ស្ពានឆេះ៖ ជិត​ប្រាំ​មួយ​ឆ្នាំ​គ្មាន​ដំណោះ​ស្រាយ​ជម្រក សម្រាប់​ពលរដ្ឋ​១០៧​គ្រួសារ

ប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ (ក្រោយការបណ្តេញចេញភ្លាមៗមានចំនួន១០៧គ្រួសារ) ដែលកំពុងរស់នៅលើដីចំណីផ្លូវ ស្ថិតនៅក្រុមទីមួយ ភូមិប្រាំមួយ សង្កាត់លេខបួន ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋទាំងនេះ បាននឹងកំពុងរស់នៅដោយភាពមិនច្បាស់លាស់ តាមចិញ្ចើមថ្នល់ ដោយគ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់លើឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ (ក្រោយការបណ្តេញចេញភ្លាមៗមានចំនួន១០៧គ្រួសារ) ដែលកំពុងរស់នៅលើដី ចំណីផ្លូវ ស្ថិតនៅក្រុមទីមួយ ភូមិប្រាំមួយ សង្កាត់លេខបួន ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋទាំងនេះ បាននឹងកំពុងរស់នៅ​ដោយភាពមិនច្បាស់លាស់ តាមចិញ្ចើមថ្នល់ ដោយគ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់លើឡើយ។


ភូមិស្ពានឆេះ នៅតាមបណ្ដោយផ្លូវ។ រូបថតចម្លង ពីអេក្រង់វីដេអូ របស់វីអូអេ។

ក្នុងពេលថ្មីៗនេះ តំណាងប្រជាពលរដ្ឋ ក៏ដូចជាប្រធានសហគមន៏ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ជួយ​ដោះ-​ស្រាយលំនៅដ្ឋានជូនពួកគាត់ឲ្យបានសមរម្យ។ ពួកគាត់បានលើកឡើងថា រយៈពេលជាងប្រាំមួយឆ្នាំហើយ ដែលពួក​គាត់​រស់នៅក្នុងស្ថានភាពមួយមិនមានលំនៅពិតប្រាកដ។

លោក ឯក វិធាន ប្រធានសហគមន៍ស្ពានឆេះ និងជាតំណាងឲ្យប្រជាពលរដ្ឋជាង៧០គ្រួសារ បានលើកឡើងថា ប្រជា-​ពលរដ្ឋទាំងក្រោយពេលបាត់បង់ផ្ទះសម្បែង ដីស្រែចំការ ដោយការបញ្តេញចេញដោយហិង្សា កាលពីឆ្នាំ២០០៦ ដែល​មានចំនួនសរុបជាង១០៧គ្រួសារ។ បច្ចុប្បន្ននេះដោយភាពខ្វះជំរកផង ត្រូវក្តៅត្រូវភ្លៀងផង បានបង្ខំឲ្យពួកគាត់​មួយ​ចំនួន​ដែលមាន ជីវភាពធូរធារបានផ្តូរលំនៅដ្ឋានទៅនៅកន្លែងផ្សេង។

លោកបន្តថាការរស់នៅ របស់ពួកគាត់ទាំងនោះ កំពុងតែរស់នៅក្នុងខ្ទមតូចៗ រខេករខាក លេចមុខលេចក្រោយ និងជួបនៅ​បញ្ហាជាច្រើនដូចជា គ្មានអនាម័យ គ្មានទឹកស្អាត គ្មានសាលារៀន និងគ្មានអគ្គិសនី។ អ្នកខ្លះមានជំងឺស្លេកស្លាំង គ្មាន​ការងារធ្វើ ឯចំនួនមនុស្សចេះតែកើនឡើង និងចាស់ជរាគ្មានទីពឹង។ល។

លោកបន្ថែមថា ប្រជាពលរដ្ឋទាំងអស់ តែងតែស្វែងរកដំណោះស្រាយ ពីអាជ្ញាធរមូលដ្ឋានជារៀងរាល់ឆ្នាំ ឯការសន្យា​ក៏​មាន តែការអនុវត្តជាក់ស្តែងពុំមានអ្វីឲ្យពិតប្រាកដ ឡើយមកទល់នឹងពេលនេះ។

មេភូមិស្ពានឆេះលោក ជា វ៉ឹង បានលើកឡើងថា ជាក់ស្តែងប្រជាពលរដ្ឋពិតជារងទុក ក្នុងការខ្វះជំរកមែន។ ខាងភូមិតែង​តែស្វែងរកការអន្តរាគមពីថ្នាក់លើ តែពុំដែលមានចំលើយតបឡើយ។ លោកបន្តថា ក្នុងពេលថ្មីៗនេះ លោកបានចូលរួម​ជាមួយអភិបាលរងខេត្ត និងមន្ត្រីពាក់ពន្ធ័នានា ចុះជួបជាមួយប្រជាពលរដ្ឋ ដោយបានប្រាប់ថាខាងអាជ្ញាធរខេត្ត បានកំពុង​រៀបចំដី​ឲ្យហើយ កំពុងតែឈូសឆាយ ក្រោយពេលបោះឆ្នោត ទើបរៀបចំឲ្យ។ ប៉ុន្តែលោកបានបញ្ជាក់ថា ដីដែលឈូស-​ឆាយ​ពិត​ប្រាកដនោះមិនដឹងនៅទីណាទេ លោកក៏មិនដែលបានឃើញដែរ។ ព្រោះខាងខេត្តនិយាយថា ម្តងនៅព្រៃនប់ ម្តងថា​នៅ​ស្ទឹងហាវ និងម្តងទៀតថានៅកោះខ្យង។

