«ខ្មែរក្រោមត្រូវមានសិទ្ធិ និងសេរីភាព មិនថានៅកម្ពុជា ឬកម្ពុជាក្រោម»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 21, 2015
- ប្រធានបទ: ខ្មែរក្រោម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្ព័ន្ធអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ដែលមាន១១ អង្គការសមាគម ជាសមាជិក និងមានទីតាំងក្នុងប្រទេសកម្ពុជា គ្រោងនឹងបង្ហាញពីការតស៊ូមតិ និងការបិទបាំងសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៃប្រទេសទាំងពីរ (វៀតណាមខាងត្បូង និងកម្ពុជាកណ្តាល) នៅក្នុងឱកាស នៃ«វេទិការប្រជាពលរដ្ឋអាស៊ាន» នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២២ ខែមេសា។
យោងតាមសេចក្តីថ្លែងការណ៏ ដែលចេញដោយលេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញថា ខ្មែរកម្ពុជាក្រោមកំពុងរងការយាយី ការរំខាន ខាងផ្នែកសិទ្ធិ សេរីភាព វប្បធម៌ និងជំនឿសាសនា ពីសំណាក់អាជ្ញាធរ នៃប្រទេសវៀតណាម។ ក្រុមអង្គការសមាគមទាំងនោះ សូមស្នើឲ្យ អង្គការជាតិ និងអន្តរាជាតិ នៃសមាគមអាស៊ាន ជួយអន្តរាគម ចំពោះការរំលោភសិទ្ធិខ្មែរក្រោម ទាំងនៅកម្ពុជា និងនៅប្រទេសវៀតណាម តាមរយៈការដាក់ទីទាំង នៃឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការអន្តរជាតិផ្សេងទៀត មានការិយាល័យរបស់ខ្លួន ប្រចាំប្រទេសវៀតណាមជាដើម។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបង្ហាញនូវចំណុចមួយចំនួន នៃការគ្រប់គ្រងអំណាចបំបិទសិទ្ធិ និងសេរីភាពមកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម របស់ប្រទេសវៀតណាម ដូចជា ការគម្រាមកំហែងព្រះសង្ឃ ក្នុងការចូលរួមជាមួយ អង្គការសមាគម ការប្រើប្រាស់កម្លាំង ប្រដាប់អាវុធហួសប្រមាណ ក្នុងការឡោមព័ទ្ធ ទីវត្តអារាមដើម្បីចាប់ព្រះសង្ឃ ជាមួយនឹងការប្រើហិង្សា លើព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ រួមទាំងការផ្សឹកព្រះសង្ឃ ដោយកម្លាំងទ័ព ការប្រើហិង្សា លើស្រ្តីវ័យចំណាស់ ពីកម្លាំងទ័ព និងការគម្រាម មាន«ដីកា»តុលាការ លើប្រជាពលរដ្ឋ និងព្រះសង្ឃអង្គណា ដែលមានទំនាក់ទំនង និងហ៊ានធ្វើសេចក្តីរាយការណ៍ ឬផ្តល់ព័ត៌មាន ទៅកាន់អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសជាដើម។
ជាមួយគ្នានេះ ក្នុងករណីប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃអង្គណា ដែលមិនបានសហការ ជាមួយនឹងអាជ្ញាធរវៀតណាម ពួកគេត្រូវបានរងនូវការគម្រាមកំហែង និងការតាមដាន រាល់សកម្មភាព ជារៀងរាល់ថ្ងៃ ដោយអាជ្ញាធរវៀតណាមទាំងនោះ។ មានការរឹតបណ្តឹង ការធ្វើដំណើរ ពីប្រទេសកម្ពុជា ទៅកាន់ទឹកដីកម្ពុជាក្រោម បើទោះមានលិខិតឆ្លងដែនត្រឹមត្រូវ ក៏ដោយ ក៏ត្រូវរងការឃាត់ទុក និងសួរចម្លើយនៃការចូល និងចេញ នៃទឹកដីកម្ពុជាក្រោម និងប្រទេសកម្ពុជាដែរ។
