អភិបាល​រង​ខណ្ឌ​ទួលគោក និង​មេ​ផ្សារ​ដើម​គ «ឆេះដុំ»

យូរៗជួប្រជុំគ្នាម្តង លើករឿងអាក្រក់ ចេញមកនិយាយឲ្យអស់មើល៍ កុំទុក ហើយបើរឿងណា ល្អៗ ទុកអនុវត្តន៍ទៀតចុះ ព្រោះវានឹងធ្វើឲ្យសង្គម រីកចម្រើនប្រសើឡើង។ នេះជាការលើកឡើង របស់អភិបាលរងខណ្ឌទួលគោក។ តែ​រឿង​មិន​មែន នៅ​ត្រឹម​ប៉ុណ្ណឹង​នោះ​ទេ...
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានផ្សារដើមគរ និងអភិបាលរងខណ្ឌទួលគោក បានបង្កើតការជួបប្រជុំមួយ ស្តីពីការបួកសរុប លទ្ធផល​ប្រចាំ​ខែ ដែលបានសម្រេច។ ការប្រជុំនេះបានធ្វើឡើង បន្ទាប់ពីនៅក្នុងខណ្ឌមួយនេះ ចេះតែមានរឿងរហូត ជាពិសេសគឺរឿងសណ្តាប់ធ្នាប់ នៅក្នុងផ្សារដើមគ ដែលមានអ្នកលក់កាន់តែច្រើនឡើងៗ មករាលដាល​លក់​កណ្តាលផ្លូវ ដោយមិនខ្វល់ ពីសណ្តាប់ធ្នាប់ចររាចរណ៍ ដែលមន្រ្តីកំពុងតែអនុវត្ត៍ យ៉ាងតឹងរឹងនោះទេ។

ក្នុងនោះមានការចូលរួមពីលោក សេង សារ៉ន ប្រធានផ្សារដើមគ និងលោក ប៉ាង លីដា អភិបាលខណ្ឌទួលគោក និងប្រធានផ្នែកសណ្តាប់ធ្នាប់ តាមគោលដៅមួយចំនួនទៀត នៅក្នុងខណ្ឌនេះ។ ការប្រជុំនេះ បានចាប់ផ្តើម នៅ​វេលាម់ោង៣រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការផ្សារដើមគ ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

តាមការលើកឡើង របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្នុងអង្គប្រជុំនោះ បានបញ្ជាក់ខ្លាំងៗថា រាល់គ្រប់​ប្រធានគោលដៅនានា ដែលមាននាទីរៀបចំសណ្តាប់ធ្នាប់ខណ្ឌ មេត្តាលើកឡើង ពីបញ្ហាលំបាករបស់ខ្លួន ឲ្យ​អស់​ថា មានអ្វីដែលធ្វើឲ្យរាំងស្ទះ ការអនុវត្តន៍ទាំងនោះ ហើយមូលហេតុអ្វី បានជាពេលលោកចុះ ទៅត្រួត​ពិនិត​ម្តងៗ ស្ទើរតែគ្មានផ្លូវដើរ? កន្លែងខ្លះមានឡានធំៗ ចតដាក់បន្លែខុសម៉ោង កន្លែងផ្លូវធ្វើចររាចរណ៍ មានអ្នក​លក់​ដូរ​ពេញផ្លូវ។

លោក សាយ ធា ប្រធានអ្នកត្រួតពិនិត្យសណ្តាប់ធ្នាប់ នៅលើផ្លូវ៣៣៦ ជាប់នឹងផ្សារដើមគរ បានប្រាប់ឲ្យដឹង ពីទុក្ខលំបាករបស់ខ្លួនថា គឺមកពីអ្នកលក់កញ្ចែ្រងចល័ត មានច្រើន ដូច្នេះទោះជាដេញទៅ មិនបានប៉ុន្មាន ក៏​មក​វិញ។ លោកបន្ថែមថា ការកកស្ទះមួយចំណែកទៀត គឺដោយសារអ្នករត់ម៉ូតូឌុប ដែលនាំគ្នាចតនៅពីមុខផ្សារ ចាំ​ម៉ូយជារៀងរាល់ថ្ងៃ ក៍ពិបាកទប់ស្កាត់ដែរ។

