យន្ដះហោះ អ៊ែរកាណាដា ចុះចតខុសផ្លូវ បង្កភាពតក់ស្លុតថ្មីទៀត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះនេះ បានធ្វើការភ្ជាប់ការហោះហើរ នៅក្នុងស្រុករវាងពី រដ្ឋធានី តូរ៉ុងតូ ឆ្ពោះទៅកាន់ក្រុង ហាលីហ្វាក់ (ស្ថិតនៅផ្នែកខាងកើត នៃប្រទេសកាណាដា) ជាមួយនឹងអ្នកដំណើរ ១៣៧នាក់ ប៉ុន្តែបានចុះចតខុសផ្លូវ នៅពេលមកដល់ព្រលានយន្ដហោះ អន្តរជាតិ ដែលជាទិសដៅរបស់ខ្លួន។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរកាណាដា ខ្លួនឯង នៅទំព័រ ទ្វីសធើរ (Twitter) ផ្លូវការរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍ នៅមិនទាន់ឲ្យដឹង ពីមូលហេតុថាហេតុដូចម្ដេច បានយន្ដហោះអ៊ែរប៊ូសរបស់ខ្លួន បានចេញពីផ្លូវសម្រាប់ចុះចត នោះឡើយ។ ប៉ុន្តែការធ្លាក់ព្រិលដ៏ជោគជាំ នៅក្រុង ហាលីហ្វិក នៅក្នុងយប់ថ្ងៃសៅរ៍នេះ ត្រូវបានព្រមានឲ្យដឹងជាមុនហើយ។ ផ្នែកឧត្តុនិយមរបស់ប្រទេសកាណាដា បានប្រកាសពីស្ថានភាពដ៏អាក្រក់នេះ ដើម្បីប្រាប់សាធារណៈជន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ពីបញ្ហាដែលមើលផ្លូវមិនសូវឃើញ។
បើតាមអ្នកនាំពាក្យរបស់ព្រលានយន្ដហោះ ក្រុង ហាលីហ្វាក់ លោក ភីធើរ ស្ពួវេស (Peter Spurway) បានឲ្យដឹងថា មនុស្ស ២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពួកគេមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ។ មនុស្សទាំងអស់ នៅលើយន្ដហោះ រួមមានអ្នកដំណើរ ១៣២នាក់ និងបុគ្គលិកបម្រើការ ៥នាក់ ត្រូវបានអាជ្ញាធរ យកចិត្តទុកដាក់ភ្លាមៗ។
ដោយឡែក ព្រលានយន្ដហោះ ហាលីហ្វិក បានរងនូវការដាច់ចរន្ដ ក្នុងមួយរយៈពេល នៅពេលដែលមានគ្រោះថ្នាក់។ ប៉ុន្តែអ្នកនាំពាក្យខាងលើ មិនបានអះអាងថា ការដាច់ចរន្ដនេះ មានជាប់ទាក់ទង នឹងការចុះចតខុសផ្លូវ របស់យន្ដហោះនោះឡើយ ដោយហេតុថា ព្រលានយន្ដហោះនៅតែមានដំណើរការ ជាមួយនឹងម៉ាស៊ីនភ្លើងជំនួយ ហើយផ្លូវយន្ដហោះចុះចត ក៏មានភ្លើងបំភ្លឺរហូតដែរ។
ចំពោះដំណឹងក្រៅផ្លូវការមួយ ដែលលើកឡើងថា ស្លាបយន្ដហោះបានទាក់ជាមួយខ្សែរភ្លើង ឬបង្គោលភ្លើង នៅពេលចុះចតនោះ មិនត្រូវបានលោក ភីធើរ ស្ពួវេស ទទួលដឹងថា ជាការពិតឡើយ។ លោកគ្រាន់តែបាននិយាយថា ការិយាល័យសុវត្ថិភាពនៃការដឹកជញ្ជូន របស់ប្រទេសកាណាដា នឹងបើកការស៊ើបអង្កេតមួយ ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ៕