ខ្មែរក្រោម ៖ រដ្ឋាភិបាលមិនជួយខ្មែរក្រោមជាការរំលោភលើរដ្ឋធម្មនុញ្ញ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: January 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា បានរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលនៅស្ញៀមមិនព្រមជួយពលរដ្ឋខ្មែរក្រោមថា កំពុងតែរំលោភលើរដ្ឋធម្មនុញ្ញ។ ការិះគន់ររបស់ប្រធានសមាគមខ្មែរកម្ពុជាក្រោមបែបនេះ បានធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបដិសេធសំណើរបស់ខ្មែរក្រោម ដែលស្នើឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បន្ទាប់ពីជនជាតិខ្មែរក្រោមមួយចំនួន ត្រូវបានចាប់ខ្លួន នៅប្រទេសវៀតណាមកាលពីពេលកន្លងទៅ។
ខេត្តខ្មែរនៅកម្ពុជាក្រោម ដែលបារាំងបានកាត់ឲ្យយួននៅថ្ងៃ៤ មិថុនា ១៩៤៩។ (រូបថត ឯកសារ)
ខ្មែរក្រោម - ភ្លាមៗក្រោយពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិការណ៍អន្តរជាតិ បានបដិសេធចំពោះសំណើរបស់សមាគមខ្មែរកម្ពុជាក្រោម ដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងពលរដ្ឋខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួនដាក់ក្នុងពន្ធនាគាររួចមក។ តំណាងសមាគមខ្មែរកម្ពុជា ក្រោមបានចេញមុខរិះគន់ ចំពោះទង្វើរបស់រដ្ឋាភិបាលថា ជាការខ្លាចប្រទេសវៀតណាម និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែមករានេះ បានប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាដែលមិនព្រមជួយអន្តរាគមន៍ទៅអាជ្ញាធរវៀណាមថា ជាទង្វើដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាទាំងស្រុង ពីព្រោះថាពលរដ្ឋខ្មែរក្រោមក៏ជាជនជាតិខ្មែរដែរ ដែលតម្រូវឲ្យរដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់ការពារ និងថែរក្សា មិនឲ្យអាជ្ញាធរវៀតណាមរំលោភបំពានសិទ្ធិរបស់ពួកគេ។ប្រធានសមាគមខ្មែរក្រោមរូបនេះ បន្តថា រដ្ឋាភិបាលកម្ពុជាអាចជួយពលរដ្ឋខ្មែររស់នៅប្រទេសដទៃបាន នៅពេលដែលពលរដ្ឋទាំងនោះមានបញ្ហា តែហេតុអ្វីបានជារដ្ឋាភិបាល មិនអាចជួយពលរដ្ឋខ្មែរក្រោមបាន?
លោក ថាច់ សេដ្ឋា បានចាត់ទុកសម្មកភាពរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះថា ជាការកំសាក និងកោតខ្លាចរដ្ឋាភិបាលវៀតណាម មិនហ៊ានជួយខ្មែរគ្នាឯង។ លោកថា ហេតុផលរបស់រដ្ឋាភិបាលក្រុងភ្នំពេញមិនសមហេតុផលនោះទេ ពីព្រោះថា រឿងខ្មែរក្រោមនេះ កាលពីព្រះបាទបរមរតនកោដិនៅមានព្រះជន្មនៅឡើយ ឲ្យតែជួបការរំលោភបំពានពីអាជ្ញាធរវៀតណាមម្តងៗ ព្រះអង្គតែងចេញព្រះភ័ក្រ្តការពារ និងជួយអន្តរាគមន៍ទៅអាជ្ញាធរវៀតណាមជានិច្ច។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៤ កន្លងទៅសមាគមន៍ខ្មែរកម្ពុជាក្រោម បានសរសេរលិខិតដាក់ជូនទៅក្រសួងការបទេសកម្ពុជា ដើម្បីស្នើឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃខ្មែរ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ៧ នាក់ទៀត ដែលអាជ្ញាធរវៀតណាម ចាប់យកទៅដាក់គុកនៅក្នុងប្រទេសវៀតណាម។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស បានចាត់ទុកការស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោមថា រដ្ឋាភិបាលកម្ពុជាមិនអាចជួយបាននោះទេ ពីព្រោះថា ពលរដ្ឋខ្មែរក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម។
លើសពីនេះទៅទៀតនៅក្នុងលិខិតចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ ដែលចុះចុះហត្ថលេខាដោយរដ្ឋលេខាក្រសួងការបរទេស លោក អ៊ុច បូរិទ្ធ ដែលទើបផ្សព្វផ្សាយដល់អ្នកការសែតកាលពីល្ញាចមិញនេះ បានសរសេរថា កម្ពុជានិងវៀតណាមមានអធិបតេយ្យរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវគោលនយោបាយមិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជាមិនអាចជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀតណាមបាននោះឡើយ។
គួរសម្គាល់ថា ដែនដីខ្មែរក្រោមដែលអតីតជាទឹកដីរបស់កម្ពុជា ហើយពេលនេះ ត្រូតត្រាដោយរដ្ឋអំណាចកុម្មុយនីសវៀតណាមមានខេត្តចំនួន ២១ និងមានផ្ទៃដីសរុបប្រមាណជាង ៧ ម៉ឺនគីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមដែលរស់នៅលើកទឹកដីកំណើតរបស់ខ្លួន គឺកម្ពុជាក្រោមនេះ ត្រូវអាជ្ញាធរវៀតណាមរំលោភសិទ្ធិគ្រប់បែបយ៉ាង ដោយហោចទៅសូម្បីតែរៀនអក្សរសាស្រ្តខ្មែរ ក៏ត្រូវអាជ្ញាធរយួនមិនឲ្យសិក្សាដែរ។ មកទល់ពេលនេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមិនតិចនាក់ទេ ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម។ ភាពឈឺចាប់ ដែលមិនអាចទ្រាំនឹងទង្វើរបស់រដ្ឋអំណាចកុម្មុនីសវៀតណាម ប្រព្រឹត្តមកលើខ្មែរក្រោមបែបនេះ ទើបពលរដ្ឋខ្មែរកម្ពុជាក្រោម នៅទូទាំងពិភពលោក បានស្វះស្វែងរកសិទ្ធិសេរីភាពរបស់ខ្លួនគ្រប់ច្រកល្ហក ជាពិសេសគឺសង្ឃឹមចង់ឲ្យរដ្ឋាភិបាលកម្ពុជាជួយការពារសិទ្ធិរបស់ពួកគេ។ ប៉ុន្តែជាញឹកញាប់រដ្ឋាភិបាលកម្ពុជា តែងតែបដិសេធនូវសំណើរទាំងនោះ៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