កម្ពុជា-បូកសរុបចុងឆ្នាំ៖ អ្នកវិភាគថា ២០១២ជា«ឆ្នាំខ្មៅ»នៃប្រព័ន្ធយុត្តិធម៌ សម្រាប់សេរីភាព
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 31, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងឆ្នាំ២០១២កន្លងមកនេះ ការប្រើប្រព័ន្ធយុត្តិធម៌ និងច្បាប់ទម្លាប់ ដើម្បីដោះស្រាយជម្លោះ មានការកើនឡើង គួរអោយមានមោទនភាព ប្រៀបនឹងអំពើរហឹង្សា ដែលធ្លាប់មានកន្លងមក។ តែទន្ទឹមនឹងនេះ ប្រព័ន្ធតុលាការ ក៏ត្រូវបានគេមើលឃើញថា បានក្លាយជាមធ្យោបាយយ៉ាងស្រួចស្រាវមួយ របស់ពួកអ្នកមានអំណាច និងអ្នកមានប្រាក់ ក្នុងការបង្ក្រាបទៅលើអ្នកទន់ខ្សោយផងដែរ។
រូបភាពកាត់ត បង្ហាញពីបណ្ដាជនមួយចំនួន ដែលកំពុងលង់ខ្លួន នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។
សង្គមស៊ីវិល អង្គការជាតិ និងអន្តជាតិជាច្រើន បានលើកឡើងថា ក្នុង«បរិបទកម្ពុជា»សព្វថ្ងៃ អ្នកមានអំណាច អ្នកមានទំនាក់ទំនងល្អ ជាមួយអ្នកមានអំណាច និងអ្នកមានប្រាក់ នឹងទទួលបាននូវ «ភាពលម្អៀង»ពីប្រព័ន្ធតុលាការ បើទោះជាអ្នកនោះបានរំលោភសិទិ្ធអ្នកដទៃ យ៉ាងខ្លាំងក្លាបែបណាក៏ដោយ។ អ្នកបញ្ចេញសម្លេង ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីឧត្តមគតិ និងបុព្វហេតុរួម ប្រឆាំងនឹងការគាបសង្កត់ បំផ្លិចបំផ្លាញ ឬអំពើរអយុត្តិធម៌ទាំងឡាយនោះ បែរជាត្រូវរងត្រឡប់មកវិញ នូវការគាបសង្កត់ជារឿយៗ ឬបំបិទសម្លេងចោលតែម្ដង ពីសំណាក់ប្រព័ន្ធតុលាការនេះ។
និយាយជារួម អ្នកវិភាគបានកត់សម្គាល់ថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ក្នុងឆ្នាំ២០១២នេះ បានបោះជំហានថយក្រោយ គួរឲ្យព្រួយបារម្ភ ដោយសារតែអ្នកវិភាគទាំងនោះ បានមើលឃើញ ពីការកាត់សេចក្ដី មានភាពមិនស្មើគ្នា រវាងជនរងគ្រោះ និងជនល្មើស ឬរវាងអ្នកធ្វើការដើម្បីបុព្វហេតុរួម និងអ្នកធ្វើការដើម្បីផលប្រយោជន៍បុគ្គល។ល។ តុលាការកម្ពុជា តែងកាត់សេចក្ដីដោយប្រើស្ថានទម្ងន់ទោស តែទៅលើជនទន់ខ្សោយ គ្មានអំណាច គ្មានបក្សពួក ឬក្រុមអ្នកនយោបាយដែលគ្មានអំណាច។ តែផ្ទុយទៅវិញ តុលាការមានវិធីសព្វគ្រប់បែបយ៉ាង ទោះមានចែងក្នុងច្បាប់ក្ដី ឬមិនមានក្ដី ដើម្បីបន្ធូរបន្ថយទោស ដល់ឧក្រិដ្ឋជនដែលជាក្រុមមន្ត្រី ឬសាច់ញាតិរបស់បុគ្គលមានអំណាចណាមួយ។
ខាងក្រោមនេះ ជាការរំលឹកឡើងវិញ ទៅលើករណីមួយចំនួន ដែលបង្ហាញពី«យុគខ្មៅ» ក្នុងឆ្នាំ២០១២ នៃប្រព័ន្ធតុលាការកម្ពុជា៖
១. ការសម្លាប់ក្រៅច្បាប់ និងសំនុំរឿងឃាតកម្ម
