ប៊ិន ឈិន និង គួយ ប៊ុនរឿន មើលមុខគ្នាលែងចំ? (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី([email protected]) -យកការណ៍ ៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 03, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អត្តសញ្ញាណរបស់អ្នកបោះឆ្នោត» ជាដំណាក់កាលចាស់ នៃកិច្ចពិភាក្សាលើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដ៏ចម្រូងចម្រាស ដែលបានធ្វើឲ្យលោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ឈានមកដល់របត់ថ្មី ដែលហាក់ដូចជាបានបង្ហាញ នូវការមិនពេញចិត្តនឹងគ្នា ឬអាចនិយាយថា មើលមុខគ្នាមិនចំ។
នាវិមានរដ្ឋសភាជាតិ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នេះ ក្រុមការងារបច្ចេកទេសរៀបចំការបោះឆ្នោត នៃគណបក្សទាំងពីរ បានជួបប្រជុំជាថ្មីលើបញ្ហាចាស់ ដែលពីសប្តាហ៍មុន នៅមិនអាចដោះស្រាយបាន ពាក់ព័ន្ធនឹងការចេញអត្តសញ្ញាណថ្មី សម្រាប់បញ្ជាក់អ្នកបោះឆ្នោត ជំនួសអត្តសញ្ញាណប័ណ្ឌសញ្ជាក់ពីសញ្ញាតិ។
តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហាសំខាន់នៃការមិនឯកភាពគ្នា រវាងគណបក្សទាំងពីរ គឺលើបញ្ហាបួនចំណុចសំខាន់ៗ រួមមាន អត្តសញ្ញាណសម្រាប់អ្នកបោះឆ្នោត, ពេលវេលានៃការចុះឈ្នោះបោះឆ្នោត, ឯកសារច្បាស់លាស់ នៃការចុះឈ្មោះបោះឆ្នោត និងចំនួនអាសនៈនៅក្នុងរដ្ឋសភា នៃអ្នកតំណាងរាស្ត្រ។ យ៉ាងណាក៏ដោយលោកបន្តថា សម្រាប់ឯកសារចុះឈ្មោះបោះឆ្នោត គណបក្សទាំងពីរបានសម្រេចយក អត្តសញ្ញាណប័ណ្ណ«សញ្ជាតិខ្មែរ»ជាគោល។
សម្រាប់តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន វិញ នៅតែប្រកាសពីជំហរ ក្នុងការបដិសេធ នូវអ្វីដែលខាងតំណាងសង្គ្រោះជាតិបានលើកឡើង ដោយឈរលើគោលការណ៍ សម្រាប់អ្នកបោះឆ្នោត មានត្រឹមតែមានអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ។ លោកបានបញ្ជាក់នូវមូលហេតុដូច្នេះថា «គណបក្សប្រជាជនប្រកាន់ជំហរដូចនេះ ព្រោះមិនចង់ឲ្យមានការចំណាយថវិកាជាតិ សម្រាប់ធ្វើប័ណ្ណបោះឆ្នោតថែមទៀត។ អីចឹងត្រឹមតែមានអត្តសញ្ញាណប័ណ្ឌបានហើយ និងមានការងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋទុកដាក់ផង។»
លោក ប៊ិន ឈិន បន្តថា ជំហរគណបក្សប្រជាជនកម្ពុជាចង់ឲ្យប្រជាពលរដ្ឋ មានត្រឹមអត្តសញ្ញាណប័ណ្ណ«សញ្ជាតិខ្មែរ» តែមួយទៅចុះឈ្មោះបោះឆ្នោត និងសម្រាប់ប្រើ នៅពេលបោះឆ្នោត។ លោកបន្តថា ពុំចាំបាច់មានប័ណ្ណបោះឆ្នោតផ្សេងទេ។ ហើយករណី «គ្មាន ខូច ឬបាត់» អត្តសញ្ញាណប័ណ្ណ នោះត្រឹមតែមានលិខិតបញ្ជាក់អត្តសញ្ញាណ និងមានការធានាពីប្រជាពលរដ្ឋបីរូប ដែលបានទៅចុះឈ្មោះបោះឆ្នោតរួច ទៅធានានៅពេលចុះឈ្មោះ ជាការស្រេច។
ឯលោក លោក គួយ ប៊ុនរឿន នៅតែបង្ហាញការមិនពេញចិត្ត នឹងសកម្មភាពចាស់ជា«ដដែលៗ»នេះទេ ព្រោះវាបានធ្វើឲ្យ គ.ជ.ប បាត់បង់នូវទំនុកចិត្តជាច្រើន ពីប្រជាពលរដ្ឋនាពេលកន្លងមក។ លោកបន្តថា អ្វីដែលគណបក្សសង្គ្រោះជាតិលើកឡើង ក៏ព្រោះតែចង់ឲ្យមានភាពច្បាស់លាស់ក្នុងការចុះឈ្មោះ។ លោកលើកឧទាហរណ៍ថា ដូចពេលកន្លងមក មាននូវការបាត់ឈ្មោះ ជាន់ឈ្មោះ ឈ្មោះស្ទួន ឬបញ្ជីឈ្មោះប៉ោងជាដើម។ លោកបន្តថា ដូច្នេះលោកឯកភាពលើការប្រើប្រាស់នូវ អត្តសញ្ញាណប័ណ្ឌ ទុកជាមូលដ្ឋានគ្រិះក្នុងការចុះឈ្មោះប៉ុណ្ណោះ។ លោកថា តែត្រូវមានអបដោយ «ប័ណ្ឌអ្នកបោះឆ្នោត»មួយទៀត (ដូចសម័យអ៊ុនតាក់) ទើមមានសិទ្ធិគ្រប់គ្រាន់ដើម្បីបានបោះឆ្នោត។
សូមស្តាប់កិច្ចសម្ភាស របស់លោក គួយ ប៊ុនរឿន និង លោក ប៊ិន ឈិន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម ដើម្បីបានជ្រាបច្បាស់នូវបញ្ហា ការធ្វើប្រតិភូកម្មអំណាច ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ជ.ជ.ប) ទៅក្រុមប្រឹក្សាឃុំសង្កាត់បំពេញតួនាទី ជាតំណាង គ.ជ.ប ក្នុងការពិនិត្យបញ្ជី ការចុះឈ្មោះបោះឆ្នោត និងការតវ៉ានានាដែលពាក់ព័ន្ធ៖
(វីដេអូរួចរាល់ ក្នុងពេលបន្តិចទៀត)