ឥណ្ឌូនេស៊ី៖ យន្ដហោះចុះចតខុសផ្លូវ ធ្លាក់សមុទ្រ តែគ្មានជនរងគ្រោះ
យន្ដហោះប៊ូអ៊ីញ (Boeing) របស់ក្រុមហ៊ុនអាកាសចរណ៍ ឡាញអន អ៊ែរ (Lion Air) ដែលដឹកមនុស្សច្រើនជាង ១៣០នាក់ បានចុះចតខុសផ្លូវ នៅព្រលានយន្ដហោះ នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយបានធ្លាក់ចុះទៅក្នុងទឹកសមុទ្រ តែមិនបានធ្វើអោយមាន ជនរងគ្រោះទេ។
យន្ដហោះ ប៊ូអីញ ៧៣៧ ក្រោយពេលធ្លាក់ក្នុងសមុទ្រ។
ប្រធាននាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស នៃក្រសួងដឹកជញ្ជូនប្រទេសឥណ្ឌូនេស៊ី លោកហារី បាកទី (Herry Bhakti) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អ្នកដំណើរទាំងអស់ នៅលើយន្ដហោះ ប៊ូអ៊ីញ ៧៣៧ (Boeing 737) នៃក្រុមហ៊ុនអាកាសចរណ៍ ឡាយអន អ៊ែរ ដែលមានសេវាកម្មថោក បានរួចរស់មានជីវិតទាំងអស់»។
យន្ដហោះ ដែលដឹកអ្នកដំណើរ«ជាង១៣០នាក់» បានចុះចតខុសផ្លូវ នៃព្រលានយន្ដហោះអន្តរជាតិ នៃកោះបាលី មុននឹងបានធ្លាក់ទៅក្នុងសមុទ្រ ដែលនៅក្បែរនោះ។ យន្តហោះ បានខូតខាតជាទម្ងន់។ លោកហារី បាកទី មិនអាចបញ្ជាក់បានទេ ពីអ្នកដំណើរដែលរងរបួស នៅក្នុងគ្រោះថ្នាក់នេះ។ អ្នកសារព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ បានឃើញអ្នកដំណើរ៧នាក់ ដែលទំនងជាជនជាតិឥណ្ឌូនេស៊ីទាំងអស់ បានមកដល់មន្ទីរពេទ្យ តាមរថយន្ដសង្គ្រោះ។ អ្នកដំណើរទាំងនេះ បានរងរបួសស្រាល នៅត្រង់ក្បាល និងនៅលើអវយវៈ។
ក្រុមហ៊ុនហាមឃាត់ មិនអោយហោះនៅអ៊ឺរ៉ុប និងអាមេរិក
សូមបញ្ជាក់ថា កោះបាលី ជាទិសដៅទេសចរណ៍ ដ៏ធំមួយសម្រាប់អ្នកទេសចរណ៍បរទេស រាប់លាននាក់ ក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនអាកាសចរណ៍ ឡាញអន អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេ នៅឥណ្ឌូនេស៊ី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានស្គាល់នូវចំណូលកើនឡើង យ៉ាងខ្លាំង ដោយសារតែប្រទេសឥណ្ឌូនេស៊ី ផ្គុំឡើងពីប្រជុំកោះជាង ១៧ ៥០០កោះ និងស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់ប្រទេស បានកើនឡើង ៦%ក្នុងមួយឆ្នាំ។
ក្រុមហ៊ុន ឡាញអន អ៊ែរ នេះ ទើបនឹងបញ្ជាទិញយន្ដហោះ ដ៏ធំសម្បើមមួយនៅក្នុងប្រវត្តិអាកាសចរណ៍ពិភពលោក នូវយន្ដហោះអ៊ែប៊ូស ប្រភេទ អា៣២០ (Airbus A320) ចំនួន២៣៤គ្រឿង ក្នុងទឹកប្រាក់១៨,៤ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ២៤,១ពាន់លានដុល្លា)។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុននេះក៏បានបញ្ជាទិញយន្ដហោះ ប៊ូអ៊ីញ ធុន ៧៣៧ ចំនួន២៣០គ្រឿងដែរ នៅក្នុងទឹកប្រាក់ ២១.៧ពាន់លានដុល្លា (ប្រមាណជា ១៧ពាន់លានអ៊ឺរ៉ូ)។
អ្នកជំនាញបានបារម្ភថា ការវិវត្តន៍លឿនខ្លាំងទៅមុខបែបនេះ នឹងទាក់ទងយ៉ាងខ្លាំងខានមិនបាន ទៅបញ្ហាផ្នែកបច្ចេកទេស និងសុវត្ថិភាព។ ក្រុមហ៊ុនដែលទើបមានអាយុ ១៣ឆ្នាំនេះ ត្រូវបានហាមឃាត់ មិនអោយធ្វើការហោះហើរ ក្នុងលំហមេឃនៅអ៊ឺរ៉ុប និងនៅសហរដ្ឋអាមេរិកទេ។
អ្នកជំនាញមួយចំនួនទៀត ក៏បាននិយាយដែរថា កង្វះអ្នកបើកបរយន្ដហោះ ប្រកបដោយបទពិសោធន៍ខ្ពស់ នៅឥណ្ឌូនេស៊ី ក៏ជាបញ្ហាមួយដ៏សំខាន់ដែរ ដើម្បីបញ្ជាយានយន្ដប្រកបដោយសុវត្ថិភាព៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