ហ៊ាង ឬទ្ធី៖ កម្ពុជា​គួរ​យក​គំរូ​«គ្រប់​គ្រង​ជន​អន្តោប្រវេសន៍» តាម​ថៃ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងបន្តដុតដៃដុតជើង ទទួលពលករខុសច្បាប់កម្ពុជា ច្រើនម៉ឺននាក់ ដែល​ត្រូវប្រទេសថៃចាប់បញ្ជូនត្រលប់មកវិញ ហើយរដ្ឋាភិបាលក៏កំពុងស្វែងរកដំណោះស្រាយការងារ សម្រាប់ពលករ​នៅ​ពេលបន្ទាប់ផងដែរ។ សម្រាប់គណបក្សសង្រ្គោះជាតិ បានចាត់ទុកវិបត្តិពលករដ៏រសើបនេះ ថាជាបរាជ័យ​នយោបាយ​សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ហើយថារដ្ឋាភិបាលអសមត្ថភាព ក្នុងការគ្រប់គ្រងពលរដ្ឋ និងប្រទេស។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងបន្តដុតដៃដុតជើង ទទួលពលករខុសច្បាប់កម្ពុជា ច្រើនម៉ឺននាក់ ដែល​ត្រូវប្រទេសថៃចាប់បញ្ជូនត្រលប់មកវិញ ហើយរដ្ឋាភិបាលក៏កំពុងស្វែងរកដំណោះស្រាយការងារ សម្រាប់ពលករ​នៅ​ពេលបន្ទាប់ផងដែរ។ សម្រាប់គណបក្សសង្រ្គោះជាតិ បានចាត់ទុកវិបត្តិពលករដ៏រសើបនេះ ថាជាបរាជ័យ​នយោបាយ​សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ហើយថារដ្ឋាភិបាលអសមត្ថភាព ក្នុងការគ្រប់គ្រងពលរដ្ឋ និងប្រទេស។


ពលរដ្ឋកម្ពុជាដែលចាប់ដាក់ក្នុងរថយន្ដទ្រុង ត្រូវបានដឹកបញ្ជូនមកដល់កម្ពុជា។ (រូបថត សហការី)

អន្តោប្រវេសន៍ - ចំពោះលោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្ស​នៅ​កម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា មើលឃើញថា រដ្ឋាភិបាកម្ពុជាមិនគួរមានភាពចន្លោះ​ប្រហោង​ធ្ងន់ធ្ងរ ដោយបណោ្តយឲ្យពលរដ្ឋរបស់ខ្លួន ទៅធ្វើការនៅក្រៅប្រទេសរាប់សែននាក់ តែបែជាបណ្តោយឲ្យជនជាតិ​យួនច្រើនសែននាក់ អាចរស់លើទឹកដីកម្ពុជាដោយសេរី។ លោក ហ៊ាង ឬទ្ធី បញ្ជាក់ថា៖ «ប្រជាជនយួនដែលបាន​ហូរចូលមកកម្ពុជាខុសច្បាប់ អាជ្ញាធរមិនអនុវត្តច្បាប់អន្តោប្រវេសន៍ បែរជាធ្វើអត្តសញ្ញាណប័ណ្ណឲ្យ។»

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះ លោក ហ៊ាង ឬទ្ធី បានវាយតម្លៃថា មេ​ដឹកនាំថៃ មិនថាយោធា ឬស៊ីវិលនោះទេ គឺមានឆន្ទៈពិតប្រាកដក្នុងការដឹកនាំប្រទេស និងការពារផលប្រយោជន៍​ជាតិគេ។ មន្ត្រីមេដឹកនាំអង្គការរូបនេះ បានពន្យល់ថា៖ «ថៃបញ្ជូនជនអន្តោប្រវេសន៍ខ្មែរចេញពីស្រុកគេ គេចង់​បញ្ជាក់ថាប្រទេសគេអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំប្រទេសឲ្យបានរុងរឿង ទៅមុខ។ តែរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យពលរដ្ឋខ្លួនរាប់សែននាក់ ជម្លៀសខ្លួនចេញទៅក្រៅប្រទេស។»

ជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាតាមរយៈមន្រ្តីរបស់ខ្លួន ត្រូវបានគេសង្កេតឃើញថា មានភាពសស្រាក់សស្រាំ ទាំង​មធ្យោបាយការទូត និងការអនុវត្តជាក់ស្តែង ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិពលករដ៏រំជើបរំជួលនេះ។ សម្រាប់​មន្រ្តីរដ្ឋាភិបាលកម្ពុជា លើសពីការទទូចឲ្យគ្រប់ភាគីខ្មែរមិនត្រូវវាយប្រហារគ្នា ហើយត្រូវសាមគ្គីគ្នា​ដោះស្រាយ​បញ្ហាចំពោះមុខនោះ លោក អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បញ្ជាក់កាលពីពេលថ្មីៗនេះថា៖ «រដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការដោះស្រាយការវិលត្រឡប់របស់ពលករ»។

ការជាប់គុក ឬបាត់បង់ជីវិត អត់បាយ អត់ទឹក បាត់ឥវ៉ាន់ ខ្វះលុយ បង់កិត្តិយសរបស់ពលករខ្មែរ និងមុខមាត់​ប្រទេស​កម្ពុជា លើឆាកអន្តរជាតិ មិនបានធ្វើឲ្យគណបក្សសង្រ្គោះជាតិស្ងប់ចិត្តនោះទេ ដោយគណបក្សជំទាស់នេះ បានទាញ​ការចាប់អារម្មណ៍ថា គេមិនត្រូវសម្លឹងមើលត្រឹមវិបត្តិពលករខ្មែរ ដែលបានកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះទេ តែ​គេ​ត្រូវមើលឲ្យដល់ឬសគល់នៃបញ្ហា នោះគឺការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសច្រើនឆ្នាំមកនេះ។

លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថ្មីៗនេះ ក្នុងសន្និសីទការសែត នៅស្នាក់ការគណបក្សរបស់ខ្លួន បាន​សម្តែងមន្ទិលថា មានអ្វីនៅពីក្រោយការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមិនហ៊ានបណ្តេញ​ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចេញពីប្រទេសកម្ពុជា ខណៈប្រទេសថៃមិនស្ទាក់ស្ទើរ ក្នុងការបណ្តេញ​ពលករ​បរទេសខុសច្បាប់ ដោយគ្រាន់តែយកហេតុផលរក្សាសន្តិសុខ​សណ្តាប់​ធ្នាប់ និងផលប្រយោជន៍ជាតិគេ មក​បញ្ជាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះ ពីក្នុងចំណោមពលករខ្មែរ ដែលគេដឹងថាមានចំនួនប្រហាក់​ប្រហែល៤៤ម៉ឺននាក់ ដែលបានធ្វើការនៅប្រទេសថៃនោះ យ៉ាងហោចណស់មានជាង១៥ម៉ឺននាក់ ត្រូវរបបយោធា​ថ្មីថៃ បញ្ជូនត្រលប់មកកម្ពុជាវិញ ជាបន្តបន្ទាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...