វិនាទីមុនធ្លាក់យន្ដហោះ 4U9525៖ «បើក អាទ្វាចង្រៃយក៍!»
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានទម្លាយ ពីបុគ្គលិកលក្ខណៈ របស់ជំនួយការបើកបរយន្ដហោះ អាយុ២៨ឆ្នាំ យុវជន អេនដ្រៀស លូប៊ីតស៍ (Andreas Lubitz) កាលពីប៉ុន្មានថ្ងៃមុនរួច សារព័ត៌មានអាល្លឺម៉ង់ Bild ដដែល បានលើកយកមកចុះផ្សាយ ក្នុងថ្ងៃអាទិត្យនេះ នូវការជជែកគ្នាចុងក្រោយ រវាងអ្នកកាន់ចង្កូតយន្ដហោះទាំងពីរ ដែលត្រូវបានថតទុក នៅក្នុងឯកសារសម្លេង នៅក្នុងប្រអប់ខ្មៅទីមួយ។ ប្រអប់ខ្មៅនេះ ត្រូវបានរកឃើញភ្លាមៗ បន្ទាប់ពីយន្ដហោះ អ៊ែរប៊ូស A320 របស់ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែលភ្ជាប់ជើងហោះហើរ 4U9525 ពីពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ បានហោះទៅបុកភ្នំ បណ្ដាលឲ្យស្លាប់មនុស្ស១៥០នាក់។
ការទម្លាយ នូវការសន្ទនារនេះ មិនខុសគ្នាប៉ុន្មានឡើយ ពីការប្រកាស របស់រដ្ឋអាជ្ញាបារាំង ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែមីនា ជុំវិញការបង្ខាំងខ្លួន របស់ជំនួយការបើកបរវ័យក្មេង នៅក្នុងបន្ទប់បើកបរតែម្នាក់ឯង បន្ទាប់ពីមេបញ្ជាការរបស់ខ្លួន បានងើបចេញទៅបន្ទប់ទឹក។ ប៉ុន្តែសារព័ត៌មានអាល្លឺម៉ង់ បានសរសេរក្នុងពេលនេះ ជាឃ្លាម្ដងមួយៗ យ៉ាងច្បាស់ ជាពិសេសនៅពេលប៉ុន្មាននាទីចុងក្រោយ ដែលបានឡើងកម្ដៅដល់កំពូល។
នៅក្នុងរយៈពេល២០នាទីដំបូង មេបញ្ជាការបើកបរ បានថ្លែងទៅយុវជន អេនដ្រៀស លូប៊ីតស៍ ដែលជាជំនួយការបើកបររបស់ខ្លួនថា លោកមិនមានពេល ទៅបន្ទប់ទឹកទេ នៅពេលចូលមកក្នុងយន្ដហោះ។ បន្តិចក្រោយមក មេបញ្ជាការរូបនោះ បានស្នើទៅ អេនដ្រៀស លូប៊ីតស៍ ឲ្យត្រៀមបំរុងការចុះចត នៅព្រលានយន្ដហោះក្រុង ឌូសែលដ័រ ឲ្យហើយ។ គេបានស្ដាប់ឮចម្លើយ របស់យុវជនអាយុ២៨ឆ្នាំ តបមកមេបញ្ជាការ យ៉ាងសោះកក្រោះ ដូច្នេះថា «ខ្ញុំក៏សង្ឃឹមអញ្ចឹង» ឬ«យើងចាំមើល នៅពេលនោះ»។ ប៉ុន្មាននាទីបន្ទាប់មក លោកមេបញ្ជាការបើកបរ បានងើបចេញពីបន្ទប់បើកបរ ដើម្បីទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយទុកឲ្យ អេនដ្រៀស លូប៊ីតស៍ នៅកាន់ចង្កូតយន្ដហោះ តែម្នាក់ឯង។
មួយសន្ទុះក្រោយ ស្នូរសម្លេងគោះទ្វាខ្លាំងៗ បានលាន់ឭឡើង ដូចជាមាននរណាម្នាក់ ព្យាយាមចូលមកក្នុងបន្ទប់បើកបរ។ មិនខុសទេ មេបញ្ជាការបើកបរយន្ដហោះ ដឹងថាយន្ដហោះ កំពុងសំយ៉ុងក្បាលចុះហើយ ទើបលោកបានត្រឡប់មកវិញភ្លាម ដើម្បីព្យាយាមគ្រប់គ្រងស្ថានការណ៍ឡើងវិញ។ ប៉ុន្តែទ្វាបន្ទប់បើកបរយន្ដហោះ ត្រូវបានជំនួយការរបស់លោកខ្ទាស់ជាប់។ ជាលើកដំបូង គេឮសម្លេងរបស់លោកអង្វរ ពីក្រៅបន្ទប់មកថា៖ «ឱ... ព្រះជាម្ចាស់... សូមមេត្តាបើកទ្វា!» ប៉ុន្តែក្រោយពីប្រើភាសានេះ មិនទទួលបានលទ្ធផល លោកមេបញ្ជាការតម្លើងសម្លេងថា៖ «បើក អាទ្វាចង្រៃយក៍ នេះមើល៍!!!»។
ទីបំផុត នៅម៉ោង១០និង៤០នាទីព្រឹក យន្ដហោះអ៊ែរប៊ូស A320 បានហោះទៅបុកជញ្ជាំងភ្នំ ក្នុងល្បឿន៧០០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្លាប់មនុស្សទាំង១៥០នាក់ នៅក្នុងយន្ដហោះភ្លាមៗ។ ក្នុងល្បឿនដ៏លឿនបែបនេះ បញ្ជាក់យ៉ាងច្បាស់ពីទំហំគ្រោះថ្នាក់ ដូចគេបានឃើញ នៅលើកន្លែងកើតហេតុ ដែលយន្ដហោះទាំងមូល បានប្រែក្លាយជាបំណែកតូចៗ ខ្ទាតទៅក្នុងបរិវេណ ច្រើនរយម៉ែត្រ និងបើសូម្បីប្រអប់ខ្មៅទីពីរ គេរកមិនទាន់ឃើញ នៅឡើយផង។ អ្វីដែលគេបានស្ដាប់ឭ ក្នុងវិនាទីចុងក្រោយ ពីប្រអប់ខ្មៅទីមួយ គឺសម្លេងស្រែករបស់អ្នកដំណើរ ដែលបានស្ងាត់បាត់ឈឹងភ្លាម ក្នុងពេលតែមួយពព្រិចភ្នែក៕