តំណាង UN នឹងដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង ជន២៣នាក់
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ (Maina Kiai) បានអះអាងថា លោករកវិធីយ៉ាងណាដើម្បីដាក់សម្ពាធ អោយរដ្ឋាភិបាលដោះលែង ជនជាប់សង្ស័យទាំង២៣នាក់។
លោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី។ (រូបថត freeassembly.net)
សិទ្ធិមនុស្ស - នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសហគមន៍បឹងកក់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ(Maina Kiai) បានថ្លែងថា «ខ្ញុំមានការបារម្ភមែនទែន ចំពោះការចាប់ខ្លួនអ្នកទាំង២៣នាក់។ ចំពោះខ្ញុំក៏ដូចជាផ្នែកផ្សេងទៀតនៅ UN នឹងព្យាយាមធ្វើយ៉ាងណា ដើម្បីរកសម្ពាធដាក់លើរដ្ឋាភិបាល អោយដោះលែងអ្នកជាប់ឃុំទាំងនោះ។»
ការថ្លែងរបស់អ្នករាយការណ៍ពិសេសរូបនេះ ធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋ នៅតំបន់បឹងកក់បានដាក់លិខិតអន្តរាគមន៍មួយទៅរូបលោកដើម្បីអោយជួយដោះលែងជនជាប់ចោទទាំង២៣នាក់។ អ្នកជាប់ឃុំទាំងនោះ រួមមានសកម្មជនការពារសិទ្ធិមនុស្ស២រូប សកម្មជនការពារសិទ្ធិលំនៅឋាន១រូប និងកម្មករ២០នាក់ផ្សេងទៀត អោយមានសេរីភាពឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ក្នុងពេលធ្វើសវនាការរបស់សាលាឧទ្ធរណ៍។ និងគោលបំណងនៃការអន្តរាគមន៍មួយទៀតគឺសូមអោយអន្តរាគមន៍លើរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជូបជុំគ្នាទាមទារយុត្តិធម៌ផ្សេងៗ របស់ប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ។
ចំពោះការមកដល់របស់តំណាងអង្គការសហប្រជាជាតិរូបនេះ មិនមែនមកជាលក្ខណៈផ្លូវការនោះទេ។ តាមការបញ្ជាក់របស់អ្នករាយការណ៍រូបនេះ ដំណើរមកកម្ពុជាលើកនេះ ដោយសារលោកចង់ដឹងពីសភាពការណ៍នៅកម្ពុជាថាយ៉ាងដូចម្តេច? សេរីភាពក្នុងការបញ្ចេញមតិឥលូវនេះ តើវាយ៉ាងដូចម្ដេចដែរ? លោកក៏នឹងកំពុងធ្វើសំណើរទៅរដ្ឋាភិបាលកម្ពុជា ដើម្បីអញ្ជើញលោកជាផ្លូវការ ដើម្បីមានឱកាសជជែកពិភាក្សាពីបញ្ហាសិទ្ធិសេរីភាពនៅកម្ពុជាផងដែរ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលណាម្នាក់បាននៅឡើយ ក្នុងរសៀលថ្ងៃទី០៧ ខែកុម្ភះនេះ។ តែកន្លងមករដ្ឋាភិបាលតែងអះអាងថា ការឃាត់ខ្លួននិងបញ្ជូនសំនុំរឿងទៅតុលាការ ដោយសារតែអ្នកទាំងនោះប្រព្រឹត្តិកំហុស នៅក្នុងបទ«ញុះញង់» បង្កឲ្យមានអំពើហិង្សា។ ការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ទៅលើការប៉ុនប៉ងជួបជុំនិងការធ្វើបាតុកម្មកន្លងមក គឺសំដៅរក្សាស្ថេរភាពនិងសណ្ដាប់ធ្នាប់សាធារណៈសង្គម។
ប្រតិកម្មទៅនឹងការបង្រ្កាប និងការរិតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ដោយអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាកន្លងមក លោក ម៉ៃណា គីអៃ បានថ្លែងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថាសិទ្ធិក្នុងការជួបជុំ ជាសិទ្ធសេរីភាពចំបងជាងគេ ក្នុងចំណោមសិទ្ធិសេរីផ្សេងៗទៀត។ រដ្ឋាភិបាលគ្មានសិទ្ធិយកលេសអ្វី មកសម្លាប់ប្រជាជនបានទេ ហើយលក្ខខណ្ឌនេះ មិនអាចទទួលយកបានទេនៅក្នុងច្បាប់អន្តរជាតិ។ ការប្រើកម្លាំងត្រូវតែមានសមាមាត្រ ហើយត្រូវតែធ្វើដោយសន្តិវិធី រីឯការប្រើកម្លាំងទៀតសោត លុះត្រាតែក្នុងករណីចាំបាច់បំផុត។»
ក្នុងជំនួបជាមួយអ្នកនៅតំបន់បឹងកក់នោះដែរ លោកម៉ៃណា គីអៃ បានអះអាងថា នៅថ្ងៃទី១១ ខែកុម្ភះខាងមុខ អ្នកទាំង២៣នាក់ មានសង្ឃឹមច្រើន ក្នុងការដោះលែងអោយមានសេរីភាពឡើងវិញ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៤