ព្រះសង្ឃ​មួយ​អង្គ ត្រូវ​សន្តិសុខ​ខណ្ឌ័​ដូន​ពេញ​«ឆក់» និង​វាយ​«បី»​ដំបង

យ៉ាងហោចណាស់ ព្រះសង្ឃមួយអង្គ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ វាយដំ និងឆក់ដោយដំបងឆក់។ ការវាយ និងឆក់នេះ ត្រូវបានធ្វើឡើងស្របពេល មានការជួបជុំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បី​ដាក់​ញត្តិ​ជំទាស់​នឹង​ការ​ទទួល​យក ជនភៀសខ្លួនពីអូស្រ្តាលី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 17, 2014
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពស្ងប់ស្ងាត់​នៃ​ការ​ប្រើ​ហិង្សា ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ មក​លើ​បាតុករ មិន​មាន​រយៈ​ពេល​យូរ​ត​ទៅ​ទៀត​ទេ។ ការ​ប្រើ​ហិង្សា​ជា​ថ្មី​ទៀត របស់​ក្រុម​សន្តិសុខ​ទាំង​នោះ ធ្វើ​ឲ្យ​គេ​នៅ​តែ​មាន​មន្ទិល ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​បំបិត​មាត់​មិន​ឲ្យ​មាន​ការ​តស៊ូ​មតិ និង​ការ​ទុក​បញ្ហា​មិន​ដោះ​ស្រាយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

នៅថ្ងៃទី១៧ ខែតុលានេះ ព្រះសង្ឃ​ព្រះ​នាម ស៊ុំ សុវណ្ណនី បាន​រង​នូវ​អំពើ​ហិង្សា​ជា​ថ្មី​ទៀត ពី​សំណាក់​ក្រុម​សន្ដិសុខ។ ព្រះអង្គ​បាន​មាន​សង្ឃ​ដីការ​ថា ខណៈ​ពេល​ដែល​ព្រះអង្គ​បាន​ដង្ហែរ​ដាក់​ញត្តិ ជា​មួយ​ពលរដ្ឋ​ដទៃ​ទៀត ហើយ​បាន​និមន្ត​មក​ដល់ ជិត​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ពេល​នោះ​មាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មួយ​ក្រុម បាន​ប្រើ​ដំបង​វាយ​ទៅ​លើ​ព្រះ​កេស និង​វាយ​ចំ​ក្បែរ​ត្របក​ភ្នែក​ខាង​ស្តាំ​ផ្នែក​ខាង​ក្រោម យក​ដំបង​បុក​ត្រូវ​ដៃ និង​ឆក់​មួយ​ដំបង​ឆក់។

ព្រះតេជគុណអង្គនេះ បានបញ្ជាក់ថា៖ «អាត្មាមិនដឹងថារឿងអ្វីទេ ស្រាប់តែក្រុមទាំងនោះមកវាយ និង​ឆក់​អាត្មា​តែម្តង។ (...) អាត្មាចាត់ទុកថា ក្រុមសន្តិសុខទាំងនោះជាក្រុមបាតផ្សារ ដែលហ៊ានវាយ និងឆក់សូម្បី​តែ​ព្រះសង្ឃ។»

គង់នៅវត្តប្រយូរវង្ស ព្រះតេជគុណបានមានសង្ឃដីការទៀតថា ការដង្ហែដាក់ញត្តិនេះ មិនមែនដើម្បី​ប្រឆាំង​នឹងអំណាចគ្រប់គ្រង របស់រដ្ឋាភិបាលឡើយ តែប្រឆាំងនឹងភាពមិនស្មោះត្រង់ រវាងរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាលអូស្ត្រាលី ដែលមានចេតនា ដាក់ឲ្យមានការជួញដូរមនុស្ស ដោយស្របច្បាប់។

ករណីវាយតប់នេះ នៅមិនទាន់ត្រូវបានសាលាក្រុង ឬក្រសួងមហាផ្ទៃ បកស្រាយនៅឡើយ។

លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានចាត់ទុកថា រដ្ឋាភិបាល​មិនអាចធ្វើអ្វីឈ្នះ លើមតិរបស់ប្រជាពលរដ្ឋ ក្រៅពីការប្រើហិង្សានេះឡើយ។ លោកបានសំណូម​ពរ​ទៅរដ្ឋាភិបាល ឲ្យបញ្ជៀសការប្រើប្រាស់ហិង្សានេះ មកលើប្រជាពលរដ្ឋ ព្រោះនេះជាសិទ្ធិ និងសេរីភាព​របស់ប្រជាពលរដ្ឋដែលកំណត់ដោយច្បាប់។ ជាមួយនឹងការថ្គោលទោស នូវការប្រើហិង្សាលើព្រះសង្ឃ លោក​បានបញ្ជាក់ថា៖ «ជាតិ សាសនា ព្រះមហាក្សត្រ ជាបាវចនារបស់ព្រះរាជជាណាចក្រកម្ពុជា។ (...) បើយើង​វាយព្រះសង្ឃ ជារឿងមួយដែលយើងមិនគោរពសាសនាទេ ខ្ញុំសូមថ្គោលទោសដាច់ខាត។»

សូមទស្សនាវីដេអូឃ្លីប នៃបទសម្ភាសជាមួយ ព្រះតេជគុណ ស៊ុំ សុវណ្ណនី ខេមរិន្ទ្រដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...