បន្ទាយមានជ័យ៖ ពលរដ្ឋ​ថា​មន្រ្តី​ថ្នាក់​ខេត្ត ចុះ​ទៅ​វាស់​ដី​អត់​ប្រាប់​ដំណឹង

ជម្លោះដីធ្លីដ៏មានអាយុកាលវែង នៅក្នុងខេត្តបន្ទាយមានជ័យ រវាងពលរដ្ឋមកពីឃុំចំនួនពីរ ជាមួយនឹងមន្រ្តីសាធារណៈ (អភិបាល - អភិបាលរងខេត្ត) ដែលមានតួនាទីដឹងលឺ នូវរាល់សកម្មភាពទាំងអស់ នៅក្នុងខេត្តទាំងមូល។ ឃុំទាំងពីរនេះ មានឃុំស្លក្រាម និងឃុំអូបីជាន់ ដែលស្ថិតស្រុកអូជ្រៅ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះ​ដី​ធ្លី ជា​បញ្ហា​ដ៏​ស្មុគ​ស្មាញ ជា​ពិសេស​វា​ជា​រឿង​មួយ ដែល​បង្កឲ្យ​មាន​រឿង​រ៉ាវ​មិន​ចេះ​ចប់ រវាង​ភាគី​ដែល​មាន​ទំនាស់។ ហើយ​ជម្លោះ​ដី​ធ្លី នៅ​ឃុំ​អូបី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចាក់​ស្រេះ ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ដែរ បើ​ទោះ​ជា​មាន​ការ​សន្យា​ជា​ច្រើន ពី​មន្ត្រី​សាធារណៈ ថា​នឹង​ជួយ​ដោះ​ស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ក៏​ដោយ តែ​​ការ​​សន្យា​​ទាំង​​នោះ ហាក់​គ្រាន់​តែ​ជា​ខ្យល់​បក់​ផាត់​ចោល​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ឃើញ​មន្ត្រី​ថ្នាក់​ខេត្ត​នាំ​​គ្នា​មក​វាស់​វែង​ដី ដោយ​មិន​បាន​ជូន​ដំណឹង​​ជា​មុន នោះ​ថែម​ទៀត។ នេះ​​បើ​​តាម​កា​រ​អះអាង​របស់​ពលរដ្ឋ ដែល​រង​គ្រោះ​នឹង​បញ្ហា​ដី​ធ្លី នៅ​តំបន់​នោះ។

អ្នកស្រី ឡុង សុគន្ធី ជាតំណាងពលរដ្ឋទាំ៣១០គ្រួសារ ដែល​មានបញ្ហានៅលើដីនេះ បាននិយាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា គាត់និងអ្នកភូមិមិនសុខ​ចិត្ត​ទេ ព្រោះ​ថា​អ្នកចុះមកធ្វើការវាស់វែង មិនផ្តល់​ដំណឹង​មុន។ មិនតែប៉ុណ្ណោះ មានការរំកិលតាមផែនទី​ចាស់​ទៀត ធ្វើ​ឲ្យ​អ្នក​ភូមិគាត់​មិន​យល់​ស្រប តាមការវាស់​វែង​នេះទេ។ អ្នកស្រីបន្តថា ការកាត់ដីមិនប្រក្រតី ក្រុម​ពលរដ្ឋ​មិន​ព្រម ព្រោះ​កាត់​ដី​ពី​ភូមិ​ថ្នល់បត់ ទៅភូមិបឹងស្នោ​ទៅវិញ។

ការថ្លែងរបស់តំណាងពលរដ្ឋរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារមួយក្រុម ដឹកនាំដោយលោក ចុង ផែន អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះទៅកាន់តំបន់នោះកាលពីរសៀលម៉ោង២ ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៥​នេះ ហើយបានធ្វើការដៅ និងបោះបង្គោល នៅលើដីដែលកំពុងមានបញ្ហានោះ។

អ្នកស្រី សុគន្ធី បានបញ្ជាក់បន្តថា នៅមិនទាន់មានអ្នកណាមួយ ជួយធ្វើអន្តរាគមន៍នោះទេ ហើយអ្នកភូមិ​បាន​ដាក់ពាក្យបណ្តឹងនេះ ទៅឃុំអូបីជាន់ហើយ ក្នុងការដែលមានរឿងវាស់ដីតាមផែនទី ដោយមិនមានភាព​ប្រក្រតីនេះ តែមេឃុំមិនទាន់ហៅពួកគាត់ ទៅប្រជុំនៅឡើយ។

ផ្ទុយទៅវិញ អ្នកដែលចូលរួមក្នុងសកម្មភាពខាងលើនេះ លោក ចុង ផែន អភិបាលរងខេត្តបន្ទាយមានជ័យ បានបដិសេធន៍ទាំងស្រុងទៅនឹងអ្វីដែល ប្រជាពលរដ្ឋបានលើកឡើង។ លោកថា លោកមិនបានចុះទៅវាស់​ដី​នោះទេ គឺលោកចុះទៅពិនិត្យព្រំប្រទល់ដី រវាងស្រុកពីរ គឺស្រុកអូជ្រៅ និងស្រុកស្វាយចេក។ លោកអះអាង​ទៀតថា លោកត្រឹមជាអភិបាលរងខេត្ត គ្មានសិទ្ធអីទៅវាស់ដីឲ្យពលរដ្ឋនោះទេ។ លោកបានថ្លែងឲ្យដឹងថា៖  «ខ្ញុំគ្រាន់តែចុះទៅពិនិត្យព្រំប្រទល់ដីប៉ុណ្ណោះ ខ្ញុំគ្មានសិទ្ធអីទៅវាស់ដីឲ្យអ្នកស្រុកនោះទេ!»។

អភិបាលរងរូបនេះ បានរៀបរាប់ថា ការដែលលោកចុះទៅនេះ គឺដោយសាមានសំបុត្រពីក្រសួងមហាផ្ទៃ ដែល​ចេញឲ្យកំណត់ព្រំប្រទល់ដី។ ដូច្នេះ លោកគ្រាន់តែធ្វើតាមអ្វី ដែលជាផែនទីរបស់ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការចុះធ្វើនេះ មានការចូលរួមពីមន្រ្តីមូលដ្ឋានផងដែរ និងមានការដឹងលឺ​ពី​អភិបាល​ខេត្តទៀតផង។

សូមរំលឹកដែរថា កាលពី​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៥ កន្លងមកនេះ មានផ្ទុះការ​តវ៉ា​មួយ​ឡើង របស់​ប្រជា​ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅ​ក្នុងស្រុក​​​អូជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ដើម្បី​សុំ​ឲ្យ​មន្រ្តី​ដែល​ជាប់​ពាក់​ព័ន្ធ ជា​ពិសេស​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​១៥៦ គ្រួសារ នៅ​លើ​ទំហំ​ដី ៧៨០ហិចតា មាន​ដី​ជាប់​គ្នា​ពីរ​ភូមិ​គឺ​ភូមិ ថ្នល់​បត់ និង​ភូមិ បឹងស្នោ៕

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...