- ថ្ងៃទី២៦ ខែមេសា លោក ឈុត វុទ្ធី សកម្មជននាំមុខ ក្នុងការការពារព្រៃឈើខ្មែរ ត្រូវបានបាញ់សម្លាប់ នៅខណៈលោកចុះស៊ើបអង្កេត ពីការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងខេត្តកោះកុង។ ឃាតករ ដែលបានសម្លាប់លោក ត្រូវបានបាញ់សម្លាប់«ដោយរាកៃ»បន្ទាប់មក ដោយជនម្នាក់ទៀតឈ្មោះរ៉ាន់ បូរ័ត្ន។ តុលាការខេត្តកោះកុង បានសម្រេច«ព្យួរ»ទោសរបស់ជនសង្ស័យ រ៉ាន់ បូរ័ត្ន ដែលនៅសល់១៨ខែ និង«ដោះលែង»អោយមានសេរីភាព បន្ទាប់ពីបានឃុំឃាំងជននេះ អស់រយះពេល៦ខែកន្លងមក។ ដោយឡែកចំពោះឃាតកម្ម លើរូបលោកឈុត វុទ្ធី តុលាការបានបិតសំនុំរឿង ដោយហេតុ«ផុតបណ្តឹងអាជ្ញា» និងពុំមានការពន្យល់បំភ្លឺអ្វីបន្ថែមឡើយ។
ដូច្នេះគេមិនអាចដឹងបាន ពីការពិត ដែលជាមូលហេតុឈានទៅដល់ ការបាញ់សម្លាប់សកម្មជនបរិស្ថានរូបនេះទេ។ រីឯសង្គមស៊ីវិល ដែលបានធ្វើការនៅលើសំនុំរឿង បានបរិហាពីការសម្រេចសាលក្រមនេះ ថាមាន«ឆន្ទះកាត់ក្ដីលម្អៀង» ដោយលើកបញ្ជាក់ថា «ដោយសារតែ ជនរងគ្រោះ បានដឹងពីបទល្មើសព្រៃឈើ ដែលប្រព្រឹត្តដោយឈ្មួញមានលុយ និងគាំទ្រដោយអ្នកមានអំណាច»។
- ថ្ងៃទី១៧ ខែឧសភា ក្នុងភូមិប្រមា នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងករណីក្មេងស្រីឈ្មោះ ហេង ចន្ថា អាយុ ១៤ឆ្នាំ ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងខ្ទាតត្រូវ របស់មន្ត្រីអនុវត្តច្បាប់។ តែគេពុំដែលឃើញមានការទទួលខុសត្រូវ របស់មន្ត្រីប្រព្រឹត្តិកំហុសណាម្នាក់ ត្រូវបាននាំយកទៅកាត់ទោស នៅចំពោះមុខច្បាប់ឡើយ។ រីឯព្រះរាជអាជ្ញាទៀតសោធ ក៏ពុំបានអនុវត្តតាមតួនាទីរបស់ខ្លួន ជាដើមបណ្តឹងអាជ្ញា ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ដែលច្បាប់បានផ្តល់ឲ្យនោះផងទេ។
- ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ជនសង្ស័យ ប៊ន សំណាង និងសុខ សំអឿន ត្រូវសាលាឧទ្ធណ៍បានប្រកាសសាលដីការ ដាក់ទោសម្នាក់២០ឆ្នាំជាថ្មីទៀត បន្ទាប់ពីបានបានបើកធ្វើសវនាការឡើងវិញ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមក ក្នុងសំណុំរឿងបាញ់សម្លាប់ លោក ជា វិជ្ជា។ ដើមបណ្ដឹង និងសកម្មជនសិទ្ធិមនុស្ស បានរកឃើញថា ជនសង្ស័យទាំងពីរ ជាជនសង្ស័យសិប្បនិមិត្ត ដែលអាជ្ញាធរចាប់អោយមកទទួលកំហុស ដោយសារតែ«រកជនដៃដល់ពិតប្រាកដ»មិនឃើញ ឬមិនចង់រក។ ពួកគេថែមទាំងបរហារ ពីចៅក្រម ដែលប្រើឆន្ទានុសិទ្ទិរបស់ខ្លួន ដោយមិនមានការស៊ើបអង្កេតបន្ថែម ធ្វើអោយសំនុំរឿង នៅតែគ្មានអ្វីប្លែកពីមុន និងមានចំណុចចន្លោះប្រហោងដដែល។
- ករណីឃាតកម្មលើអ្នកកាសែត«វីរជនខ្មែរ»ម្នាក់ឈ្មោះ ហង្ស សេរីឧត្តម នៅខេត្តរតនៈគីរី កាលពីនៅថ្ងៃទី១១ ខែកញ្ញា ដែលរហូតមកដល់ពេលនេះ តុលាការនៅមិនទាន់បាន រកយុត្តិធម៌អោយជនរងគ្រោះ បាននៅឡើយ។ មានមតិជាច្រើន ដែលបានផ្ដោតការសង្ស័យទៅលើ មន្ត្រីកងរាជអាវុធហត្ថខេត្ត ដែលរកស៊ីឈើខុសច្បាប់ ហើយថាមានជម្លោះជាមួយជនរងគ្រោះ។
២. ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស
