ពលរដ្ឋក្នុងជម្លោះដីធ្លីនៅបឹងកក់ ថាមិនដែល«ជួលដី»ពីនរណាឡើយ
ករណីវិវាទរបស់ពលរដ្ឋ៣គ្រួសារ និងក្រុមហ៊ុន ឃុន សៀរ ដែលបានសិទ្ធិលើដីសង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានក្រុមពលរដ្ឋប្រតិកម្មនឹងការបកស្រាយ របស់ភាគីក្រុមហ៊ុនថា ពួកគាត់រស់នៅលើដីជួល ហើយព្យាយាមរត់ការធ្វើប្លង់ស្របច្បាប់។
លោក លី ស្រ៊ាងខេង ពលរដ្ឋរងគ្រោះនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់។ (រូបថត MONOROOM.info/ O.Vary)
ដីធ្លី - ការប្រតិកម្មរបស់ពួកគាត់ បានធ្វើក្នុងសន្និសីទព័ត៌មាន កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ ពលរដ្ឋលោក លី ស្រ៊ាងខេង អាយុ៦០ឆ្នាំ ឲ្យដឹងថា លោកគ្រាន់តែចង់បកស្រាយថា លោកមិនដែលបានជួលដីពីនរណាឡើយ គឺលោកមករស់នៅស្របច្បាប់ តាំងពីទស្សវត្សឆ្នាំ៨០មកម្ល៉េះ ទោះបីជាលោកគ្មានប្លង់រឹងក៏ដោយ។
លោកថ្លែងថា៖ «អ្វីៗដែលលោកយឹម លាង (ជំនួយការក្រុមហ៊ុន ឃុន សៀរ) លើកឡើង ថាខ្ញុំជាអ្នកជួលដីគេ គឺមានគេប្រឌិតប៉ុណ្ណោះ ខ្ញុំសូមបដិសេធ។ ចំណែកលិខិតថាខ្ញុំជួលដី គឺមិនមែនអក្សរខ្ញុំឡើយ ហើយក៏គ្មានអ្នកចុះហត្ថលេខា ដឹងឮដែរ»។
លោកបន្តថា៖ «គេព្យាយាមប្រើគ្រប់មធ្យោបាយ កាប់ក្បាលខ្ញុំ បោះពស់ ដុតផ្ទះ កាប់សម្លាប់ពួកខ្ញុំដើម្បីប្លន់យកដីយើង។ ទោះយ៉ាងណាបើខ្ញុំស្លាប់ ខ្ញុំសុខចិត្តស្លាប់លើដីនេះដើម្បីកិត្តិយស ដើម្បីឲ្យកូនខ្មែរគ្រប់រូបចេះការពារដីរបស់ខ្លួន នោះគ្មាននរណាហ៊ានយកដីយើងឡើយ។»។
ឯកសារមួយច្បាប់ដែលទទួលបានពីក្រុមហ៊ុន កាលពីថ្ងៃទី៦ មេសា បានបង្ហាញនូវកិច្ចសន្យាសរសេរជាអក្សរដៃ ហើយមានឃើញផ្តិតស្នាមមេដៃពីឈ្មោះ លី ស្រ៊ាងខេង កាលពីខែកក្កដា ១៩៩៧ ប៉ុន្តែមិនមានសាក្សីដឹងលឺផ្សេងទៀតឡើយ ដែលបង្ហាញថា លោកបានសុខចិត្តសងប្រាក់សាលាសង្កាត់មួយចំនួន ហើយបើគ្មានប្រាក់ អ្នកជួលសន្យានឹង «រើសម្ភារៈចេញពីដីឡូតិ៍លេខ១៨...ដោយគ្មានការតវ៉ា»។
ទំនាស់ដីនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ខ្លួនបានទទួលសិទ្ធិកាន់កាប់ដីពីរដ្ឋាភិបាលរួចរាល់ហើយ ហើយគ្រួសារសរុបប៉ះពាល់មាន៧គ្រួសារ ដែល៤គ្រួសារព្រមរើចេញ ប៉ុន្តែនៅសល់តែគ្រួសារ៣ខាងលើ មិនព្រមចេញនៅឡើយ រហូតដល់មានបណ្តឹងប្តឹងគ្នាទៅវិញទៅមក នៅតុលាការ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