រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ បាន​​អះអាង​ធានា​ទទួលខុសត្រូវទាំងស្រុង ​ទៅ​លើ​ជីវភាព​រស់នៅ ​ពិសេស​ការរៀនសូត្រ​ រហូតចប់ចុង​ចប់​ដើម របស់​កូន​ប្រុស​​ស្រី​សព​ លោក​វរសេនីយ៍​ ទៀន កុរ​ណា ដែលពលីនៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប ក្រុម​ខ្មាន់​កាំភ្លើង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មេសា​ម្សិល​ម៉ិញ។
រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា
រូបថតលោក ទៀន កុរណា នៅទីតំកល់សព ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 28, 2016
  • ប្រធានបទ: ពលិកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលិកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជន គប្បីត្រូវមានការទទួលស្គាល់។ ហើយនេះ ក៏ជាករណីដែលលោក ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​ កងរាជ​អាវុធ​ហត្ថ​រាជធានី បានប្រកាសទៅកាន់គ្រួសារសពលោក វរសេនីយ៍ ទៀន កុរណា ដែលបានពលីជីវិត នៅ​ក្នុង​ការ​ផ្ទុះអាវុធដ៏ខ្លាំងក្លា រវាងកងកម្លាំងអាជ្ញាធរ និងក្រុមប្រដាប់អាវុធ ដែលសង្ស័យជាមេឈ្មួញ លក់​គ្រឿង​ញៀន​ដ៏​ធំ​មួយ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញ។

ប្រភពព័ត៌មាននៅនឹងកន្លែង បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា នៅ​ចំពោះ​មុខ​ក្រុម​ គ្រួសារ​សព​លោក​វរសេនីយ៍ ទៀន កុរណា ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ ​រាជធានី​ ភ្នំពេញ​ នៅ​យប់​ថ្ងៃ​កើតហេតុ ​(ថ្ងៃ​ទី​២៧ ខែ​​មេសា​) លោកឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា លោក​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ ទៅ​លើ​ជីវភាព​រស់នៅ ​ពិសេស​ការរៀនសូត្រ​  របស់កូនប្រុស​ស្រី​សព រហូតពួកគេ​បញ្ចប់​ការសិក្សា​ និង​មាន​ការងារ​ត្រឹមត្រូវ​។

ក្នុងករណីដែលពួកគេ (កូនស្រី​ម្នាក់​ និង​ប្រុស​ម្នាក់ របស់លោក ទៀន កុរណា) ចង់ចូលបម្រើការងារ ជាមន្ត្រី​រាជអាវុធហត្ថ លោកមេបញ្ជាការ បានអះអាងថា លោក​នឹង​​ស្នើសុំទៅថ្នាក់លើ ដើម្បីធ្វើការសម្រេច។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណឹងនោះទេ រីឯការរៀបចំ ​ធ្វើ​ពិធី​បុណ្យ​សព​លោក ​ទៀន កុរ​ណា រហូតដល់ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ក៏លោក​ទទួល​រ៉ាប់រង​ទាំងស្រុងដែរ។ ហើយបច្ច័យ ​ដែលទទួល​បាន​ពី​សប្បុរសជន​ទាំង​​ប៉ុន្មាន ​នឹង​ត្រូវប្រគល់​ ឲ្យ​ភរិយា​សព​លោក ​ទៀន កុរ​ណា ​ទាំងអស់​ ដើម្បីជាការ​ដោះ​ស្រាយ​​ជីវភាព។

មរណភាព របស់លោក ទៀន កុរណា ដែលមានថានៈ ជានាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបង្កឲ្យមានការរំជួយចិត្ត នៅគ្រប់មជ្ឈដ្ឋានទាំងអស់។ នៅតាមបណ្ដាញ​សង្គម រូបថត និងការចូលរួមមរណទុក្ខ ត្រូវបានផ្សព្វផ្សាយ និងធ្វើការចែករំលែកយ៉ាងទូលំទូលាយ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ក៏បានផ្ញើរសារចូលរួមរំលែកទុក្ខ ទៅ​ដល់គ្រួសារ​សព​លោក ទៀន ករុណា ដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីបុណ្យសព លោក ទៀន កុរណា ត្រូវបានតម្លើងឋានន្តរសក្ដិ​ឲ្យឡើងជា វរសេនីយ៍​ត្រី ដែលជាកិច្ចបច្ឆាមរណៈ។ សពលោក នឹងត្រូវដង្ហែយកទៅបូជា នៅរសៀល​ថ្ងៃសៅរ៍ខាង​មុខ​នេះ វេលា​ម៉ោង១៤ នៅវត្តន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...