ជាក់ស្តែង ចៅអធិការវត្តសាមគ្គីរង្ស៊ី ក្នុងប្រទេសកម្ពុជា ព្រះតេជគុណ សៀង សុវណ្ណារ៉ា ត្រូវបានអាជ្ញាធរវៀតណាម ដាក់បំរាម មិនអនុញ្ញាត ឲ្យចូលស្រុកកំណើត ជួបឧពុកម្តាយ បើសិនជាព្រះអង្គ នៅតែបន្តចូលរួម ក្នុងអង្គការសមាគម ខ្មែរកម្ពុជាក្រោម ធ្វើការតស៊ូទាមទារ នូវសិទ្ធិ និងសេរីភាពនោះទេ។ ឯចាងហ្វាងសារព័ត៌មានព្រៃនគរ ប្រចាំនៅកម្ពុជា ឯណោះវិញ លោក លី ឈូន រួមទាំងប្រពន្ធ និងកូន ក៏មិនត្រូវបានអនុញាត ឲ្យចូលទឹកដីខ្មែរកម្ពុជាក្រោមដែរ នាពេលកន្លងមក ជាមួយនឹងការរឹបអូស នូវទ្រព្យសម្បត្តិមួយចំនួន ដូចជា កំព្យូទ័រ ការមេរ៉ាថតរូប និងអាយផេតជាដើម។
សម្រាប់អាជ្ញាធរកម្ពុជាវិញ ត្រូវបានសេចក្តីថ្លែងការណ៍ដដែល បរិហារថា យ៉ាងហោចណាស់ ដើមឆ្នាំ២០១៤ កន្លងមក មានការប៉ះទង្គិច រវាងប្រជាពលរដ្ឋ កម្មករ ជាមួយអាជ្ញាធរកម្ពុជា ព្រោះតែការតវ៉ាទាមទារ តម្លើងប្រាក់ខែ។ ការប៉ះទង្គិចនោះ យ៉ាងហោចណាស់ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ដោយគ្រាប់កាំភ្លើង របស់អាជ្ញាធរកម្ពុជា និងការចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មួយចំនួនផងដែរ។ ព្រឹត្តិការណ៍ នៅក្នុងវត្តស្ទឹងមានជ័យ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យព្រះសង្ឃ ថាច់ យឿន រងរបួសជាទំងន់។ ព្រឹត្តិការណ៍ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ អ្នកសារព័ត៌មានព្រៃនគរ លោក ស៊ឺន ចែងចើន ក៏ត្រូវបានសន្តិសុខខណ្ឌវាត និងប្លន់យកសម្ភារៈដូចជាកាមេរ៉ា និងលុយ ខណៈពេលកំពុងចុះយកព័ត៌មាន នៃហេតុការណ៍ប៉ះទង្គិចគ្នា រវាងពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ បានសរសេរបន្តថា នៅមានព្រឹត្តិការណ៍ជាច្រើនទៀង ដែលបានកើតឡើង ជាបន្តបន្ទាប់ មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ហើយក៏រងការគម្រាមកមហែង តាមរយៈ«ដីកា»តុលាការ មិនចំពោះបុគ្គលណាឡើយ ដែលហ៊ានចេញមុខ ជួយធ្វើការស្វែងរកសិទ្ធិ និងសេរីភាពជូនប្រជាពលរដ្ឋ ជាក់ស្តែង ដូចករណីពលរដ្ឋរងគ្រោះ ដោយដីធ្លីជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ព័ន្ធអង្គការសមាគមទាំង១១ បានស្នើឲ្យប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្ត រួមគ្នាបញ្ឈប់ ការរំលោភសិទ្ធិ និងសេរីភាពខ្មែរក្រោម ព្រមទាំងបញ្ឈប់ការលាបពណ៌ និងការរើសអើងមកលើខ្មែរកម្ពុជាក្រោម។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំរប្រតិកម្ម ពីអ្នកនាំពាក្យ នៃរដ្ឋាភិបាលកម្ពុជាបានទេ នាព្រឹកថ្ងៃទី២១ ខែមេសានេះ។ ប៉ុន្តែទស្សនាវដ្ដី នឹងស្វែងរកការបកស្រាយ ពីមជ្ឈដ្ឋាននាន ជុំវិញសេចក្ដីថ្លែងការណ៍ខាងលើ មុននឹងយកមកដាក់ផ្សាយ នៅក្នុងអត្ថបទលើកក្រោយ របស់ខ្លួន៕