ថ្ងៃ​ទី​២-ទី​៣ មករា ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត នៃ​ការ​បង្រ្កាប​ដ៏​ព្រៃ​ផ្សៃ​នៅ​កម្ពុជា?

«ថ្ងៃ៣ មករា ១៦០ដុល្លារ ប្រហាររាស្ត្រខ្មែរ» នៃជាពាក្យស្លោកដែលកម្មករ ព្រះសង្ឃ អ្នកមានជម្លោះដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល នៅព្រឹកថ្ងៃទី៣ មរាកនេះ ធ្វើពិធីរម្លឹកខួបនៃការបង្រា្កប និងពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយ​ការ​បង្ក្រាប​យ៉ាង​ហិង្សា នៅផ្លូវវ៉េងស្រេង កាលពីមួយឆ្នាំកន្លងទៅ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវ និង​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ ប្រាថ្នា ([email protected]) យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 03, 2015
  • ប្រធានបទ: ខួប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាថ្ងៃ​ប្រវត្តិ​សាស្រ្ត​ចារ​យ៉ាង​ច្បាស់ គឺ​ជា​ថ្ងៃ​ដែល​យើង​ទាម​ទារ សម្រាប់​សិទ្ធិ​សេរី​ភាព ការ​រស់​នៅ​របស់​កម្មករ ក៏​ដូច​ជា​មន្រ្តី​រាជការ​ខ្មែរ។ ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត ដែល​សមត្ថកិច្ច​ខ្មែរ​ដែល​មាន​តួនាទី​ការពារ​ពលរដ្ឋ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រវត្តិ​សាស្រ្ត​បាន​ចារ​យ៉ាង​ច្បាស់​ថា គឺ​ជា​ថ្ងៃ​ដែល​សមត្ថកិច្ច​ខ្មែរ បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ស្លូត​ត្រង់ ដែលទាម​ទារ​នូវ​ប្រាក់​ខែ និង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។»

ឃ្លា​ខាង​លើ​នេះ ជា​សម្ដី​រម្លឹក​ឡើង​វិញ​របស់​លោក វ៉ន ពៅ ដែល​​ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​ត្រូវ​ទទួល​រង​នូវ​ការ​បង្រ្កាប និង​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​កម្លាំង​ទ័ព​ឆ័ត្រ​យោង​៩១១ និង​ក្រុម​កម្មករ នៅ​មុខ​រោង​ចក្រ​យ៉ាកជីន កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ លោក វ៉ន ពៅ បាន​រៀប​រាប់​ទាំង​អារម្មណ៍​ដិត​ដាម នូវ​ភាព​ឈឺ​ចាប់​បន្ត​ថា ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដ៏​មហា​ឈឺ​ចាប់​ក្តុក​ក្ដួល​រំជួល​ឱរ៉ា សម្រាប់​លោក​ផ្ទាល់ ក៏​ដូច​ជា​កម្មករ​ជា​ច្រើន​នាក់​ផ្សេង​ទៀត នៅ​ពេល​នឹក​ឃើញ​ថ្ងៃ​នេះ​ឡើង​វិញ។

លើកបង្ហាញពីអាវប្រឡាក់សុទ្ធតែឈាម ជាអាវដែលលោកពាក់ក្នុងថ្ងៃចូលរួមឃ្លាំមើល ការធ្វើបាតុកម្ម​ទាមទារ​ប្រាក់ខែ១៦០ដុល្លារ របស់កម្មរកម្ពុជា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​រូប​នេះ បានរម្លឹកពីហេតុការដែលកងកម្លាំងទ័ពឆ័ត្រយោង ៩១១ ប្រើអំពើហិង្សាយ៉ាងសាហាវេព្រៃផ្សៃ មកលើរូប​លោក​នៅមុខរោងចក្រយ៉ាកជិន និងត្រូវបានគេចាប់ដាកពន្ធនាគារត្រពាំងផ្លុង អស់រយៈពេល៥ខែ។

លោកនិយាយបន្តថា «នៅពេលដល់ថ្ងៃនេះ ឡើងខ្ញុំនឹកឃើញយ៉ាងច្បាស់ថា ហេតុអ្វីបានជាយើង​ត្រូវគេធ្វើ​ទុក្ខ​បុកម្នេញ គ្រាន់តែយើងទាមទារដើម្បីរស់តែប៉ុណ្ណោះ គឺជារឿងដ៏មហាសែនឈឺចាប់​សម្រាប់យើងជាប្រជា​ពលរដ្ឋខ្មែរ ហើយគឺជាថ្ងៃមួយ ដែលបង្ហាញពីការយកចិត្តទុក្ខដាក់ផងដែរ ពីសំណាក់អង្គការសង្គមស៊ីវិល។ ចាប់ពីថ្ងៃនេះទៅ សូមអំពាវនាវឱ្យសមត្ថកិច្ចសូមបញ្ឈប់ជាបន្ទាន់ ក្នុងប្រើអំពើហឹង្សាលើប្រជាពលរដ្ឋខ្មែរ។»។

លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃទី​២-ទី៣ មករា ជាថ្ងៃមួយដែប្រជាពលរដ្ឋខ្មែរត្រូវតែចងចាំទាំងអស់គ្នា ហើយថ្ងៃមួយនេះ ដែលបញ្ជាក់ថា កម្មករ​កំពុងតែទាមទាររកយុត្តិធម៌។ លោកសង្ឃឹមថា កម្មករដែលបាត់បង់ជីវិតទាំង៥នាក់ និងអ្នករបួសដទៃទៀត និងទទួលបានយុត្តិធម៌ឆាប់ៗនេះ។

លោកបានថ្លែងបន្តទៀតថា៖ «ការចង់ចាំនេះ ខ្ញុំជឿថាជាកម្លាំងចិត្តដើម្បីឱ្យប្រជាលរដ្ឋកម្ពុជា ក៏ដូចជាកម្មករ​ទាំងអស់ ជម្រុញឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។ យើងត្រូវចាំថា យុត្តិធម៌វានៅចាំ ឱ្យតែយើងខិតខំ​នាំ​គ្នាទៅយកវា បើសិនជាយើងមិនបបួលគ្នាទៅយកវាទេ គឺគ្មានថា្នក់ដឹកនាំប្រទេសយកយុត្តិធម៌មកឱ្យ​យើង​ទេ។»

ព្រឹត្តិការណ៍បាញ់បង្ក្រាបប្រឆាំងក្រុមអ្នកតវ៉ា ទាមទារប្រាក់ខែ១៦០ដុល្លារ កាលពីដើមឆ្នាំ២០១៤ កន្លងទៅ​របស់ក្រុមសមត្ថកិច្ចចម្រុះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ ក្នុងនោះម្នាក់បានបាត់​ខ្លួនរកមិនទាន់ឃើញ។ មនុស្សជាង ៤០នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល។ ក្នុងនោះមន្ត្រីអង្គការ​សង្គម​ស៊ីវិល កម្មករ ២៣នាក់ ត្រូវចាប់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...