សង្ឃ​បី​អង្គ​ដែល​គេ​បង្ខំ​ចាប់​ផ្សឹក​នៅ​ឧត្តរ​មាន​ជ័យ ស្វែង​រក​យុត្តិធម៌

ព្រះសង្ឃបីអង្គ នៅខេត្តឧត្តរមានជ័យ ដែលត្រូវប្រធានមន្ទីធម្មការ និងសាសនាខេត្តឧត្តរមានជ័យ ចាប់ផ្សឹកទាំងបង្ខំ និង​រំលោភ ទៅលើស្ថាប័នព្រះពុទ្ធសាសនា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥។ នេះ​បើ​តាម​អង្គការ​ធម្មទាន​សង្គម​ដែល​មាន​ព្រះ​តេជគុណ ងឹម សៅរិ៍សំខាន់ ជាប្រធាន។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: សាសនា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណី​នៃ​ការ​ចាប់​ព្រះសង្ឃ​បី​អង្គ គង់​នៅ​វត្ត​ធម្ម​សណ្តោស​ពុទ្ធ​វិន័យ ខេត្ត​ឧត្តរ​មាន​ជ័យ កំពុង​ធ្វើ​ឱ្យ​មហាជន​នានា​ចាប់​អារម្មណ៍ និង​ធ្វើការ​តាម​ដាន​ជា​ខ្លាំង។ ចាប់​អារម្មណ៍ ដោយ​សារ​តែ​មាន​ការ​ចាប់​ផ្សឹក​នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​ច្បាស់​លាស់ នៃ​កំហុស​របស់​ព្រះ​សង្ឃ​ទាំង​បី ថា​ព្រះអង្គ​មាន​កំហុស​ធ្ងន់ធ្ងរ​យ៉ាង​ណា រហូត​បណ្តាល​ឱ្យ​មាន​ការ​ចាប់​ផ្សឹក​ដូច​នេះ​ឡើយ។ មួយ​វិញ​ទៀត ការ​ចាប់​ផ្សឹក​នេះ ធ្វើ​​ឡើង​ដោយ​ប្រធាន​ធម្មការ​ខេត្ត ដែល​មាន​ភេទ​​ជា​​គ្រហស្ត មិន​មាន​សិទ្ធ​ក្នុង​ការ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​ឡើយ។

ភិក្ខុ​សង្ឃ​បី​អង្គ​ដែល​ត្រូវ​បាន​លោក ឆឹម តឿ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧត្តរ​មាន​ជ័យ​ចាប់​ផ្សឹក​នោះ គឺ​ព្រះ​តេជគុណ អ៊ុំ វិចិត្រ ចៅ​អធិការ​ស្តី​ទី​វត្ត​ធម្មយុទ្ធ ព្រះ​តេជ​គុណ ឡា ហួរ គ្រូ​សូត្រ​ឆ្វេង​ស្តី​ទី គង់​ក្នុង​វត្ត​ធម្មយុទ្ធ និង​ព្រះ​តេជគុណ ឃុន ឆេង ព្រះ​ចៅ​អធិការ​ស្តី​ទី​វត្ត​ខ្នង​ទួល ។ ព្រះ​សង្ឃ​ទាំង​ទាំង​បី​អង្គ​ត្រូវ​បាន​ហាម​ប្រាម មិន​ឱ្យ​គ្រប់​វត្ត​អារាម​ទាំង​អស់​ទទួល​ឱ្យ​គង់​នោះទេ។

បើតាមព្រះសង្ឃទាំងបីអង្គ ដែលត្រូវបានគេចាប់ផ្សឹក តែមិនទាន់ដោះស្បង់គ្រងជីពរ មានសង្ឃដីកានៅក្នុង​សន្និសីទសារព័ត៌មាន ដើម្បីទាមទាររកយុត្តិធម៌ នៅរសៀលថ្ងៃទី៣០ ខែមករានេះ បានបញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យមានការចាប់ផ្សឹកទាំងតក់ក្រហល់នេះ ដោយយោងទៅលើលិខិត ដែលចេញពីសភាសង្ឃ​គណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ទៅលើពីរចំណុច ទី១. ព្រះទាំងបីអង្គ មិន​គោរពទៅតាមគោលការណ៍របស់សង្ឃនាយក និងទីពីរមិនគោរពមន្រ្តីសង្ឃ។ គោលការណ៍ទាំងពីរ​យ៉ាងនេះ​ហើយ ដែលជាមូលហេតុ នាំឱ្យមានការចាប់ផ្សឹកភ្លាមៗ។

