រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ដី​ជាង​១ម៉ឺន​ហិកតា ពី​១១ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់

«បច្ចុប្បន្នភាព នៃគោលនយោបាយគ្រប់គ្រង ដីសម្បទានសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា» ជាប្រធានបទថ្មី ដែលក្រសួងបរិស្ថាន នឹងធ្វើការបកស្រាយ ចំពោះមុខអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែតុលានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 17, 2014
  • ប្រធានបទ: វិបត្តិដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសេចក្តីជូនដំណឹង របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី១៦ ខែ​តុលា​ម្សិល​ម៉ិញ បាន​លើក​ឡើង​ថា លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ជួប​ជា​មួយ​អ្នក​សារព័ត៌មាន ធ្វើការ​បំភ្លឺ និង​បក​​ស្រាយ​បញ្ហា​គោល​​នយោបាយ គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​ប្រាំ​នេះ។

សូមរំលឹកថា កាល​ពី​ថ្ងៃ​ទី៧ ខែតុលា កន្លង​មក​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចេញ​នូវ​«អនុក្រិត្យ» ស្តី​ពី​និរាករណ៍​អនុក្រឹត្យ ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង ក្នុង​តំបន់​ការពារ​ធម្មជាតិ ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចិរភាព និង​អនុក្រឹត្យ ការ​ធ្វើ​អនុ​ប្រយោគ​ផ្ទៃ​ដី ក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ក្នុងអនុក្រិត្យខាងលើ បានសម្រេចលុបចោល នូវគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួនបី ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ដ្រ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ចំពោះក្រុមហ៊ុន ដែលបានកំណត់ក្នុងអនុក្រិត្យ ហើយត្រូវបានចាត់ទុកជា«និរាករណ៍» នោះរួមមាន គម្រោង​វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន វិមានសិលា អិលធីឌី (VIMEAN SEILA LTD) ក្នុងផ្ទៃដី៩៨៧ហិកតា។ គម្រោង​នេះ ស្ថិតនៅលើកោះថ្មី នៃឧទ្យានជាតិព្រះសីហនុ(ឧទ្យានជាតិរាម) ខេត្តព្រះសីហនុ ។ គម្រោង​វិនិយោគ​អភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ាន់ វឌ្ឍនៈខូអិលធីឌី (SUON VATANAK CO.,LTD) ក្នុងផ្ទៃដី​៥៨៥​ហិកតា នៃ​តំបន់​ទ្រនាប់សត្វឆ្លងកាត់ រវាងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ និងឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ ចន្លោះខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ គម្រោងវិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន​ច័ន្ទរតន៍​គ្រុប ក្នុង​ផ្ទៃ​ដី​៦៣ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង«ដងពែង» ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

សូមបញ្ជាក់ថា កាលពីខែកញ្ញាថ្មីៗនេះ ដីចំនួនជាងមួយម៉ឺនហិកតា ក៏ត្រូវបានដកចេញពីការគ្រប់គ្រង របស់​ក្រុមហ៊ុនចំនួនប្រាំបី មកដាក់ជាសម្បតិ្តរដ្ឋវិញ ក្រោមមូលហេតុ មានការប៉ះពាល់ដល់ធនធានធម្មជាតិ។ ក្រុមហ៊ុន​ទាំង៨រួមមាន ក្រុមហ៊ុន ស៊ាន ហេង (ទី១) មាន៩៨៥ហិកតា, ក្រុមហ៊ុន ស៊ាន ហេង(ទី២)​មាន​៣៥០ហិកតា, ក្រុមហ៊ុនវិមានសិលាមាន៩៨៧ហិកតា, ក្រុមហ៊ុនហេងប៊ុនណាត (កំពុងវាស់វែង), ក្រុមហ៊ុន​ស៊ានវឌ្ឍនៈមាន៥៨៥ហិកតា, ក្រុមហ៊ុនចាន់វិចិត្រ មាន៦៣ហិកតា, ក្រុមហ៊ុនឋានសួគ៌ចំកាត់​មាន៩.១៣៧​ហិកតា និងក្រុមហ៊ុនង៉ូម៉ាត្រូមាន ៣៥០ហិកតា។

លោក សឺន ជុំសុធន ប្រធានមន្ត្រីស៊ើបអង្កេតផ្នែកសិទ្ឋិមនុស្ស និងធ្លីមកពីសមាគមខ្មែរកម្ពុជា​ក្រោម​ដើម្បី​សិទ្ឋិ​មនុស្សនិងអភិវឌ្ឍន៍ បានសម្តែងនូវការគាំទ្រ ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលក្នុង​អាណត្តិ​ថ្មី​នេះ។​ លោកបន្តថា «រដ្ឋាភិបាលត្រូវចាត់វិធានការយ៉ាងណា លើដីដែលបានដកហូតនោះ ទុកជា​ប្រយោជន៍​ដល់ប្រជាពលរដ្ឋទូទៅ។ ហើយជៀសវាង ការលក់បន្តទៅឲ្យក្រុមហ៊ុនផ្សេងដទៃទៀត ព្រោះតែផល​ប្រយោជន៍​បុគ្គលណាមួយនោះ។ (…) បើមិនដូច្នេះទេ ទង្វើខាងលើ គ្រាន់តែជាឆាកល្ខោន ដែលរដ្ឋាភិបាល​ខ្លួន​ឯង​រៀបចំ​សំដែង ដោយបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ និងងង្គការជាតិ អន្តរជាតិ សម្រាប់តែល្អ​មើល​ប៉ុណ្ណោះ។ (…) គ្មាន​អ្នកណា​គេល្ងង់ទៀតឡើយ ក្នុងសម័យនេះ។»

តាមអនុក្រិត្យចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ដដែលនោះបាន ធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ទាំងនោះ មកទុកជាសម្បត្តិរដ្ឋវិញ ដោយចាត់បញ្ចូល ក្នុងដែនដីឧទ្យានជាតិព្រះសីហនុ(រាម) , ឧទ្យាន​ជាតិ​ព្រះសុរាម្រិតកុសុមៈ(គិរីរម្យ) និងតំបន់ប្រើប្រាស់ច្រើនយ៉ាង«ដងពែង»ជាដើម។ តំបន់ទាំងនេះ ត្រូវ​បាន​សម្រេច​ដាក់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថានតទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...