តាំង សារ៉ាក់៖ នៅកម្ពុជា ហេតុអ្វីព្រះសង្ឃខ្មែរក្រោមចេះតែខុស!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 09, 2015
- ប្រធានបទ: ខ្មែរក្រោម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាចេះតែកើតមាន មិនចេះចប់ មិនចេះហើយ ទៅលើព្រះសង្ឃខ្មែក្រោម ដែលកំពុងរស់នៅលើទឹកដីខ្មែរ។ ហេតុអ្វីព្រះសង្ឃខ្មែរក្រោម រស់នៅកម្ពុជា ចេះតែមានបញ្ហារហូត? នេះបើតាមសង្កេត និងលើកជាចម្ងល់ឡើង របស់លោក តាំង សារ៉ាក់ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម។
ប្រសាសន៍របស់លោក សារ៉ាក់ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងព្រះតេជគុណ គីម សីលា នៅវត្តស្ទឹងមានជ័យ ទាក់ទងនឹងសំនុំរឿង ការទិញកុដិលេខ១៧ ដោយមានលិខិតស្នាមត្រឹមត្រូវ ពីសំណាក់ព្រះសង្ឃ គីម សីលា តែបែរជាព្រះអង្គ ដែលជាអ្នកទិញ មិនអាចទៅរស់នៅបាន។
មេដឹកនាំសហព័ន្ធរូបនេះ បានថ្លែងឡើងមិនមែនសំដៅ លើតែមួយចំណុចរបស់ព្រះតេជគុណ គីម សិលា នោះទេ ប៉ុន្តែលោកចង់មានប្រាសាសន៍ ទៅដល់រឿងរ៉ាវជាច្រើន ដែលព្រះសង្ឃខ្មែរក្រោម ត្រូវបានគេលាបពណ៍ជាបន្តបន្ទាប់។
លោកបានរំលឹករឿងរ៉ាវខ្លះមកវិញថា កាលពីពេលកន្លងទៅ អាជ្ញាធរធ្លាប់បានចោទ និងផ្សិកព្រះសង្ឃខ្មែរក្រោមពីរអង្គនៅវត្តអង្គតាម៉េញ ដោយចោទប្រកាន់ថា បានរកឃើញសម្លៀកបំពាក់មនុស្សស្រី នៅក្នុងកុដិ។ បន្ថែមពីលើរឿងនេះ នៅមានរឿងរ៉ាវ របស់សង្ឃខ្មែរក្រោម ជាច្រើនទៀត ដែលទទួលរងការលាបពណ៍ ឬបណ្តេញចេញពីវត្តជាដើម។
រីឯករណីរបស់ព្រះសង្ឃ គីម សីលា ក៏ត្រូវបានលោក តាំង សារ៉ាក់ ចាត់ទុកថា ជាការចោទប្រកាន់ លាបពណ៌ដូចគ្នា។ លោកបញ្ជាក់ថា ម្តងចោទថា ទ្រងទម្លាក់ពុទ្ធរូប ចូលក្នុងទឹកស្រះ នៅពេលរកមិនឃើញភស្តុតាងជាក់ស្តែង ខាងមន្រ្តីសង្ឃ និងចៅស្តីទីក្នុងវត្ត បង្វែរការចោទប្រកាន់ ថាព្រះសង្ឃ គីម សិលា ទិញរបស់ក្នុងវត្ត ខុសវិន័យសង្ឃ។
នៅក្រោយការធ្វើសន្និសីទកាសែត នៅរសៀលម្សិលម៉ិញ (ថ្ងៃទី០៨ ខែធ្នូ) រហូតមកដល់ ថ្ងៃទី០៩ ខែធ្នូនេះ កុដិលេខ១៧ ដែលព្រះសង្ឃ គីម សិលា បានជាវ នៅមិនទាន់អាចបើកសោរ បាននៅឡើយ។
សម្រាប់ព្រះតេជគុណ គីម សិលា វិញ បានមានសង្ឃដីកា ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទនៅព្រឹកនេះថា ព្រះអង្គនៅតែព្យាយាម រកដំណោះស្រាយ ទោះជាមានការចោទប្រកាន់លោក មួយលើកជាពីរលើកក៏ដោយ។ សង្ឃអង្គនេះ បានបន្ថែមទៀតថា នៅពេលប្រជុំខាងគណម្មាការស្ដីទីនៅក្នុងវត្ត មិនបានលើកឡើង ពីបញ្ហាបោះចោលព្រះពុទ្ធរូបទៀតទេ និងថែមទាំងមិននិយាយ រឿងប្រគល់កុដិឲ្យលោកដែរ។
ព្រះអង្គមានសង្ឃដីកាថា៖ «ចង់្យអាត្មាបោះបង់ប្រាក់៥ម៉ឺនដុល្លារ និងកុដិមួយ ហើយខូចឈ្មោះអាត្មា អាត្មាមិនអាចមិនតវ៉ាបានទេ សូមអាជ្ញាធរទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ មេត្តាជួយដោះស្រាយអាត្មាផង ថាអាត្មាខុសអី»។
បញ្ហខាងលើ នៅតែមិនអាចដោះស្រាយបាននៅឡើយ ចាប់តាំងពីថ្ងៃកើតមានរឿង ផ្អើលឆោឡោ (ថ្ងៃទី០៥ ខែធ្នូ) រហូតកមដល់ថ្ងៃទី០៩ ខែធ្នូនេះ។ ជាពិសេស ទស្សនាវដ្ដីមិនទាន់ទទួល បានការឆ្លើយតប ពីសំណាក់ព្រះចៅអធិការ វត្តស្ទឹងមានជ័យ បាននៅឡើយ ដោយព្រះអង្គបដិសេធ មិនជួបជាមួយអ្នកសារព័ត៌មានឡើយ៕