ព្រះសង្ឃមួយអង្គ មានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាន បានមានសង្ឃដីកាថា៖ «ហើយការចាប់ផ្សឹកនោះ ដូចដែលបានឃើញហើយ ពុំមានអ្នកណាចាប់ផ្សឹកទេ ព្រះមេគុណក៏មិនហ៊ានចាប់ផ្សឹក ព្រះបាល័តគុណក៏​មិន​​ហ៊ាន​ចាប់ផ្សឹក ក៏ប៉ុន្តែបែរជាប្រធានមន្ទីរធម្មការនោះ ចាប់ផ្សឹកដោយខ្លួនឯងវិញ។ ហើយកត្តាដ៏ទៃ​ទៀតជា​ច្រើន ដែលក្នុងឱវាទនោះ មានដូចជាប្រធានមន្ទីរធម្មការខេត្តឧត្តរមានជ័យ ក៏តែងតែមានរឿងច្រើន​ទាក់ទង​នឹង​លោក (...) ដូច្នេះបើមានព្រះអង្គណាមួយរើបម្រះឡើង គេនឹងចាប់ផ្សឹក។»

ប្រធានអង្គការធម៌ទានសង្គម ព្រះតេជគុណ ងឺម សៅរិ៍សំខាន់ មានសង្ឃដីការថា ការចាប់ផ្សឹកព្រះសង្ឃ​ទាំង​បីអង្គនេះ គឺជារឿងអយុត្តិធម៌បំផុត និងជាការប្រមាថទៅដល់ព្រះពុទ្ធសាសនា។ ព្រះអង្គបន្តថា អង្គការ​ធម្មទាន​សង្គមនឹងប្រកាសគោលជំហរ ទាមទាររកយុត្តិធម៌ឱ្យព្រសង្ឃទាំងបីអង្គ។ ព្រះអង្គបន្ថែមថា នឹងធ្វើ​សេចក្តី​ប្រកាសសេចក្តីថ្លែងការណ៍រួមមួយ ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិលនានា ក៏ដូចជា​ព្រះសង្ឃ​គ្រប់ព្រះអង្គ រួមទាំងប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យក្រសួងធម្មការ ក៏ដូច​ជាស្ថានប័នពាក់ព័ន្ទនានា បំពេញនិងគោរពតួនាទីខ្លួនឯង ហើយត្រូវដោះស្រាយបញ្ហានេះ។

មិនទាន់អាចស្វែងរកជួប ប្រធាន​ធម្មការ​ខេត្តឧត្តរ​មាន​ជ័យ ដើម្បីធ្វើការបកស្រាយ ពីការលើកឡើងខាង​លើ​បាននៅឡើយ នៅពេលនេះ។

សូមបញ្ជាក់ដែរថា សន្និសីទសារព័ត៌មាន ដើម្បីទាមទាររកយុត្តិធម៌ នៅរសៀលថ្ងៃទី៣០ ខែមករានេះ ធ្វើឡើង​តាមការស្នើរ​សុំ​របស់​ព្រះសង្ឃទាំងបីខាងលើ ក្នុងគោលបំណង៖

១. ទាមទារឱ្យមានភាពយុត្តិធម៌ប្រគេនដល់ព្រសង្ឃទាំងបីអង្គ។
២. ទាមទារឱ្យប្រធានមន្ទីរធម្មការ និងសាសនា បកស្រាយបំភ្លឺករណីការចាប់ផ្សឹក ព្រះសង្ឃបីអង្គទាំងកម្រោល នៅក្នុងវត្តធម្មសណ្តោសពុទ្ធវិន័យ និងវត្តខ្នងទួលខេត្តឧត្តរមានជ័យ។
៣. ស្នើរដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមព្រះមេត្តា គោរពទៅតាមដែនសមត្ថកិច្ចរបស់ស្ថាប័ន នីមួយៗ ពិសេសស្ថាប័នព្រះពុទ្ធសាសនា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...