កម្មករ​អូស​រទេះ​បិទ​ផ្លូវ​ជាតិ​លេខ៥​ ព្រោះ​គ្មាន​តំណាង​គយ​ចេញ​មុខ​ដោះ​ស្រាយ

កម្មករអូសរទេះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត នៅតែបន្តធ្វើការទាមទារ ឲ្យមានដំណោះស្រាយពីសំណាក់គយចល័ត ដែលតែងតែចាប់ពួកគាត់ ឲ្យបង់ពន្ធលើសសម្ថភាព។ ការតវ៉ា បានឈានទៅដល់ ការបិទផ្លូវជាតិលេខ៥ ថែម​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែមករានេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 22, 2015
  • ប្រធានបទ: បាតុកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​តែ​មាន​រឿង​កើត​ឡើង មិន​ចេះ​ចប់​រវាង​ក្រុម​តំណាង​ឲ្យ​​​អាជ្ញាធរ​ជាតិ និង​អ្នក​ក្រ​ក្សត់ ដែល​​ស្ទើរ​​តែ​គ្មាន​អ្វី​សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ។ មាន​ត្រឹម​មុខ​របរ​ចិញ្ចិម​ជីវិត​ដ៏​តូច​តាច ទោះ​ជា​លី​សែង​រែក​ពន់​ប៉ុន្មាន ក៏​គ្មាន​ការ​នឿយ​ហត់​ តែ​អ្វី​ដែល​កម្មករ​អូស​រទេះ​ទាំង​នោះ​ទ្រាំ​មិន​បាន​នោះ គឺ​ការ​បង្ខំ​ចាប់​ឲ្យ​បង់​ពន្ធ​យ៉ាង​សកម្ម និង​ហួស​សមត្ថភាព ពី​​សំណាក់​«គយ»​ដែល​ប្រចាំ​ការ នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ត្រង់​ចំណុច​ផ្សារ​រ៉ា ស្ថិត​នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រភព​​ព័ត៌មាន​នៅ​នឹង​កន្លែង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​ដែល​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​ប្រាំ​នេះ ចាប់​ផ្តើម​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​រ៉ា​ថ្មី ពី​មុខ​ទីស្នាក់ការ​គយ​ប៉ោយប៉ែត។ ការ​ធ្វើ​បាតុកម្ម​នេះ នៅ​មិន​ទាន់​មាន​តំណាង​ភាគី​គយ​ណា​មួយ ចេញ​មក​ដោះ​ស្រាយ​នៅ​ឡើយ​ក្នុង​ពេល​ភ្លាមៗ​នោះ។ ការ​ទាម​ទារ ដែល​គា្មន​អ្នក​ចូល​មក​ដោះ​ស្រាយ​នេះ នៅ​មិន​ទាន់​មាន​ការ​រំសាយ​នៅ​ឡើយ មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល។

តំណាង​កម្មករ​អូសរទេះលោក សឿង សុភឿន បានិយាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ក្រុមកម្មករ​អូសរទេះទាំងអស់ប្រមាណជា១០០នាក់ នៅកំពុងធ្វើការតវាបិទផ្លូវជាតិលេខប្រាំ ពីមុខទីស្នាក់កាគយ មិន​ទាន់​មានការដោះស្រាយពីតំណាងគយនោះទេ។ តំណាងកម្មកររូបនេះ បានបន្តទៀតថា ពួកគាត់នឹងមិន​បើក​ផ្លូវនោះទេ បើសិនជាមន្ត្រីគយ នៅតែព្រងើយកន្តើយ មិនចេញមុខមកដោះស្រាយទៀតនោះ។ លោកថា ចំពោះបញ្ហានេះ ចៅហ្វាយខេត្តបានមកនិយាយឲ្យក្រុមកម្មករបើកផ្លូវវិញ តែក្រុមកម្មថាលើកណា ក៏មក​និយាយ​បែបនេះជាមួយពួកគាត់ដែរ តែមិនមានដំណោះស្រាយណាមួយសមរម្យនោះទេ។

នៅពេលកំពុងធ្វើបាតុកម្មនោះដែរ អ្នកស្រី ចាន់ ណា បានប្រាប់ទស្សនាវដ្ដីតាមទូរស័ព្ទថា ក្រុមកម្មករទាំង​អស់នៅតែពង្រឹងជំហរមិនបើកផ្លូវដដែល ភ្លាមៗនោះ មានកងកម្លាំងសម្ថកិច្ចបាន​បើកឡានទឹកបម្រុង​នឹង​បាញ់​ទៅលើកម្មករទាំងអស់ តែបន្តិចក្រោមមកក៏មានការស្ងប់ស្ងាត់ទៅវិញ។ ស្ត្រីអ្នកអូសរទេះរូបនេះ បាន​បញ្ជាក់ថា លោក ឈួន ហៃ មេគយច្រកប៉ោយប៉ែត មិនព្រមចេញមុខមកដោះស្រាយ ជាមួយ​កម្មករទេ ដោយ​ព្យាយាមគេច។ ស្រ្តីខាងលើបញ្ជាក់ថា បើគ្មានការជួបចរចារជាក់លាក់ទេ នោះពួកគាត់មិនបើកផ្លូវវិញទេ។ បញ្ហា​របស់កម្មករគ្រប់គ្នា ជាបញ្ហាជីវិត។ ដូច្នេះ មិនគួរណា មន្ត្រីគយមិនអើពើបែបនេះសោះ។

ចំពោះការចោទប្រកាន់មន្រ្តីគយខាងលើ ថាបានព្យាយាមគេចពីពលរដ្ឋអ្នកអូសរទេះ ជារឿពិតឬយ៉ាងណា​នោះទេ ដោយទស្សនាវដ្ដីបានទាក់ទងទៅលោក ឈួន ហៃ ប្រធានច្រកប៉ោយប៉ែតខាងលើ តែទូរស័ព្ទរបស់​លោកមិនមានអ្នកទទួលទេ រហូតមកដល់ថ្ងៃត្រង់នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...