ក្រុមហ៊ុនអាកាសចរណ៍១០ មានសុវត្ថិភាពជាងគេ ឆ្នាំ២០១៥
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ មករា ២០១៥
- កែប្រែចុងក្រោយ: February 01, 2015
- ប្រធានបទ: ហោះហើរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្នាំ២០១៤ បានបិទបញ្ចប់ទៅ ដោយការកើនឡើងគួរឲ្យភ័យខ្លាច នូវចំនួនគ្រោះថ្នាក់យន្ដហោះ ជាពិសេសគ្រោះថ្នាក់យន្ដហោះ ដែលបានកើតឡើងផ្ទួនៗដល់ទៅ២ដង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ តែមួយ។
នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ យន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយអ្នកដំណើរទាំង២៣៩នាក់។ យន្ដហោះដែលភ្ជាប់រដ្ឋធានីកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី និងរដ្ឋធានីប៉េកាំង នៃប្រទេសចិន បានបន្សល់ទុកត្រឹមតែជាចម្ងល់ សម្រាប់គ្រួសារនៃជនរងគ្រោះទាំងអស់ ដោយសារតែរហូតមកទល់នឹងពេលនេះ គ្មានស្លាកស្នាមណាមួយ ត្រូវបានគេរកឃើញពីតួយន្ដហោះមួយនេះឡើយ។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ យន្ដហោះប៊ូអីងមួយទៀត នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដដែល ដែលភ្ជាប់រាជធានីអាមស្ទែដាម នៃប្រទេសហូឡង់ ឆ្ពោះទៅរដ្ឋធានី កូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី ដែលមានមនុស្សជិះ ២៩៨នាក់ ត្រូវបានផ្ទុះធ្លាក់ក្នុងពេលកំពុងហោះហើរ។ ក្នុងរបាយការណ៍ស៊ើបអង្កេតនានា បានបង្ហាញថា យន្ដហោះនេះទំនងជាត្រូវបានច្រឡំជាយន្ដហោះយោធា ហើយត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួច នៅក្នុងតំបន់ប្រទាញប្រទង់គ្នានៃ ប្រទេសអ៊ុយក្រែនខាងកើត។
បើរាប់ជាមួយនឹងគ្រោះថ្នាក់យន្ដហោះតូចធំផ្សេងទៀត ចំនួនគ្រោះថ្នាក់បានកើតឡើងដល់ទៅ ២១ករណី នៅក្នុងរយៈ១២ខែកន្លងទៅនេះ បង្កឲ្យអ្នកធ្វើដំណើរតាមយន្ដហោះ សម្ដែងនូវការព្រួយបារម្ភរបស់ពួកគេកាន់តែខ្លាំងឡើង។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ ហើយដើម្បីផ្ដល់ជាការធានាខាងផ្លូវចិត្ត ទៅអាកាសចរណ៍ស៊ីវិលនៅលើពិភពលោកផង គេហទំព័រជំនាញខាងការវាយតម្លៃលើសុវត្ថិភាពនៃការហោះហើរ AirlineRatings.com បានបញ្ចេញបញ្ជីនៃក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ដំបូងគេ ដែលមិនគួរឲ្យភ័យខ្លាច សម្រាប់អ្នកដំណើរ ក្នុងការប្រើប្រាស់សេវាកម្មហោះហើរជាមួយ។
អ្នកជំនាញរបស់គេហទំព័រនេះ បានវាយតម្លៃឲ្យពិន្ទុទៅលើក្រុមហ៊ុនអាកាសចរណ៍ ប្រមាណជា៤៤៩ក្រុមហ៊ុន ដោយយោងទៅតាមដំណើរប្រព្រឹត្តិទៅកន្លងមក នៃក្រុមហ៊ុននីមួយៗ គ្រោះថ្នាក់ដែលធ្លាប់កើតមាន និងការហោះហើរដែលមានសភាពល្អប្រសើរជាងគេ។ ពីក្នុងចំណោមនោះ ក្រុមហ៊ុនចំនួន១៤៩ ទទួលបានពិន្ទុផ្កាយ៧ ដែលអាចចាត់ទុកជាក្រុមហ៊ុនមានសុវត្ថិភាពជាងគេ ខណៈក្រុមហ៊ុនដ៏អន់ៗជាង៥០ផ្សេងទៀត ទទួលបានពិន្ទុត្រឹមតែផ្កាយ៣ ឬតិចជានេះប៉ុណ្ណោះ។
ខាងក្រោមនេះ ជាបញ្ជីក្រុមហ៊ុនទាំង១០ (ចំណាត់ថ្នាក់តាមតួរអក្សរឡាតាំង)៖
១) ក្រុមហ៊ុន អ៊ែរញ៉ូហ្សេឡេន (Air New Zealand) របស់ប្រទេសញ៉ូហ្សេឡេន
២) ក្រុមហ៊ុន ប្រ៊ីធីសអ៊ែរវេស (British Airways) របស់ប្រទេសអង់គ្លេស
៣) ក្រុមហ៊ុន កាតេប៉ាស៊ីភិក អ៊ែរឡាញ (Cathay Pacific Airways) របស់ប្រទេសចិន
៤) ក្រុមហ៊ុន អេមៀរ៉ាត់ (Emirates) របស់ប្រទេសអាមៀរ៉ាត់ឌុយប៉ៃ
៥) ក្រុមហ៊ុន អេទីហាដ អ៊ែរវ៉េស (Etihad Airways) របស់ប្រទេសអាមៀរ៉ាត់អារ៉ាប់រួម
៦) ក្រុមហ៊ុន អេវ៉ាអ៊ែរ ( EVA Air) របស់ប្រទេសតៃវ៉ាន់
៧) ក្រុមហ៊ុន ហ្វីនអ៊ែរ (Finnair) របស់ប្រទេសហ្វាំងឡង់
៨) ក្រុមហ៊ុន លូហ្វតាន់ស្សា (Lufthansa) របស់ប្រទេសអាល្លឺម៉ង់
៩) ក្រុមហ៊ុន កនតាស (Qantas) របស់ប្រទេសអូស្ត្រាលី
១០) ក្រុមហ៊ុន សាំងហ្គាពួរ អ៊ែរឡាញ (Singapore Airlines) របស់ប្រទេសសិង្ហបូរី