- ថ្ងៃទី០១ ខែតុលា ជម្លោះដីធ្លីនៅក្នុងភូមិប្រមា នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើឲ្យនាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ក្រោមបទចោទមួយចំនួន ទាក់ទងនឹងការបង្កើតតំបន់អបគមន៍ ខណៈពេលកើតហេតុ សាមីខ្លួនកំពុងស្ថិតនៅឯបរទេស។ សហគមន៍ជាតិ និងអន្តរជាតិ ក្នុងនោះមានទាំងប្រធានាធិបតីអាមេរិកផង បានថ្កោលទោស ការផ្ដន្ទាទោសនេះ ថាជារឿងនយោបាយ និងបំបិទសិទ្ធិនៃការនិយាយស្ដីនៅក្នុងប្រទេសកម្ពុជា។
- ថ្ងៃ២៤ ខែសីហា ក្នុងជម្លោះដីធ្លីនៅភូមិប្រមានេះដដែល លោកចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេត នៃអង្គការអាដហុក ត្រូវបានកោះអោយចូលខ្លួនមកតុលាការ ដើម្បីសួរចម្លើយពីបទទាក់ទង នឹងការផ្តល់ជំនួយអោយដល់ «ចារី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភាកន្លងមកនេះ។ លោក ចាន់ សុវ៉េត ត្រូវបានសង្ស័យ និងចោទប្រកាន់ កាលពីថ្ងៃទី៧ ខែសីហា ថាមានជាប់ទាក់ទង នឹងការផ្តល់លុយ៣០ម៉ឺនរៀល និងការស្នាក់នៅ២យប់ ដល់ក្រុមអ្នកតវ៉ាដីធ្លី នៅភូមិប្រមា ដែលនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ចោទក្រុមនេះ ថាមានបំណងបង្កើតតំបន់អបគមន៍។ ការកោះហៅនេះ មិនមានការឃុំខ្លួនទេ ក៏ប៉ុន្តែបានដាក់លោកចាន់ សុវ៉េត ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។
- ថ្ងៃទី២៧ ខែកញ្ញា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានគ្រូបង្រៀនឯករាជ្យ ត្រូវបានកោះហៅ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង ដែលអគ្គនាយកនៃសហគ្រាស តៃយ៉ាង លោក ជាក់ លី (Jack Liu) បានប្តឹងលោក ពីបទ«ញុះញុង»ឲ្យកម្មករធ្វើកូដកម្ម និង«បទបរិហាកេរ្តិ៍»ជាសាធារណៈ។
- ថ្ងៃទី១០ ខែតុលា តុលាការខេត្តរតនគីរី បានកោះហៅទៅសាកសួរ លោក ប៉ែន ប៊ុណ្ណា លោក ឆាយ ធី ជាមន្ត្រីសម្របសម្រួល និងជាមន្ត្រីស៊ើបអង្កេត របស់អង្គការអាដហុក ប្រចាំខេត្តរតនគីរី រួមនិងលោក រដ្ឋា វិសាល ជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីផង។ ការកោះហៅនេះ ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលមន្ត្រីសិទ្ធិមនុស្សទាំងនេះ បានជួយក្រុមជនជាតិដើមភាគតិចទំពូន ក្នុងស្រុកលំផាត់ ដើម្បីតវ៉ារឿងទំនាស់ដីធ្លីមួយកន្លែង ដែលមានការចោទប្រកាន់ថា ក្រុមហ៊ុនឌីអឹមគ្រុប បានរំលោភយក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
- ថ្ងៃទី៨ ខែតុលា ក្នុងខេត្តរតនគិរីដដែល ស្ថាប័នអយ្យការតុលាការខេត្តរតនគីរី បានកោះលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យចូលទៅបំភ្លឺ នៅក្នុងដំណើររឿង«ញុះញង់» ឲ្យប្រព្រឹត្តបទឧក្រិដ្ឋបានសម្រេច ប៉ុន្តែមិនមានការឃាត់ខ្លួនឡើយ។
