ផ្ទុះអាវុធកណ្ដាលរាជធានី រវាងអាវុធហត្ថនិងខ្មាន់កាំភ្លើង៖ អ្វីដែលគេដឹងចុងក្រោយ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 27, 2016
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សពីរនាក់បានស្លាប់ ក្នុងនោះម្នាក់ជាមន្ត្រីរាជអាវុធហត្ថ និងម្នាក់ទៀត ជាខ្មាន់កាំភ្លើង ដែលបានបាញ់ឆ្លើយឆ្លង ជាមួយកងកម្លាំងអាជ្ញាធរ។ ជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន និងវាយខ្នោះបញ្ជូនទៅសួរចម្លើយ។ នេះបើតាមតុល្យភាពចុងក្រោយ ដែលមន្ត្រីរាជអាវុធហត្ថនៅនឹងកន្លែង បានប្រកាសឲ្យដឹង។ ហេតុការណ៍បានផ្ទុះឡើង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ វេលាម៉ោងប្រមាណ ១៦ និង១០នាទី នៅផ្ទះលេខ៣៧ ផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកនៅជុំវិញតំបន់កើតហេតុ ត្រូវរងចាំរហូតដល់២ម៉ោងក្រោយ ទើបការផ្ទុះអាវុធបានបញ្ចប់ទៅ ជាស្ថាពរ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ជនម្នាក់ដែលត្រូវកងកម្លាំងអាជ្ញាធរបាញ់ស្លាប់ នៅក្នុងផ្ទះនោះ ជាមេក្លោងនៅក្នុងការជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះ អាជ្ញាធរបានធ្វើការចាប់ខ្លួន មនុស្សសង្ស័យដែលជាបក្ខពួក របស់ជនខាងលើ បានចំនួន៥នាក់។ ក្នុងនោះមានម្នាក់ (ដែលអត់អាវ រូបខាងក្រោម) មានឈ្មោះ លី កុកហ៊ុយ ជាម្ចាស់ផ្ទះកើតហេតុ និងជាមន្ត្រីអធិការកិច្ចនៅក្រសួងមហាផ្ទៃ ហើយក៏ជាថៅកែជ្រូកខ្វៃ មួយរូបផងដែរ។
លោកមេបញ្ជាការបានបន្ថែមថា ខាងអាជ្ញាធរវិញ មន្ត្រីម្នាក់បានរងការបាញ់រះ ពីសំណាក់ខ្មាន់កាំភ្លើង នៅពេលដំបូង ហើយបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ លោក រ័ត្ន ស្រ៊ាង បានអះអាងបន្ថែមថា សពរបស់មន្ត្រីរបស់លោក នឹងត្រូវបានយកមកធ្វើបុណ្យ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ។ ភ្លាមៗនៅក្រោយដំណឹងនេះ ត្រូវបានផ្សាយចេញនោះ រូបភាពជាច្រើន ដែលបង្ហាញពីមន្ត្រីរាជអាវុធហត្ថ ដែលបានពលីជីវិតខាងលើ ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គមយ៉ាងព្រោងព្រាត។
រំលឹកសាច់រឿងដំបូង...
តាមប្រភពស្និតនឹងអាជ្ញាធរ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងខណ្ឌឫស្សីកែវ។ ក្រុមសមត្ថកិច្ច បានឲ្យជននោះប្រាប់ពីកន្លែង ដែលមេខ្លោងរបស់ជននោះតាំងនៅ។ បន្ទាប់មក ក្រុមអាជ្ញាធរទាំងនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅក្នុងផ្ទះមួយកន្លែង តាមការចង្អុលបង្ហាញ តែមិនមែនជាមេខ្លោងឡើយ។ ប៉ុន្តែភ្លាមនោះ ការផ្ទុះអាវុធបានកើតឡើង រវាងកងកម្លាំងរាជអាវុធហត្ថទាំងនេះ ជាមួយនឹង ក្រុមខ្មាន់កាំភ្លើង បណ្ដាលឲ្យមន្ត្រីរាជអាវុធហត្ថម្នាក់ រងរបួសជាទម្ងន់ (មន្ត្រីដែលពលីខាងលើ)។
កងកម្លាំងច្រើនជាង១០០នាក់ ត្រូវបានបញ្ជូនមកដល់កន្លែង និងធ្វើការឡោមព័ទ្ធផ្ទះ របស់ក្រុមខ្មាន់កាំភ្លើង។ នៅក្នុងរយៈពេលនេះ ក្រុមអាជ្ញាធរបានធ្វើការឃាត់ខ្លួន មនុស្ស៣នាក់ទៀត បន្ថែមពីលើមនុស្សពីរនាក់ ដែលត្រូវបានឃាត់ខ្លួន ពីខាងដើម ខណៈលោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បានចុះទៅដល់ទីកន្លែងកើតហេតុផ្ទាល់ដែរ ដើម្បីដឹកនាំប្រតិបត្តិការនេះ។
ប៉ុន្តែបើទោះជាចាប់ខ្លួន បានរហូតដល់៥នាក់នេះហើយក៏ដោយ តែការផ្ទុះកាំភ្លើង នៅតែបន្តមួយប្រាវទៀត ដែលធ្វើឲ្យគេគិតថា ខ្មាន់កាំភ្លើងកំពុងស្ថិតក្នុងផ្ទះនេះនៅឡើយ។ សូមបញ្ជាក់ដែរថា គេហដ្ឋាននោះ ទំនងជាមានការបំពាក់ដោយកាមេរ៉ាសុវត្ថិភាពជុំវិញ ដែលធ្វើឲ្យក្រុមខ្មាន់កាំភ្លើងអាចដឹង ពីកន្លែងឈរជើង និងការចល័ត របស់កងកម្លាំងសមត្ថកិច្ច សឹងគ្រប់ពេល ហើយអាចធ្វើការបាញ់តបត ក្នុងរយៈពេលយូរដូច្នេះ។
ប៉ុន្តែនៅទីបញ្ចប់ទៅ ជនខ្មាន់កាំភ្លើងម្នាក់នោះ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង។ គេនៅមិនទាន់ដឹង ពីអត្តសញ្ញាណរបស់ជននេះនៅឡើយ។ លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា កងកម្លាំងអាជ្ញាធរ បានដកហូតកាំភ្លើងវែងខ្លី បានចំនួន៥ដើម និងរថយន្តមួយគ្រឿង ម៉ាកអូឌី (Audi Q7)។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរក្សាកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងឆែកឆេរវត្ថុតាង នៅក្នុងផ្ទះនោះជាបន្ត៕