ដោយឡែកលោក សុខ សុភាព និងលោក សារី ថារី ដែលមាននាទី ជាអ្នកដឹកនាំកម្លាំង ប្រចាំច្រកផ្លូវមុន្នីរ៉េត និង​សួនច្បារចេនឡាផ្សារដើមគ បានលើកឡើងស្រដៀងគ្នាថា លោកមានបញ្ហា លំបាកដោយសារតែ មានអ្នក​សុំ​ទាន​ច្រើនជាដើម ដែលចាំសុំនៅច្រកផ្លូវ និងសួនខាងលើ ធ្វើឲ្យមានការកកស្ទះជាប្រចាំ។ លោកបានអនុវត្តន៍ ជា​មួយ​អ្នកទាំងនោះ ដោយប្រាប់ឲ្យចេញជាដើម តែមិនបានប៉ុន្មាន ក៏មកវិញដូចគ្មានអ្នកណាប្រាប់។

រីឯប្រធានផ្សារ លោក សេង សារ៉ន វិញ បានលើកឡើង ក្នុងអង្គប្រជុំនេះស្រដៀង នឹងអភិបាលរងខណ្ឌដែរថា បើមានអ្វីលំបាក ខាងសន្តិសុខខាងក្រៅ ត្រូវតែសហការ ជាមួយខាងផ្សាររបស់លោក។ ដើម្បីលុបបំបាត់​ការ​លក់​ដូរ បែបអនាធិបតេយ្យទាំងនេះ លោកថា ចង់ឲ្យការអនុវត្តន៍នេះ វាមានប្រសិទ្ធភាពយូរអង្វែង។លោកបាន​លើកឡើងថា៖ «ខ្ញុំបានចុះកាលពីម្សិលម៉ិញ ឃើញថានៅផ្សារដើមគ ដូចជម្ងឺលាប់ឡើងវិញ អញ្ចឹង»។

ការប្រជុំត្រូវបានបិតបញ្ចប់ នៅពីរម៉ោងក្រោយ ពីកិច្ចចាប់ផ្តើម ក្នុងនោះលោកអភិបាលរងខណ្ឌ បានបញ្ជាក់​ហើយបញ្ជាក់ទៀតថា លោកមិនចង់ឃើញ ទង្វើបែបនេះទៀតទេ សូមឲ្យអ្នកថ្នាក់ក្រោមទាំងអស់ មេត្តពង្រឹង កម្លាំងខ្លួនឯងសហការគ្នា ដើម្បីប្រជាពលរដ្ឋនិងអាជីវករ។ លោកប្រាប់ថា លោកធ្លាប់បានលឺពាក្យសម្តី ពី​អ្នក​លក់​ថា លោកជាអ្នកដើរ ជំរិតទារលុយអ្នកលក់ទាំងនោះ តែផ្ទុយទៅវិញ ខ្លួនលោកមិនបានដឹងអ្វីសោះ។

«ស្បថឲ្យរន្ទៈបាញ់»

លោកបានស្នើរ ឲ្យមានការកែប្រែបើមានមែន ព្រោះក្នុងចំណោម អ្នកធ្វើសណ្តាប់ធ្នាប់ មានច្រើនណាស់ ក្នុង​នោះ​មានអ្នកល្អ មានអ្នកអាក្រក់ ដូច្នេះមិនត្រូវអនុវត្តន៍ តែម្នាក់ឯង នាំឲ្យប៉ះពាល់ ដល់អ្នកដ៏ទៃទាំងក្រុម​នោះ​ឡើយ។ មន្រ្តីដឹកនាំខណ្ឌរូបនេះ បានលើកឡើងថា៖ «បើខ្ញុំបានយកលុយអ្នកលក់ ដូចគេថា ហៅអ្នកនោះមក ស្បថជាមួយខ្ញុំ ឲ្យរន្ទះបាញ់ក៏បានដែរ ! ខ្ញុំមិនចង់ ឲ្យមានអ្នកធ្វើតែម្នាក់ ហើយខូចឈ្មោះ អស់មួយជួរ​នោះ​ទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...