អាជីវករផ្សារដើមគត្រូវបានបណ្តេញ បន្ទាប់ពីសម្ភោធស្ពានអាកាសរួច
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៤
- កែប្រែចុងក្រោយ: August 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោមហេតុផលសម្ភោធស្ពានអាកាស និងថែរក្សាសណ្តាប់ធ្នាប់ផ្សារ អាជីវករផ្សារដើមគ ត្រូវបានបណ្តេញចេញមិនអោយលក់បន្ត ដោយគ្មានមូលហេតុ។
ផ្នែកមួយនៃផ្សារដើមគរ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D. Rith)
សណ្តាប់ធ្នាប់ - នៅថ្ងៃទី០១ ខែសីហា នេះអាជីវករដែលលក់ដូនៅផ្សារដើមគ ត្រូវបានក្រុមសន្តិសុខផ្សារបណ្តេញចេញមិនឱ្យលក់បន្តទៅទៀត។ ក្រុមអាជីវករដែលត្រូវបានបណ្តេញ បានឱ្យដឹងថា មុនដំបូងក្រុមសន្តិសុខបានមកសុំពួកគាត់ចំនួនបីថ្ងៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងអំឡុងពេល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះមកសម្ភោធស្ពានអាកាសស្ទឹងមានជ័យ ពួកគាត់ក៏សុខធ្វើតាមសំណើរ។ ប៉ុន្តែក្រោយរយៈពេលបីថ្ងៃ ដែលបានស្នើនោះ នៅថ្ងៃនេះជាថ្ងៃដែលខាងអាជីវករមកលក់ដូរវិញ បែរជាត្រូវក្រុមសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ផ្សារនេះ មកបណ្តេញចេញ អូសយកឥវ៉ាន់របស់ពួកគាត់ដាក់ឡាន ដោយគ្មានមូលហេតុ និងការជូនដំណឹងជាមុន។
អាជីវករជាអ្នកលក់បន្លែមម្នាក់ បានរៀបរាប់ថា អ្នកស្រីបានទិញតូបនេះតាំងពីឆ្នាំ២០១៣ ពីសន្តិសុខឈ្មោះវ៉ាន់ ក្នុងតម្លៃ៥ពាន់ដុល្លា ថែមទាំងមានកុងត្រាជាមួយគ្នាថែមទៀតផង។ អ្នកស្រីបន្តថា៖ «បើថាខ្ញុំលក់ទៅប៉ះពាល់ដល់ចិញ្ចើមថ្នល់គេ ខ្ញុំអត់ថាទេ ខ្ញុំក៏សុខចិត្តដែរ ប៉ុន្តែខ្ញុំទៅហួសឯណោះ។ (.....) តែឥលូវ គាត់មិនឱ្យខ្ញុំលក់ គាត់បណ្តេញខ្ញុំចេញមិនឱ្យខ្ញុំលក់តែម្តង។»
អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគ អ្នកស្រី ស្រីភា បាន បញ្ជាក់អះអាងផងដែរថា អ្នកស្រីបានលក់ដូរនៅទីនេះតាំងឆ្នាំ២០០៣ ក្នុងពេលដែលអ្នកស្រីទិញបានតូប ពីអ្នកគ្រប់គ្រងផ្សារគេបានសន្យាឱ្យអ្នកស្រីលក់រហូតដោយគ្មានល័ក្ខខណ្ឌ ប៉ុន្តែស្រាប់តែឥលូវនេះ ស្រាប់តែពួកគាត់មកដេញពួកអាជីវករទៅវិញ។ អ្នកស្រីរៀបរាប់បន្តថា៖ «គាត់ថាកន្លែងហ្នឹងសណ្តាប់ធ្នាប់ទីផ្សារ ប៉ុន្តែឥលូវគេដេញតែមួយកន្លែង ទុកមួយកន្លែង អញ្ចឹងខ្ញុំចង់សួរថាទីផ្សាររញ៉េរញ៉ៃតែមួយកន្លែងមួយហ្នឹងមែន វាប៉ះពាល់ទាំងអស់គ្នា? ហើយខ្ញុំចង់សួរថា ខ្ញុំរស់នៅកន្លែងហ្នឹងបានសុខរាប់ខែរាប់ឆ្នាំហើយ ហេតុអ្វីបានជាពួកគាត់ដេញខ្ញុំ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ក្នុងពេលឥលូវហ្នឹង? អយុត្តិធម៌ណាស់។»
ចំនែកអាជីវករម្នាក់ទៀត បានលើកឡើងថា៖ «ពួកខ្ញុំខុសអី បានជានៅសុខៗមកដេញខ្ញុំ ហើយលក់មិនមែនលក់ធម្មតាទេមានទាំងបង់ខែ បង់ឆ្នាំ បង់ថ្ងៃ ភាស៊ីអីក៏មានដែរ មានភាស៊ីបេន ភាស៊ីផ្សារ សន្តិសុខផ្សាក៏មានដែរ និយាយទៅវាច្រើន សូម្បីតែលុយលាងផ្លូវក៏មានដែរ»។
បុរសម្នាក់ ដែលអះអាងជាបុគ្គលិកសន្តិសុខផ្សារដើមគរ លោក តាំង វ៉ុនសេង បានឱ្យដឹងយ៉ាងដូច្នេះដែរថា សណ្តាប់វាជារឿងសំខាន់ បើក្រុមអាជីវករនៅតែបន្តលក់ វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្សារនេះ។ លោកបន្តថា «ចំពោះការដេញទៅដល់ខាងក្នុងអីទៀត មិនទាន់មាគោលការណ៍អីនោះទេ»។
ក្រុមអាជីវករទាំងនោះបានប្តេជ្ញាថា នឹងមិនចេញពីទីកន្លែងហ្នឹងជាដាច់ខាត ព្រោះពួកគាត់បានលក់ដូ នៅទីនេះជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីទេ។ ក្រុមអាជីវករទាំងនោះ បានអះអាងថា នឹងធ្វើការតវ៉ាគ្រប់ទីកន្លែង បើទោះបីជាទៅតវ៉ាដល់ផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ទៅដែរ៕