ភរិយា អ៊ុក ពេជ្រសំណាង ថា​តុលាការ​ចាត់​ទុក​ប្តី​អ្នកស្រី ដូច​សត្វ

ការប្រកាស លើកសវនាការ ទៅពេលក្រោយ លើសកម្មជន គណបក្សសង្គ្រោះជាតិ បានធ្វើឲ្យភរិយាជនជាប់ចោទម្នាក់ វាយតម្លៃថា តុលាការមួយនេះ កំពុងចាត់ទុកប្ដីខ្លួន ដូចជាសត្វពពែ ឬចៀម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 28, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភរិយារបស់ជនជាប់ចោទមួយរូប បានថ្លែងបរិហា តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលទើបនឹងប្រកាស​លើក​ពេល សវនាការកាត់ទោស ថាបានបំពាន និងចាត់ទុកជនជាប់ចោទ ដូចជាសត្វធាតុ។ អ្នកស្រី ធិន ណារិន ភរិយា​លោក អ៊ុក ពេជ្រសំណាង ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ ទាំង១១នាក់ បានសម្ដែងក្ដី​អស់​សង្ឃឹម ចំពោះវិធានការច្បាប់ របស់តុលាការ ដែលកំពុងអនុវត្តនៅពេលនេះ ទៅលើស្វាមីរបស់ខ្លួន។

អ្នកស្រីបានថ្លែងឡើងថា៖ «អត់បាយ អត់ទឹក បញ្ជូនគ្នាហើយ បញ្ជូនទៀត ដូចប្រហែលសត្វពពែ និងសត្វចៀម មិន​បាន​គិត ឬចាត់ទុកថា យើងជាមនុស្ស។ ខ្ញុំមានការខ្លោចផ្សារណាស់។ (...) តុលាការមិនបង្ហាញ នូវហេតុផលណាមួយ ថានឹងដោះលែងឡើយ។»

អ្នកស្រីបានបន្តថា តាំងពីថ្ងៃ ដែលត្រូវបានតុលាការ បានចាប់ខ្លួនស្វាមីអ្នកស្រី មកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ដែលតុលាការនៅតែប្រកាស លើកពេលនេះ មានរយៈពេល៦ខែ ហើយ។ ការលើកថ្ងៃជាបន្តបន្ទាប់ របស់តុលាការ បាន​ធ្វើឡើងទៀត រហូលដល់ថ្ងៃទី២០ ខែមេសា ក្រោយចូលឆ្នាំខ្មែរ។ អ្នកស្រី ធិន ណារិន បានបញ្ជាក់ឲ្យដឹងថា៖ «មិន​ដឹង​គេយល់យ៉ាងម៉េច បានជាមិនឲ្យគាត់នៅក្រៅឃុំ។ ខ្ញុំគ្មានសង្ឃឹមទេ ព្រោះតុលាការនេះ គ្មានភាពយុត្តិធម៌ផង។ មិន​មែន​តុលាការបំរើរាស្រ្តផង ជាតុលាការបក្ស។»

អ្នកស្រីបានបង្ហាញ ការជឿជាក់ថា បើមើលតាមភស្តុតាង សាក្សី និងច្បាប់ ប្តីអ្នកស្រីដាច់ខាត ត្រូវនឹង​តុលាការដោះ​លែង ក្នុងថ្ងៃនេះតែម្តង។ តែព័ត៌មាន ដែលបានបង្ហើប ឲ្យអ្នកស្រីបានដឹង ដែលធ្វើឲ្យមានក្ដីសង្ឃឹម ថានឹងអាចជួបជុំ​ជា​មួយ​ស្វាមី នៅពេលចូលឆ្នាំថ្មីនេះ បានរលាយ​សូន្យសុង ដោយសារការលើកពេល ធ្វើសវនាការរបស់តុលាការ។ អ្នកស្រី​និយាយថា៖ «មានអ្នកកាន់អំណាច នៅពីក្រោយខ្នងគាត់ ដូច្នេះគាត់មិនហ៊ានសម្រេច ខ្លួនគាត់ទេ។ គាត់មិន​ហ៊ាន​សម្រេចថា ដោះលែងទេ។ (...) ត្រូវដោះលែងថ្ងៃហ្នឹង បែជាក្រឡាស់ ថាទៅថ្ងៃក្រោយទៅវិញ គ្មានអ្វីសង្ឃឹមទេ ខ្ញុំអស់ជំនឿលើតុលាការហើយ។»

សូមបញ្ជាក់ថា ពេញមួយថ្ងៃ នៃសវការរបស់សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ម្សិលម៉ិញនេះ តុលាការ​បានសួរដេញដោល តែទៅលើជនជាប់ចោទម្នាក់ប៉ុណ្ណោះ គឺលោក អឿ ណារិទ្ធិ ជាសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និងជាជំនួយការ របស់អ្នកស្រី មូរ សុខហួរ។ ជនជាប់ចោទ ៩នាក់ ផ្សេងទៀត ដែលរួមមានលោក មាជ សុវណ្ណារ៉ា នោះ មិនទាន់ត្រូវបានតុលាការ សាកសួរនៅឡើយ។ ហើយសវនាការនេះ នឹងត្រូវសាកសួរបន្ត ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ គឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ខាងមុខ។

ខាងការពារក្ដី លោកមេធាវី ចាន់ ចេង និងលោក មេធាវី ហែម សុជាតិ បានចាត់​ទុកការសារសួរ និងការពន្យាពេល ជា​បន្ត​បន្ទាប់​នេះថា ពិតជាមានពាក់ព័ន្ធនឹងរឿងនយោបាយ។

មិនអាចទាក់ទងមន្ត្រីចៅក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការបកស្រាយ ពីការលើកសវនាការបានទេ នៅពេលភ្លាមៗនេះ។

លោក អ៊ុក ពេជ្រសំណាង អាយុ៥២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ ឲ្យនាំខ្លួនរបស់លោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ចោទ ពីបទដឹកនាំកុបកម្ម បទញុះញង់ ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និងបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច​លើ​ស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...