បុគ្គលិកកាល់តិច ថាកូដកម្មនឹងមិនបញ្ចប់ បើគា្មនដំណោះស្រាយ
បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភានេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សាគោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។
បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------
ប្រាក់ខែកម្មករ - បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិចជិត៣០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែឧសភាកន្លងមកនេះ បាននាំគ្នាធ្វើកូដកម្ម នៅស្ថានីយន៍ចំនួន១៧ ទូទាំងរាជធានីភ្នំពេញ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ ក្នុងមួយខែ និងប្រាក់ខែមួយទី១៣ ព្រមទាំងល័ក្ខខណ្ឌការងារមួយចំនួនទៀត។
អ្នកស្រី អ៊ំ សុកញ្ញា ជាបុគ្គលិកផ្នែកចាក់សាំងរបស់ក្រុមហ៊ុនកាល់តិច បានប្រាប់ឱ្យដឹង ការទាមទាររបស់អ្នកស្រី ដើម្បីទទួលបានប្រាក់ខែ១១៦០ដុល្លានេះ វាជារឿងមួយដែលសមរម្យស្របតាមតម្លៃទំទិញ នៅលើទៅផ្សារ និងការចំណាយសម្រាប់ការរស់នៅក្នុងរាជធានី។ អ្នកស្រីបន្តថា អ្នកស្រីធ្វើការនៅក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិចនេះ ជិត១៨ឆ្នាំហើយ រីឯប្រាក់ខែវិញមិនទាំងបាន១០០ដុល្លាផង ទើបតែមួយខែចុងក្រោយនេះទេ ដែលក្រុមហ៊ុនតម្លើងបាន១១០ដុល្លា ចំណែកប្រាក់រង្វាន់វិញ គឺមិនដែលទទួលបាននោះទេ។
បុគ្គលិករូបនេះបន្ថែមថា «កាលពីមុន ក្រុមហ៊ុនបានឱ្យប្រាក់ខែទី១៣ ពួកខ្ញុំជារៀងរាល់ដំណាច់ឆ្នាំ។ ប៉ុន្តែឥលូវនេះ គាត់បានកាត់ផ្តាច់ឈប់ឱ្យពួកខ្ញុំ អញ្ចឹងខ្ញុំចង់បានប្រាក់ទី១៣នេះឡើងវិញ។ ពួកខ្ញុំអត់យល់ដែរលក់កាន់តែដាច់ ប្រាក់ខែកាន់តែកាត់។»
បុគ្គលិកផ្នែកចាក់សាំងម្នាក់ទៀតមិនបានបញ្ចេញឈ្មោះ ក៏បានឱ្យដឹងដែរថា ក្រុមខ្លួននឹងធ្វើបាតុកម្មនេះ ដរាបណាក្រុមហ៊ុមមានដំណោះស្រាយ ជាមួយសហព័ន្ធនិងកម្មករមានការយល់ព្រមព្រៀងទាំងសងខាង។
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង កាល់តិច។ រូបថត D.KEO/MONOROOM.info
លោក ឡុង វុទ្ធី មន្រ្តីរបស់សមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា ការទាមទាររបស់បុគ្គលិកក្រុមហ៊ុនកាល់តិច គឺសមស្របតាមច្បាប់ការងារ ព្រោះនៅតាមក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន ប្រាក់ខែរបស់កម្មករគឺមានចំនួនច្រើន ជាងក្រុមកាល់តិចនេះ។ បញ្ហាមួយទៀត ពួកគាត់ជាកម្មករធ្វើការចាក់សាំង គឺប៉ះពាល់ដល់សុខភាព។ លោកបន្តថា៖ «ការធ្វើការប្រាក់ខែប្រចាំថ្ងៃនេះតិចណាស់ ថាឱ្យប្រចាំថ្ងៃគឺបានតែមួយរស់ បើថាឱ្យសល់គឺមិនសល់ទេ ដល់ពេលអាយុច្រើនទៅចាំតែថ្ងៃស្លាប់។
មន្រ្តីតស៊ូមតិរូបនេះ បានពន្យល់ទៀតថា បន្ថែមពីការទាមទារសុំតម្លើងប្រាក់ខែ១៦០ដុល្លា និងប្រាក់ខែទី១៣ ឬប្រាក់ដំណាច់ឆ្នាំ បុគ្គលិកក្រុមហ៊ុនកាល់តិច ទាមទារល័ក្ខខណ្ឌមួយចំនួនទៀត ដូចជា ទាមទារឱ្យមានបុគ្គលិកផ្នែកអនាម័យឱ្យបានជាប់ និងមានចំនួនច្រើនជាងមុន ដើម្បីមានភាពងាយស្រួល មានភាពស្អាតនៅក្នុងក្រុមហ៊ុន និងទាមទារឱ្យមានពេទ្យប្រចាំការ នៅក្នុងក្រុមហ៊ុនជាប់ជានិច្ច ព្រោះពួកគាត់ធ្វើការក្នុងផ្នែកនេះ ប្រឈមនឹងគ្រោះថ្នាក់ច្រើន។
លោកអះអាយ៉ាងដូច្នេះថា ក្រុមហ៊ុនកាល់តិចជាក្រុមហ៊ុមរបស់សហរដ្ឋអាមេរិក មានស្ថានីយចាក់សាំងនៅរាជធានីភ្នំពេញ ចំនួន១៧ និងរកចំណូលបានមិនតិចជាង៤០ម៉ឺនដុល្លាឡើយក្នុងមួយថ្ងៃៗ។ លោកថ្លែងទៀតថា កាលពីមុនក្រុមហ៊ុននេះ មានល័ក្ខខណ្ធការងាររបស់គាត់ល្អប្រសើរដែរ តែផ្ទុយមកវិញ ក្នុងរយៈកន្លងមកនេះ ល័ក្ខខណ្ឌការងារកាន់តែថយចុះទៅៗ។
រហូតមកដល់ពេលនេះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់អាចសុំការបំភ្លឺ ពីអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនកាល់តិចនៅឡើយ៕