រីឯលោកស្រី ឃួន សារុន ចៅសង្កាត់លេខបួន ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរ។ តែលោកស្រីបន្ថែមថា ការងារ​នេះបានផុតពីសម្ថកិច្ចលោកស្រីហើយ ស្ថិតក្នុងចំណាត់ការរបស់សាលាខេត្ត។ លោកស្រីបន្តថាកន្លងមក លោកស្រី​អភិបាលរងខេត្ត ប្រាក់ ចន្ទ័សុខា បានចុះជួបជាមួយប្រជាពលរដ្ឋនៅស្ពានឆេះ ហើយបានអះអាងថា សព្វថ្ងៃសាលាខេត្ត​បានកំពុងតែរៀបចំដីជូនប្រជាពលរដ្ឋ តែដីនេះកំពុងតែឈូសឆាយ និងរៀបចំស្ថាបនាផ្លូវ។ ក្រោយការបោះឆ្នោត​ខេត្តនឹង​ធ្វើការរៀបចំជូន។

លោកស្រីចៅសង្កាត់បន្តថា ដីដែលត្រូវចែកជូនប្រជាពលរដ្ឋនោះ មិនដឹងថាមានទំហំប៉ុណ្ណាទេ ហើយក៏មិនដឹងថាចែក​ក្នុង​មួយគ្រួសារបានប៉ុណ្ណាដែរ និងប៉ុន្មានគ្រួសារដែលនឹងត្រូវទទួលបាននោះដែរ ដឹងត្រឹមថា ដីនោះស្ថិតនៅស្ទឹង​ហាវ​ ដែល​មានព្រំប្រទល់ជាប់និងសង្កាត់ព្រៃនប់។ លោកស្រីបន្ថែមថា ការឈូសឆាយនោះមិនដឹងពេលណាបញ្ចប់ទេ ៖ «ខ្ញុំគ្រាន់តែ​ឮនោះ វាមួយឆ្នាំទៅហើយ ខ្ញុំមិនហ៊ានវាយតម្លៃទេ។ រាល់ការប្រជុំថ្នាក់ខេត្ត ខ្ញុំតែងតែលើកឡើងពីទុក្ខលំបាក របស់ប្រជា-​ពលរដ្ឋតាមការមើលឃើញ ខែប្រាំងត្រូវក្តៅពិបាករស់នៅ ខែភ្លៀងត្រូវភ្លៀងក៏ពិបាករស់។ រាល់ការលើកឡើងរបស់ខ្ញុំ​ក្នុងអង្គប្រជុំ មិនដែលឃើញមានការឆ្លើយតបម្តងណាទេ។»

មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែម ពីអភិបាលរងខេត្តព្រះសីហនុ លោកស្រីប្រាក់ ចន្ទ័សុខា បានទេ ក្នុងករណី​នេះ ដោយទូរសព្ទ័លោកស្រីហៅមិនចូល។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានលើកឡើងថា សាលាខេត្តតែងតែសន្យាថានឹងដោះស្រាយជារៀងរាល់ឆ្នាំ តែ​មិន​ដែលមានដំណោះស្រាយណាមួយ ឲ្យពិតប្រាកដឡើយ។ ជាងនេះទៅទៀតក្នុងពេលថ្មីៗនេះ ដែល«កៀក»នឹងការ​បោះ-​ឆ្នោត ទើបឃើញខាងសាលាខេត្តចុះមកធ្វើការចែកអំណោយ និងប្រកាស់ពីការចែកដីជូនប្រជាពលរដ្ឋ។ ការចែកជូននេះ នឹងដោះស្រាយក្រោយការបោះឆ្នោត។

ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនមានជំនឿទាល់តែសោះ នូវរាល់ការសន្យារបស់សាលាខេត្ត ម្តងជាពីរដង។ ពួកគាត់គិតថា ក្នុងកាលៈទេសៈនេះ ការសន្យាគ្រាន់តែជាមធ្យោបាយមួយ សម្រាប់«ទាក់ទាញ» យកសន្លឹកឆ្នោតតែប៉ុណ្ណោះ។ តែអ្វីដែល​ពិតប្រាដកនោះពួកគាត់នឹងចាំមើលថា តើពិតជាមានងការដោះស្រាយដែរឬទេ? បើមិនមានទេពួកគាត់ នឹងធ្វើមហា-​បាតុកម្មដោយអហិង្សាមួយ ដើម្បីស្វែងរកដំណោះស្រាយ?

សូមរំលឹកថា គ្រួសារប្រជាពលរដ្ឋចំនួនជាង៧០គ្រួសារនេះ ជាគ្រួសារដែលស្ថិតក្នុងចំណោមគ្រួសារសរុប១០៧គ្រួសារ បានរងនូវការរឹបអូសយកដីធ្លី ប្រើលំលាំងបង្រ្កាបដោយអពើហិង្សាពីសំណាក់កងកំលាំងប៉ូលីស ទាហាន ក្នុងគោល​បំណង​រឹបអូសយកដីចំនួន ១៥ហិកតារ។ ឯប្រជាពលរដ្ឋចំនួន១៣នាក់ ក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងព្រឹតិ្តការណ៍ នៃ​ការពារសិទ្ធិលំនៅដ្ឋាន និងដីធ្លី កាលពីថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៧ កន្លងទៅនេះ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...