តំណាងអ្នកបឹងកក់ បដិសេធព័ត៌មាន«ជួលក្មេងឱ្យធ្វើបាតុកម្ម»
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមាន ការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថា សហគមន៍ដែលតែង ធ្វើសកម្មភាពតវ៉ា ឱ្យដោះលែងស្រ្តី កំពុងជាប់ពន្ធនាគារ មានជួលកុមារតូចៗ ឱ្យចូលរួមធ្វើបាតុកម្ម តំណាងសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិសក្កិ បានអះអាងថា ក្រុមកុមារៗ ដែលបានមកចូលរួមតវ៉ា ឱ្យមានការដោះលែង សកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារនោះ គឺជាកុមាររងគ្រោះ ពីការបាត់បង់ដីធ្លី ជាពិសេសនោះ ក្នុងចំណោមពួកគេ គឺជាកូនរបស់ស្រ្តី ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។ លោកបានពន្យល់ថា កុមារទាំងនោះ មកពីសហគមន៍បឹងកក់ ថ្មគោល និងកុមារមួយចំនួនទៀត គឺជាកុមារដែលបានរង នូវការរំលោភសិទ្ធកុមារ។
ដោយធ្វើការសម្ភាស ជាមួយក្មេងៗតូចៗ ដែលមានចងក្រណាត់ នៅលើក្បាល សារព័ត៌មានក្នុងស្រុកនោះ បានឱ្យដឹងថា ការចូលរួមតវ៉ា របស់ក្មេងៗតូចៗទាំងនោះ ដោយសារតែមានការជួល ពីក្រុមអ្នករៀបចំតវ៉ា។ ពួកគេមិនមែនជាកូន ចៅ ឬ ជាញាតិបង្កើត របស់សកម្មជនដីធ្លី ដែលត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ និងឃុំខ្លួនដាក់ ពន្ធនាគារនោះឡើយ។ ពួកគេជាក្មេងនៅក្នុងភូមិ ហើយត្រូវបានអ្នករៀបចំ ការតវ៉ា ឬក្រុមសង្គមស៊ីវិល នាំមកឱ្យចូលរួម ក្នុងក្រុមរបស់ពួកគេ ដើម្បីបង្ហាញពី ចំនួនច្រើន និងដើម្បីបង្ហាញទៅកាន់ មជ្ឈដ្ឋាននានា ឬស្ថាប័នបរទេសថា កុមារទាំងនេះ រងគ្រោះ យ៉ាងពិតប្រាកដដោយរឿងដីធ្លី ។
ក្នុងចំណោមកុមារតូចៗទាំងនោះ មានខ្លះ ត្រូវបានគេជួល ឬនាំឱ្យមកចូលរួម ក្នុងការតវ៉ា ជាថ្នូរ ការផ្ដល់ជូន នូវទឹកដោះគោ ផ្លែឈើឱ្យហូប និងបាយកញ្ចប់ជាដើម។
ចំពោះការលើកឡើងនេះ លោក ចាន់ ពុទ្ធិសក្កិ បានបញ្ជាក់ថា៖ «យើងគិតពិចារណាមើលថា តើទឹកដោះគោមួយដបតូច ហើយសាវម៉ាវ មួយគ្រាប់-ពីរគ្រាប់ហ្នឹង អាចដូរទៅនឹងអ្វី ដែលហៅថា ចំណេះវិជ្ជារបស់គាត់ ពេលវេលារបស់គាត់ ក្នុងការសិក្សា ក្នុងការជួបជុំគ្រួសារ នៅឯភូមិហ្នឹងបានអត់? និយាយរួមទៅ វាមិនស្មើទៅនឹងពេលវេលា របស់គាត់ក្នុងការសិក្សាទេ ប៉ុន្តែអ្វីដែលវាអាក្រក់ ហើយគាត់មិនអាច ទទួលយកបាននោះ គឺការបាត់បង់ការសិក្សារបស់គាត់ ឪពុកម្តាយរបស់គាត់ ត្រូវបានជាប់ឃុំឃាំង។ អានេះ ជារឿងពិត ដែលគាត់ត្រូវសុំឱ្យស្ថានទូតអាមេរិក ជួយអន្តរាគមន៍ឱ្យដោះលែង។»
ចំណែកអ្នកស្រី ប៉ូវ សោភា វិញ បានបញ្ជាក់ថា មូលហេតុដែលខាងសហគមន៍ ផ្តល់ជានំ ចំណី បាយកញ្ចប់ ទឹកដោះគោ ឬផ្លែឈើជាដើម គឺជាការលើកទឹកចិត្ត ដល់ក្មេងទាំងនោះ ដែលពួកគាត់កំពុងរងគ្រោះ ដោយសារអត់ម្តាយ។ អ្នកស្រីបានបន្ថែមថា៖ «អញ្ចឹងអ្វី ដែលពួកខ្ញុំធ្វើបាន គឺផ្តល់ភាពកក់ក្តៅ ដល់កុមារទាំងអស់នោះ ដើម្បីកុំឱ្យគាត់មានភាពឯកា»៕