- ថ្ងៃទី២៤ ខែធ្នូ លោក ប៊ុត រស្មីគង្គា អ្នកយកព័ត៌មានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ ក៏ត្រូវបានតុលាការយោធាកោះហៅ ដើម្បីសាកសួរ ពាក់ព័ន្ឋនឹងការចុះផ្សាយអត្តបទរបស់លោក រាយការណ៍ពីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលបានរងការចោទប្រកាន់ ពីសំណាក់មន្ត្រីយោធាមួយចំនួនថា បានយកដីទៅលក់ឲ្យក្រុមហ៊ុនបរទេស។ ការហៅទៅសាកសួរនេះ ទោះជាធ្វើនៅក្នុង«នាមជាសាក្សី» ប៉ុន្តែបានប៉ះពាល់ ទៅលើច្បាប់ចែងពីរបបសារពត៌មាន ដែលអ្នកកាសែតមិនត្រូវបាននរណាម្នាក់គម្រាម ដើម្បីបង្ហាញពីម្ចាស់ប្រភពនោះទេ។
៣. ការដោះលែងជនល្មើស ក្នុងករណីជាក់ស្ដែង
- ថ្ងៃទី១៨ ខែធ្នួ តុលាការខេត្តសា្វយរៀង បានសម្រេចទម្លាក់ ការចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ តុលាការនេះ ធ្លាប់បានរកឃើញថា លោកឈូក បណ្ឌិត បានបាញ់«ដោយអចេតនា» ឲ្យរបួសកម្មការិនីបីនាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ខណៈពេលកូដកម្មទាមទារ លក្ខខ័ណ្ឌការងារមួយចំនួន ពីសំណាក់កម្មករ។ តែផ្ទុយទៅវិញ ការទម្លាក់ចោលការចោទប្រកាន់នេះ ដោយតុលាការសម្អាងថា «គ្មានភស្ដុតាង គ្រប់គ្រាន់ដើម្បីចោទប្រកាន់»។
- ថ្ងៃទី១០ ខែកក្កដា តុលាការខេត្តកោះកុង បានដោះលែងលោក ប៊ុន សុខា ជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រី និងកូនចៅពីរនាក់ទៀត ក្រោយពីអ្នកទាំងបីបានជាប់ពន្ធនាគារត្រឹមតែជាងពីរខែប៉ុណ្ណោះ។ លោក ប៊ុន សុខា អតីតនាយរងសេនាធិការ នៃអង្គភាពអង្គរក្សនាយករដ្ឋមន្ត្រី ត្រូវបានប្រព័ន្ធវីដេអូសុវត្ថិភាព ថតជាប់ពីការវាយដំ លើបុរសបួននាក់នៅសណ្ឋាគារកោះកុង កាលពីខែមេសា។ បើពិនិត្យទៅលើខ្សែរវីដែអូនេះ អ្នក«ប្រដាល់ក្រៅវេទិការ»ទាំងបី ត្រូវមានទោសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារបីឆ្នាំ។
៤. សិទ្ធិដីធ្លី និងការបណ្តេញចេញដោយហិង្សា
- ថ្ងៃទី២៤ ខែឧសភា អ្នកតវ៉ាដីធ្លី នៅតំបន់បឹងកក់ចំនួន១៣នាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារម្នាក់ៗពី១ឆ្នាំ ទៅ២ឆ្នាំកន្លះ ក្រោមបទកាន់កាប់ដីខុសច្បាប់ និងប្រឆាំងអាជ្ញាធរសាធារណៈ។
អាជ្ញាធរបានចាប់ខ្លួន អ្នកទាំង១៣នាក់នេះ នៅថ្ងៃ២២ខែឧសភា ក្នុងខណៈអ្នកទាំងនេះព្យាយាមសង់ផ្ទះ ដែលក្រុមហ៊ុនអភិវឌ្ឍន៍វាយកម្ទេចចោល នៅលើដីខ្លួនឯងឡើងវិញ។ កន្លងទៅតែពីរថ្ងៃប៉ុណ្ណោះ អ្នកទាំង១៣នាក់ បានទទួលការកាត់ទោស យ៉ាងតក់ក្រហល់មួយ ពីសាលាដំបូងរាជធានីភ្នំពេញ បើសូម្បីឱកាសដើម្បីរកមេធាវីការពារក្ដី អោយខ្លួនគេក៏គ្មានផង។ នៅថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចក៏បានចាប់អ្នកបឹងកក់ ២នាក់ទៀត បញ្ជូនទៅពន្ធនាគារព្រៃសដែរ ខណៈដែលពួកគេកំពុងតវ៉ានៅខាងមុខតុលាការ គាំទ្រដល់អ្នកទាំង១៣នាក់។ ក៏ប៉ុន្តែអ្នកទាំង ២នាក់នេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី១៥ ខែមិថុនា។ បន្ទាប់មកទៀត នៅថ្ងៃទី២៧ ខែមិថុនា សាលាឧទ្ទរណ៍បានសម្រេចបន្ថយទោស មកត្រឹមទោសដែលអ្នកភូមិទាំង១៣នាក់ ជាប់រួចហើយក្នុងពន្ធនាគារកន្លងមកប៉ុណ្ណោះ បានន័យថា«សម្រេចដោះលែង» អ្នកទាំងនេះ នៅក្រោយប្រកាសសាលក្រមរួច។
