នាង សុឃុន៖ ហ៊ុន សែន«ក្បត់ជាតិ» រឿងកោះត្រល់ (vdo)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការអង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។
លោក នាង សូឃុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទិ៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ក្រោយពីបានដាក់ឯកសារបន្ថែមទៅតុលាការ រឿងប្តឹងលោកបាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ លោកបានបង្ហាញនូវជំនឿចិត្តថា ល្គិកណាតុលាការឈរលើសុភវិនិឆ័យត្រឹមត្រូវ ដោយមិនរណប ឬបង្គាប់បញ្ជាររបស់បុគ្គលណាម្នាក់ តុលាការនឹងចាត់វិធានការក្នុងរឿងនេះ។ លោកអះអាងដូច្នេះ ដោយលោកគិតថា នេះជារឿងរបស់ជាតិ របស់ប្រទេសជាតិ មិនមែនជាប្រយោជន៍បុគ្គលទេ។
ជាមួយនឹងការបញ្ជូលនូវឯកសារថ្មី សម្រាប់ជាទឡ្ហីកណ៍សម្រាប់ការចោទប្រកាន់ យុវជនខាងលើ ក៏បង្ហាញនូវចំណុចពិសេសមួយ ដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែន «គេច» មិនបានលើកយកមកបញ្ជាក់។ ចំណុចនោះបានសរសេរក្នុងលិខិតរបស់ អគ្គទេសាភិបាលឥណ្ឌូចិន លោកព្រេវីយេ (Brevier LATTER) ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ ដាក់ទៅទេសាភិបាលកូសាំងស៊ីននៅព្រៃនគរ ។
លោកបានបន្តរថា ក្នុងលិខិតរបស់លោក ព្រេវីយេ បានបញ្ជាក់ថា ក្រោមការគ្រប់គ្រង់របស់បារាំងជំនាន់នោះ គ្រាន់តែដាក់«កោះត្រល់»ឲ្យស្ថិតក្រោមការងារយកពន្ធតែប៉ុណ្ណោះ តែមិនមែនកាត់ដែនដីកោះ ឲ្យស្ថិតក្នុងដីរបស់ប្រទេសវៀតណាមទាំងស្រុងនោះទេ។ យុវជនរូបនេះបញ្ជាក់ចំណុចមួយ ក្នុងលិខិតរបស់លោក ព្រេវីយេ ដែលលោកនាយករដ្ឋមន្រ្តីមិនបានអាន (វា) មានន័យយ៉ាងដូច្នេះថា «ជាការប្រាកដ នេះគ្រាន់តែជាការបែងចែក ក្នុងការគ្រប់គ្រងរដ្ឋបាលនិងប៉ូលីស តែប៉ុណ្ណោះ ឯចំណែកបញ្ហាបូរណៈភាព ដែនដីនៃកោះទាំងនោះវិញ ត្រូវរក្សាទុកនៅដដែល។»
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្នុងជួររដ្ឋាភិបាល ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បាននៅឡើយទេ ចំពោះការប្តឹងរបស់យុវជននេះ។ តែបើតាមការចេញផ្សាយរបស់អង្គភាព ប្រតិកម្មរហ័សចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ក្នុងបទអន្ដរាគមន៍របស់លោក សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាមបានសរសេរយ៉ាងដូចនេះថា «ដូច្នេះផែនទីឆ្នាំ១៩៣៩ នោះគ្រាន់តែគូសបញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រសៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់បារាំងដែលគ្រប់គ្រងដែនដីឯនាយសមុទ្រនោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថាកូសាំងស៊ីនជាដីរបស់ខ្មែរទេ គាត់បែរជាបោះឆ្នោតអនុប្បវាទដូច្នោះហើយ ធ្វើឱ្យសភាសហព័ន្ធគេអនុម័តច្បាប់នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូ ជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែលទាក់ទងនឹងកោះត្រល់។»
ទោះយ៉ាងណាក៏ដោយ ក៏យុវជនរូបនេះនៅតែសង្ឃឹមថា តុលាការនឹងហៅទាំងដើមចោទ និងចុងចោទ មក តទល់គ្នាមុខតុលាការ មិនមែនដើម្បីភាព«ឈ្នះនិងចាញ់»នោះទេ គឺដើម្បីតែវែកញែកនូវអ្វីដែលជាភាពត្រឹមត្រូវប៉ុណ្ណោះ។ តែបើតុលាការមិនចាត់ការលើពាក្យបណ្តឹង ដោយហៅភាគីពាក់ព័ន្ធមកធ្វើការសាកសូរនោះទេ មានន័យថា តុលាការមិនឯករាជ្យ ជាតុលាការដែល«រណប»ឲ្យបុគ្គលណាម្នាក់ ដែលមានអំណាច។ យុវជននេះលើកឡើងថា រឿងក្តីនេះ លោកក៏បានត្រៀមជាស្រេចនូវមេធាវីពីររូប មួយរូបជាជនជាតិខ្មែរ និងមួយរូបទៀតជនជាតិបារាំង ដើម្បីជជែកដេញដោលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតុលាការ។
ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបកស្រាយ ពីលោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ បានទេនៅថ្ងៃទីនេះ។
ប្រធានក្រុមយុវជនខ្មែរបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាកំហុសឆ្គងរបស់គាត់ (លោក ហ៊ុន សែន)។ មិនមែនដើម្បីឈ្នះចាញ់ទេ។ ជាការទទួលខុសត្រូវ លើកំហុសឆ្គងរបស់ខ្លួន ដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹងខ្លួនគាត់ថា ខុសអីនោះហើយ។ (...) លោកធ្វើខ្លួនឯង លោកដឹងទង្វើខ្លួនឯងដែលបានធ្វើហើយ។»
សូមរម្លឹកថាពាក្យបណ្តឹងចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ជាពាក្យបណ្តឹងលើកទីពីរ ដែលយុវជនរូបនេះបាន ប្តឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្ទាប់ពីពាក្យបណ្តឹងលើកទីមួយថ្ងៃទី០៦ ខែមករាឆ្នាំ២០១៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធដោយអះអាងថា«ខុស»បច្ចេកទេស។ ហើយនេះក៏ជាលើកទីពីរដែរ ដែលលោកបានបន្ថែមឯកសារដាក់បន្ទុកក្នុងរឿងនេះ។ ពាក្យបណ្តឹងទាំងពីរកន្លងទៅយុវជននេះបានប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន ដោយចោទបានកាត់កោះត្រល់ និងកោះក្រចកសេះ ទៅវៀតណាម ទាំងស្រុងដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាបំពេញបន្ថែម ប្រគល់អោយយួនផ្តាច់មុខកាលពីឆ្នាំ២០០៥។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣កន្លងមកដូចគ្នា ទៅនឹងករណីខាងលើនេះ លោក សួង សុភ័ណ្ឌ មន្រ្តីម្នាក់ក្នុងជួរគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីលំហូរចូលជនអន្តោប្រវេសន៍វៀតណាម មករស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ និងព្រមទាំងមានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិ«ខ្មែរ»នោះផង។ យុវជននោះបានចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបានក្លែងឯកសារសាធារណៈ ក្នុងឋានៈជាអ្នកផ្ដើមគំនិតជាមួយនឹងបក្ខពួករបស់ខ្លួន។ តែត្រូវបានតុលាការភ្នំពេញ បដិសេធមិនពិចារណា៕
ទស្សនាកិច្ចសម្ភាសរបស់យុវជន នាង សុឃុន ទាំងស្រុងដូចតទៅ៖
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ មីនា ២០១៤