ្ញាធរឬក៏រដ្ឋាភិបាល? តែជាទូទៅគ្មានអាជា្ញធរណា ដែលមកគិតគូរទ មានតែប្រជាពលរដ្ឋខ្លួនឯង តែប៉ុណ្ណោះគិតគូរ។»
សម្រាប់លោក អួន វង ជាអ្នករត់ម៉ូតូឌុបនៅម្តុំផ្សារដើមគរនេះដែរ បានបង្ហាញអារម្មណ៍ម៉ួមៅក្រោយពេលភ្លៀងធ្លាក់ថា តាមធម្មតាលោករកបានមួយថ្ងៃប្រមាណជា៣ម៉ឺនរៀល។ ប៉ុន្តែបន្ទាប់ពីមានភ្លៀងធ្លាក់ លិចផ្លូវល្ហាចល្ហឹមអញ្ចឹង សូម្បីតែមួយរយរៀលក៏រកមិនបានផង ណាមួយម៉ូតូក៏ចាស់ មិនអាចស៊ូជាមួយទឹកបាន ត្រូវខកពេលដឹកឥវ៉ាន់ទៅឲ្យគេនៅតាមហាង។
មិនថាតែអ្នកលក់នោះទេ ដែលមានអារម្មណ៍ធុញថប់ ខណៈដែលរបស់របររបស់ខ្លួន ត្រូវនៅសល់ពាសពេញ និងមួយត្រូវខូចខាត សូម្បីតែប្រជាពលរដ្ឋ ដែលមកទិញម្ហូបអាហារ ក៏មារនអារម្មណ៍បែបនោះដែរ ដែលពួកគេសុទ្ធតែអំនាវនាវ ឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហានេះឱ្យបានច្រើន ព្រោះកាលពីមិនទាន់លុបបឹងនានា នៅក្នុងទីក្រុងភ្នំពេញ មិនដែលជួបបញ្ហាបែបនេះឡើយ។
អាជីវករ អ្នកស្រី ហាយ ស្រីពៅ បានថ្លែងសំណូមពរ ទៅកាន់រដ្ឋាភិបាលថា «សូមជួយធ្វើយ៉ាងម៉េច ឬធ្វើលូធ្វើអីដើម្បីកុំឱ្យវាលិចទឹក និងមានកន្លែងលក់ស្រួលបួល»៕