ក្មេងស្រីម្នាក់ស្លាប់លើយន្ដហោះ ពេលហោះឆ្លងអាត្លង់ទិក
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៦ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 27, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុន «Air Canada» ដែលភ្ជាប់ជើងហោះហើរ ពីក្រុងតូរ៉ុងតូ ប្រទេសកាណាដា ទៅកាន់រាជធានីឡុង ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍កន្លងមកនេះ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា អ្នកដំណើរតូចម្នាក់របស់ខ្លួន អាយុ១០ឆ្នាំ បានធ្លាក់ខ្លួនមានអារម្មណ៍មិនស្រួល នៅពេលដែលយន្ដហោះ កំពុងស្ថិតនៅពីលើមហាសមុទ្រអាត្លង់ទិក។
ប៉ុន្តែសេចក្ដីប្រកាសព័ត៌មាននោះ មិនបាននិយាថា កុមារីមានជំងឺអ្វី ឬមានហេតុភេទអ្វីឡើយ។ បើសូម្បីតែគ្រូពេទ្យ ដែលមានវត្តមានដោយចៃដន្យ នៅក្នុងយន្ដហោះនោះ ហើយដែលបានចូល មកពិនិត្យកុមារីភ្លាមៗ ក៏មើលមិនដឹង ថាកុមារីមានបញ្ហាអ្វី និងមិនអាចជួយកុមារីបានដែរ។
ហេតុការណ៍នេះ បានតម្រូវឲ្យយន្ដហោះ ធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុង សានណុន (Shannon) នៃប្រទេសអៀរឡង់ ដែលនៅជិតផ្លូវហោះហើររបស់ខ្លួន ជាទីបំផុត។ ក្រុមគ្រូពេទ្យ ដែលបញ្ជូនមកសង្គ្រោះកុមារី បានមកដល់ និងគ្រាន់តែដឹងថា កុមារីបានផុតដង្ហើមទៅហើយ។ ប៉ុន្តែដំណឹងមរណភាពរបស់កុមារី ត្រូវបានបញ្ជាក់ជាថ្មី នៅពេលក្រោយមកទៀត បន្ទាប់ពីរាងកាយរបស់កុមារី ត្រូវបានដឹកទៅដល់មន្ទីរពេទ្យ។
សារព័ត៌មានក្នុងប្រទេសអៀរឡង់ ឈ្មោះ «Irish Sun» បានរាយការណ៍បន្ថែមថា កុមារីទំនងជារងគ្រោះ នឹងជំងឺគាំងបេះដូង ដ៏ទាន់ហន់មួយ។ យ៉ាងណា ក៏ការធ្វើកោសល្យវិច័យ នឹងត្រូវធ្វើទៅលើរាងកាយរបស់កុមារី ដើម្បីស្វែងយល់«ឲ្យច្បាស់» ពីមូលហេតុ ដែលបណ្ដាលឲ្យនាងស្លាប់។ កុមារីបានធ្វើដំណើរ ជាមួយគ្រួសាររបស់នាង ដែលមានសមាជិកបីនាក់ផ្សេងទៀត។
ចំណែកឯយន្ដហោះ ដែលមានអ្នកដំណើរជិះ ២៣០នាក់ បានហោះងើបខ្លួនចេញពីក្រុង សានណុន និងបន្តដំណើររបស់ខ្លួន ឆ្ពោះទៅកាន់រាជធានីឡុងដ៍ នៃប្រទេសអង់គ្លេស ដោយគ្មានហេតុភេទអ្វីផ្សេង កើតឡើងឡើយ៕