អគ្គិសនីកម្ពុជាតបណ្ដាញដំបូងជូនកម្មករ ដោយមានការស្វាគមន៍
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ( [email protected] ) - ភ្នំពេញថ្ងៃទី៣១ មករា ២០១៥
- កែប្រែចុងក្រោយ: February 01, 2015
- ប្រធានបទ: ចរន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរអគ្គិសនីកម្ពុជាឲ្យដឹងថា គ្រាន់តែរយៈពេលមួយថ្ងៃ EDC បានតបណ្តាញជូនដល់ផ្ទះជួលឲ្យកម្មករ កម្មការិនីស្នាក់នៅ បានជាង៦០០បន្ទប់។ ដំណើរការតបណ្តាញនេះ នឹងចប់ក្នុងរយៈពេលតិចជាង២ខែ ប្រសិនបើស្ថានភាព និងចង្វាក់ការងារបានប្រព្រឹត្តិទៅរលូន ដូចជាថ្ងៃចាប់ផ្តើមនោះ។
អ្នកបច្ចេកទេស នៃក្រុមការងារអគ្គិសនីកម្ពុជា EDC ប្រើពេលមិនដល់២៤ម៉ោងផង បានតបណ្តាញអគ្គិសនី ចូលដល់ផ្ទះជួលសម្រាប់កម្មករ ព្រមទាំងភ្ជាប់ចរន្តបាន៦៥៩បន្ទប់។ ស្រង់សម្តីដោយវិទ្យុបារាំងអន្តរជាតិ RFI លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងនៅថ្ងៃសុក្រទី៣០ ខែមករានេះថា៖ «ដំណើរការតបណ្តាញអគ្គិសនី នៅថ្ងៃដំបូងរបស់ EDC ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានការជួយសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីម្ចាស់ផ្ទះជួល យ៉ាងពេញលេញ»។
យោងតាមសេចក្តីប្រកាសរបស់ EDC ឲ្យដឹងថា បុគ្គលិកឯកទេសភ្ជាប់ចរន្តរបស់អង្គភាពនេះ ចំនួន២៤០នាក់ ត្រូវបានបែងចែកជាក្រុម ហើយចុះធ្វើការនៅខណ្ឌចំនួនបីជាអាទិភាព គឺខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោរ។ រាល់បន្ទប់ជួលដែល EDC ភ្ជាប់ចរន្តរួហើយ នឹងត្រូវប្រើអគ្គិសនី ក្នុងតម្លៃ៦១០រៀលភ្លាម សម្រាប់មួយគីឡូវ៉ាត់ម៉ោង។
អគ្គនាយកអគ្គិសនី លោក កែវ រតនៈ ធ្លាប់បានប៉ាន់ប្រមាណថា ប្រសិនបើល្បឿនការងារលឿនដូចជាថ្ងៃដំបូង រួមទាំងមានកិច្ចសហការល្អពីម្ចាស់ផ្ទះជួលផងនោះ ការងារភា្ជប់បណ្តាញនេះ នឹងអាចត្រូវបញ្ចប់មុនរយៈពេល២ខែ សម្រាប់បន្ទប់ជួលទាំងអស់ ដែលត្រូវគេវាយតម្លៃថា មានចន្លោះពី៣៥០០០ ទៅ៥០០០០បន្ទប់នៅរាជធានីភ្នំពេញ។
ទោះយ៉ាងនេះក្តី ការងារនេះក៏មានបញ្ហាបន្តិចបន្តួចដែរ ជាមួយម្ចាស់ផ្ទះជួល ក៏ប៉ុន្តែត្រូវបានពន្យល់ ឲ្យមានការព្រមព្រៀងគ្នា។ សូមបញ្ជាក់ថា ក្នុងការភ្ជាប់បណ្តាញអគ្គិសនីថ្មី ដែលផ្តល់ដោយ EDC នាពេលនេះ កម្មករដែលជួលបន្ទប់រួមគ្នា ចូលលុយគ្នាដាក់ប្រាក់កក់ ចំនួន៣០៥០០រៀល។ ប្រាក់កក់នេះ នឹងអាចដកយកវិញបាន នៅពេលដែលកម្មករណាម្នាក់ឈប់ជួលបន្ទប់នោះ ហើយផ្តល់ដំណឹងទៅអគ្គិសនីកម្ពុជាជាមុន៕