អំ សំអាត៖ រដ្ឋាភិបាលមិនហ៊ានស្តោះទឹកមាត់ ដាក់ទ្រូងឯង
- ដោយ: ប្រាថ្នា អត្ថបទ ៖ ប្រាថ្នា ([email protected]) យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 03, 2015
- ប្រធានបទ: ខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ នៅក្នុងព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ នៅលើផ្លូវវ៉េងស្រេង សុទ្ធតែទទូចដល់រដ្ឋាភិបាល ឱ្យធ្វើការស៊ើបអង្កេតរកជនប្រព្រឹត្តិមកផ្តន្ទាទោស ប៉ុន្តែការស្នើសុំ ហាក់មិនមានការយកចិត្តទុកដាក់ ពីរដ្ឋាភិបាលប៉ុន្មានទេ។ ចំពោះការមិនយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតនេះ ត្រូវបានលោក អ៊ំ សំអាត យល់ថា នោះដោយសារ តែកងកម្លាំងដែលប្រើអំពើហិង្សា និងបាញ់សម្លាប់កម្មករ គឺជាកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល។
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការសិទ្ធិមនុស្សលីកាដូ រូបនេះ បានពន្យល់ថា៖ «គេអត់ហ៊ានធ្វើការស៊ើបអង្កេតរកយុត្តិធម៌ទេ ពីព្រោះកាលណាស៊ើបអង្កេតទៅ វាហាក់ដូចស្តោះទឹកមាត់លើទ្រូងឯង ព្រោះរដ្ឋាភិបាលជាអ្នកបញ្ចេញកម្លាំង ដើម្បីធ្វើការបង្រ្កាបទៅលើកម្មករ អញ្ចឹងរកទៅវាពាក់ព័ន្ធ ទៅនឹងការបង្រ្កាប អញ្ចឹងគឺរកយុត្តិធម៌ ឬក៏ស៊ើបអង្កេតទៅរកជនដៃដល់អត់មានទេ។»
លោកអះអាងថា នេះជាបញ្ហានិទណ្ឌភាពមួយ យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ បញ្ហានិទណ្ឌភាពនេះ វាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធយុត្តធម៌នៅក្នុងប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ។ មិនត្រឹមតែប៉ុណ្ណោះវាបានរំលោភ ទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ថែមទៀតផង។
ពន្លឺយុត្តិធម៌គ្មានទេ សម្រាប់ជនរងគ្រោះ
លោក អំ សំអាត បានថ្លែងបន្តថា មកទល់ពេលមួយឆ្នាំគត់ដែលអ្នកដែលស្លាប់ និងរងរបួស ដោយសារការបង្រ្កាបរបស់កម្លាំងសមត្ថកិច្ចរដ្ឋភិបាល នៅមិនទាន់ទទួលបាននូវយុត្តិធម៌ មិនទាន់ចាប់អ្នកដែលប្រើអំពើហិង្សា បាញ់សម្លាប់កម្មករមកដាក់ទោស។ លោកបន្តថា ផ្ទុយទៅវិញ អ្នកទាំង២៣នាក់ដែលគេឃើញថា គ្មានកំហុសសោះ បែរជាត្រូវបានគេចាប់ពន្ធនាគារ និងតំណាងសហជីពចំនួន៦ ត្រូវបានតុលាការកោះហៅសាកសួរ ទាក់ទងនឹងអំពើហិង្សានៅផ្លូវវ៉េងស្រេងនេះ។
លោកបានបន្ថែមថា៖ «ប៉ុន្តែអ្នកដែលបង្រ្កាបអ្នកដែលបង្កឱ្យមនុស្សស្លាប់ និងរងរបួស សួរថាតើមានការកោះហៅនរណាម្នាក់មកបំភ្លឺ ឬក៏យកទៅផ្តន្ទាទោសទេ? ផ្ទុយទៅវិញ ការស៊ើបអង្កេតបែរជាឆ្លើយទៅលើគណបក្សសង្រ្គោះជាតិ ថាជាអ្នកញុះញង់ អញ្ចឹងគ្រាន់តែជាការឆ្លើយដោះសារដាក់គ្នា គេចពីការទទួលខុសត្រូវ។»
នៅក្នុងថ្ងៃរម្លឹកខួបនៃការបង្រ្កាប និងធ្វើពិធីបង្សុកូល ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ឋកម្មករ ដែលស្លាប់ក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាប នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤នេះដែរ ព្រះសង្ឃ សង្គមស៊ីវិល និងប្រជាពលរដ្ឋ បានស្នើឱ្យប្រធានរដ្ឋសភានៃប្រទេសកម្ពុជា ធ្វើការកោះហៅរដ្ឋមន្រ្តីក្រសូងការពារជាតិលោក ទា បាញ់ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីមកបំភ្លឺនៅរដ្ឋសភាជាតិ លើករណីបាញ់សម្លាប់ ចាប់ខ្លួន និងបាត់ខ្លួនកម្មករ៕