- ថ្ងៃទី២៧ ខែធ្នូ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា សកម្មជនលេចធ្លោ ក្នុងជម្លោះតវ៉ាដីធ្លីនៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទ«ប្រើអំពើហឹង្សាដោយចេតនា»។ អ្នកស្រី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងមក ខណៈដែលអាជ្ញាធរបានរកឃើញថា ក្រុមគ្រួសាររបស់អ្នកស្រីមានទំនាស់ វាយទៅលើបុរស ជាអ្នករត់ម៉ូតូឌុបពីរនាក់ ដែលនៅជាប់ភូមិផងរបងជាមួយ។
- ថ្ងៃទី២៧ ខែធ្នូ នេះដដែល សកម្មជនម្នាក់ទៀត ក្នុងជម្លោះតវ៉ាដីធ្លីនៅតំបន់បូរីកីឡា អ្នកស្រី ទឹម សាក់មុនី ក៏ត្រូវតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួនប្រាំមួយខែដែរ ក្រោមបទញុះញង់ឲ្យមានបទឧក្រិដ្ឋ ប្ដឹងដោយក្រុមហ៊ុនផានអ៊ីម៉ិច។ ការផ្តន្ទាទោសនេះ ត្រូវបានតុលាការ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនមក និង«ព្យួរ»ទោសដែលនៅសល់ ពោល គឺអ្នកស្រីត្រូវបាន «ដោះលែង» អោយមានសេរីភាព បន្ទាប់ពីសាលក្រមនេះទៅ។
ទោះបីមានការបន្ធូបន្ថយទោសបែបនេះខ្លះក៏ដោយ ក៏ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្ស នៅតែសម្ដែងការសោកស្តាយ ដោយការចាប់ខ្លួនដាក់ទោសទាំងនេះ បានធ្វើឡើង នៅក្រោមហេតុផល ពីជម្លោះតវ៉ាដីធ្លី ដែលកើតឡើងយ៉ាងរ៉ាំរ៉ៃ ក្នុងប្រទេសកម្ពុជា ហើយបានគម្រាមទៅសកម្មជនផ្សេង លែងហ៊ានធ្វើការតវ៉ា ការពារសិទ្ធខ្លួនឯងតទៅទៀត។
ជារួមមក ក្នុងឆ្នាំ២០១២នេះ ប្រព័ន្ធតុលាការរបស់កម្ពុជា បានធ្វើអោយអ្នកវិភាគមើលឃើញកាន់តែច្បាស់ឡើងៗ ថាមិនមានលក្ខណៈគ្រប់គ្រាន់ នឹងអាចរកយុត្តិធម៌ជូនពលរដ្ឋទន់ខ្សោយ ជាពិសេសអ្នកដែលគ្មានអំណាច នោះបានឡើយ។
អ្វីដែលបានរៀបរាប់មកខ្លះៗ ខាងលើ ធ្វើអោយមានការវាយតម្លៃថា សង្គមកម្ពុជាសព្វថ្ងៃ កំពុងឈានទៅរកការបែងចែក ជាពីរក្រុម៖ ក្រុមទីមួយ«ពលរដ្ឋសាមញ្ញ» ជាក្រុមមនុស្សដែលនៅ«ក្រោមច្បាប់» និងក្រុមមួយទៀត«ពលរដ្ឋវិសាមញ្ញ» ដែលជាក្រុមមនុស្សនៅពី«លើច្បាប់»។ តែអ្នកវិភាគ នៅតែមានការសង្ស័យយ៉ាងខ្លាំងមួយដែរ ទៅលើ«ភាពគ្មានលំនឹង»របស់ចៅក្រម ដោយហេតុថា ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃប្រព័ន្ធតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មិនទាន់មានរូបរាងនៅឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